កម្លាំងសន្តិសុខមីយ៉ានម៉ា បានសម្លាប់មនុស្ស២៥នាក់ពេលប៉ះទង្គិចគ្នាជាមួយក្រុមកម្លាំងទាហានស្ថិតនៅក្នុងស្រុក Depayin មានចម្ងាយពីទីក្រុង ណៃពីដោ ប្រមាណ៣០០គីឡូម៉ែត្រ នៅភាគខាងជើង នាថ្ងៃទី៣ខែកក្កដា ។
នៅថ្ងៃទី ៤ខែកក្កដា សារព័ត៌មាន Global New Light of Myanmar បានឱ្យដឹងថា ក្រុមភេរវកម្មប្រដាប់ដោយអាវុធ បានបើកការវាយប្រហារទៅលើទីតាំងរបស់កម្លាំងសន្តិសុខនៅតំបន់ Depayin សម្លាប់មនុស្សជាច្រើននាក់និងរបួស៦នាក់។ ក្រុមវាយប្រហារបានដកខ្លួនចេញក្រោយកម្លាំងទាហានវាយបកវិញ។ ក្រោយការវាយប្រហារគ្នា គេបានរកឃើញសាកសពអ្នកស្លាប់កើនឡើងដល់២៥នាក់ ។
មីយ៉ាន់ម៉ាធ្លាក់ក្នុងស្ថានភាពអាសន្នក្រោយការធ្វើរដ្ឋប្រហារនៅថ្ងៃទី១ខែកុម្ភៈដោយបានចាប់ខ្លួនមេដឹកនាំរដ្ឋាភិបាលស៊ីវិល ក្នុងនោះមានប្រធានាធិបតីនិងលោកស្រី
អោងសាន ស៊ូជី ផងដែរ ។
មានក្រុមប្រដាប់អាវុធប្រមាណ២០ ក្រុមដែលជាក្រុមជនជាតិភាគតិចបានតស៊ូធ្វើសង្គ្រាមជាច្រើនទសវត្សរ៍កន្លងមកនៅតំបន់ព្រំដែនប្រទេសមីយ៉ាន់ម៉ា ។ នៅពេលនេះក្រុមទាហានជនជាតិភាគតិចបានរួមគ្នាជាមួយរដ្ឋាភិបាលស្រមោលដើម្បីប្រឆាំងរដ្ឋាភិបាលដឹកនាំដោយយោធា ៕ដោយ៖ ធីរីណា
រូបភាព៖AFP+TTXVN