ព័ត៌មានទាន់ហេតុការណ៍៖

កាន់តែពីរោះជក់ចិត្ត! ព្រះនាងតូច នរោត្តម ជេនណា បង្ហើរព្រះសូរសៀងជាភាសាថៃក្នុងបទមនោសញ្ចេតនាដ៏ល្បីមួយ

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងព្រះជន្ម៩វស្សារបស់កម្ពុជាព្រះនាងតូចនរោត្តម ជេនណា បានសាងភាពភ្ញាក់ផ្អើលជាថ្មីក្រោយពីទ្រង់បានបង្ហើរព្រះសូរសៀងសំនៀងជាភាសាថៃក្នុងបទចម្រៀងមនោសញ្ចេតនាស៊ីជម្រៅមួយគឺបទ”ឆាំខឺរៅ”។ ការបញ្ចេញបទថ្មីនេះក្រោយពីទ្រង់ទើបនឹងធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលនូវការបញ្ចេញស្នាព្រះហស្តក្នុងបទ “ឃូកាត់” ជាភាសាថៃ និងភាសាចិនកាលពីប៉ុន្មានថ្ងៃមុន ដែលត្រឹមតែមួយថ្ងៃប៉ុណ្ណោះមានអ្នកចូលទស្សនាខ្ទង់លានដងរួចមកហើយនោះ។ 

នៅថ្ងៃទី០៤ ខែកក្កដាកន្លងមកនេះទ្រង់បានបង្ហើរព្រះសូសៀងយ៉ាងពីរោះរណ្តំចិត្តជាថ្មី គឺបទចម្រៀងដ៏ល្បីរន្ទឺរបស់តារាចម្រៀងជើងចាស់ថៃ លោកស្រីនិតយ៉ា បុនសូងនើន គឺបទ”ឆាំខឺរៅ”នោះតែម្តង។  គ្រាន់តែបញ្ចេញបទចម្រៀងនេះមិនបានប៉ុន្មានម៉ោងផងក៏ផ្ទុះការគាំទ្រជាថ្មីអមដោយការបញ្ចេញមតិយោបល់ពីទស្សនិកជនជាច្រើនសន្ធឹកសន្ធាប់ដែលបានកោតសរសើរពីសមត្ថភាពច្រៀងបានយ៉ាងពីរោះរបស់ទ្រង់ ពិសេសលើការលើកដាក់សំឡេង ការប្រើប្រាស់សំឡេងបានយ៉ាងពីរោះបើទោះបីជាទ្រង់មានព្រះជន្មនៅក្មេងខ្ចីក៏ដោយ។ ក្នុងនោះក៏មានការចែករំលែកពេញបណ្តាញសង្គមអំពីស្នាព្រះហស្តថ្មីចុងក្រោយនេះ។ កាន់តែជក់ចិត្តគឺការបង្ហាញការសម្តែង MC ដោយភាពទាក់ទាញដែលអាចធ្វើឲ្យទស្សនិកជនទាំងអ្នកដែលចេះភាសាថៃ និងអ្នកមិនចេះមានការលន្លង់លន្លោចទៅតាមអត្ថន័យនៃបទចម្រៀងនេះផងដែរ។ 

  គួររំលឹកដែរថា កន្លងមកព្រះនាងតូច នរោត្តម ជេនណា ទ្រង់ក៏ធ្លាប់បង្ហើរព្រះសូរសៀងទាំងបទចម្រៀងមរតកដើម បទចម្រៀងជាស្នាព្រះហស្តរបស់អតីតអង្គព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា  បទចម្រៀងថ្មីOriginal Song និងបទចម្រៀងជាច្រើនទម្រង់ និងគ្រប់ចង្វាក់ ដែលគេដឹងដែរថា ព្រះនាងតូចព្រះជន្ម៩ ព្រះវស្សារូបនេះទ្រង់ចាប់ផ្តើមចេះច្រៀងតាំងពីវ័យ៤វស្សាមកម្ល៉េះ។  ព្រះនាងតូច ជេនណាក៏មានសមត្ថភាពអាចនិយាយបានរហូតដល់ទៅ៥ភាសាឯណោះពិសេសភាសាបារាំងដោយទ្រង់មានឪពុកជាជនជាតិបារាំងស្រាប់ និងក្រៅពីខេមរភាសាដែលជាភាសាកំណើតទ្រង់ក៏អាចនិយាយនិងច្រៀងជាភាសាថៃ ភាសាចិន និង អង់គ្លេសបានយ៉ាងច្បាស់ផងដែរ ដែលនេះគឺជាទេពកោសល្យមួយកម្រនឹងមានក្មេងណាម្នាក់អាចនឹងធ្វើបាន៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖