ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូសណ្ដោងរុឺម៉កបើកមិនប្រកាន់ស្ដាំបុកម៉ូតូជិះបញ្ច្រាសទិសគ្នារបួសធ្ងន់២នាក់ផ្អើលទាំងយប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរស២នាក់បានរងរបួសធ្ងន់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូសណ្ដោងរុឺម៉ក ដែលបើកបញ្ច្រាសទិសគ្នាពេញទំហឹង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងយប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី៤ខែកក្កដាឆ្នាំ២០២១ត្រង់ចំណុចភូមិម្រាមខាងជើង ឃុំម្រាម ស្រុករមាសហែក។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា អ្នកបើកម៉ូតូសណ្ដោងរុឺម៉កបង្កហេតុមានឈ្មោះ យិន គា អាយុ៤៦ឆ្នាំរស់នៅភូមិម្រាមខាងត្បូង ឃុំម្រាម ស្រុករមាសហែក បើកម៉ូតូសណ្តោងរ៉ឺម៉កម៉ាកហុងដាវ៉េវ ពណ៌ខ្មៅគ្មានស្លាកលេខ។

ចំណែកអ្នករងគ្រោះមានឈ្មោះ សុវ៉ាន់ បញ្ញា អាយុ១៨ឆ្នាំ  រស់នៅភូមិម្រាមខាងជើង ឃុំម្រាម ស្រុរមាសហែក ជិះម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ1D-៦១៤៧រងការខូចខាតយ៉ាងដំណំ។

   តាមសាក្សីបានឱ្យដឹងថា មុនកើតហេតុមានម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿងម៉ាកហុងដាវ៉េវ ពណ៌ខ្មៅគ្មានស្លាកលេខ បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីជើងទៅត្បូងមិនប្រកាន់ស្តាំស្រាប់តែទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ1D-៦១៤៧ក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងយប់។

ក្រោយកើតហេតុអ្នកភូមិបានរាយការណ៍ទៅសមត្ថកិច្ចមកធ្វើអន្តរាគមន៍ដឹកជនរងគ្រោះយកទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង និងធ្វើការវាស់វែង អូសយកមធ្យោបាយធ្វើដំណើរទាំង២គ្រឿងទៅប៉ុស្តិ៍រដ្ឋបាលដើម្បីដោះស្រាយគ្នាពេលក្រោយតាមច្បាប់៕

ដោយ៖យឹម សុថាន


ចែករំលែក៖