ព័ត៌មានទាន់ហេតុការណ៍៖

បន្តបិទផ្សារសាមគ្គី(ផ្សារប៉ាហ៊ី)១៤ថ្ងៃទៀត ដោយសារអាជីវករមួយចំនួនបំពានបំរាម

ចែករំលែក៖

​ខេត្ត​ប៉ៃលិន​៖  ផ្សារ​សាមគ្គី​ហៅ (ផ្សារ​ប៉ា​ហ៊ី​) ស្ថិតនៅ​ភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន រហូតមកដល់​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០២១​នេះត្រូវបាន​អាជ្ញាធរបន្ត​បិទ​បន្ថែម១៤ថ្ងៃទៀត ក្រោយពី​សង្កេតឃើញ​មាន​អាជីវករ​មួយចំនួន ដែល​លក់ដូរ​នៅក្នុង​ផ្សារនេះល្មើ​សនឹង​បំរាម ដោយ​នាំគ្នា​ទៅ​បើក​តូប​លក់ដូរ មុន​ថ្ងៃ​ប្រកាស​ឲ្យ​បើក​ដំណើរការ​។​

មន្រ្តីរដ្ឋបាលក្រុងប៉ៃលិនបានឲ្យដឹងថា ​ហេតុការណ៍​ហ៊ុំព័ទ្ធ​ខ្សែ​ពណ៌​លឿង បិទ​ខ្ទប់​បន្ថែម ១៤​ថ្ងៃ​ទៀត​នេះ គឺធ្វើឡើង កាលពី​ព្រឹក​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០២១ ម្សិលមិញនេះ ក្រោយពី​បិទ​អស់​រយៈពេល ១៥​ថ្ងៃ​មកហើយ គឺ​ចាប់​បិទ​ផ្សារ​តាំងពី​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២១ ដោយ​គ្មាន​ថ្ងៃ​កំណត់ ក្រោយពី​រកឃើញ​អាជីវករ កើតមាន​ជំងឺ​កូ​វីដ​-១៩​ ហើយមកដល់ពេលនេះមានអាជីវករមួយចំនួនមិនគោរពតាមការណែនាំដោយនាំគ្នាបើកតូបលក់ដូរដោយសេរី។​

ក្រុមអាជីវករខ្លះ បាន​ឲ្យ​ដឹងថា ពួកគាត់ទទួលបាន​ដំណឹង​តៗ​គ្នា​ថា ខាង​គណ​:​កម្ម​ការ​ផ្សារ ឲ្យ​មក រៀបចំ​បោសសម្អាត​តូប និង​ត្រៀម​លក់ដូរ​ឡើងវិញ ទើប​ពួកគាត់​នាំគ្នា មក​បើក​បន្តបន្ទាប់​គ្នា​តែម្តង​។ ម្យ៉ាងវិញទៀត ដោយ​សង្កេតឃើញ មាន​អ្នកខ្លះ មក​បើក​តូប​លក់​ធម្មតា ព្រោះព្រួយបារម្ភ​ពី​ជីវភាព​ប្រចាំថ្ងៃ​។​

លោក អ៊ុន ប៊ុនលី នាយក​រដ្ឋបាល​សាលាខេត្ត​ប៉ៃលិន បាន​ប្រាប់ថា ដោយ​គេ​មិនទាន់​គ្រប់គ្រង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ផ្សារ​នេះ បាន​ទាំងស្រុង​នៅឡើយ​ទេ ហើយ​បើ​ចង់ដឹង​ច្បាស់​លោក​ឲ្យ​ទៅ​សួរនាំ​ខាង​រដ្ឋបាល​ក្រុងប៉ៃលិន​វិញ​។​

​ចំណែក​ លោក ស៊ុន​ យី អភិបាល​ក្រុងប៉ៃលិន បាន​ឲ្យ​ដឹងថា មូលហេតុ ដែល​អាជ្ញាធរ បិទ​ខ្ទប់​បន្តទៀត ព្រោះ ទី​១. ដោយសារតែ​នៅក្នុង​ផ្សារ អាចមាន​ករណី​ឆ្លង​បន្តទៀត ទើប​ធ្វើ​ច​ត្តា​ឡី​ស័ក ផ្សារ​បន្ថែម ១៤​ថ្ងៃ​បន្ថែម និង​ទី​២. ដោយសារ​អាជីវករ​បំពាន​វិធានការ​របស់​ក្រសួងសុខាភិបាល នាំគ្នា​លក់​មុន​ថ្ងៃ​កំណត់​។​

ក្រុមអាជីវករលាន់មាត់ថា ការបិទ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ គឺជា​ការល្អ ពួកគាត់​មានការ​គាំទ្រ តែបើ​ជាការ​បិទ ព្រោះតែ​ខឹង​ក្តៅក្រហាយ​ជាមួយនឹង​អាជីវករ​មួយចំនួន ដែល​បំពាន​នូវ​វិធាន​របស់​ក្រសួងសុខាភិបាល គឺ​វា​ពិតជា​ប៉ះពាល់​ដល់​ជីវភាព​អាជីវករ​មួយចំនួនធំ ដែល​ពួកគាត់​គោរព​តាម​វិធាន​សុខាភិបាល​សុខចិត្ត​បិទទ្វារ​តូប​រហូត ១៥​ថ្ងៃមកហើយនោះ៕

ដោយ ៖ ស សារ៉េត


ចែករំលែក៖