ខេត្តសៀមរាប៖ បើយោងតាមអង្គភាព មន្ទីរព័ត៌មានខេត្តសៀមរាប បានបញ្ជាក់អោយដឹងថា , នៅវេលាយប់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប បានប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៩១នាក់ បន្ថែមទៀត សម្រាប់ថ្ងៃទី០៤ ខែកក្កដានេះ ក្នុងនោះមាន ៖ ក្រុងសៀមរាប ចំនួន ៤៣នាក់ , ស្រុកសូទ្រនិគម ចំនួន ១៤នាក់ , ស្រុកជីក្រែង ចំនួន ១២នាក់ , ស្រុកក្រឡាញ់ ចំនួន ១០នាក់ , ស្រុកប្រាសាទបាគង ចំនួន ០៦នាក់ , ស្រុកអង្គរជុំ ចំនួន ០១នាក់ , ស្រុកអង្គរធំ ចំនួន ០១នាក់ , ស្រុកស្រីស្នំ ចំនួន ០១នាក់ , ស្រុកពួក ចំនួន ០១នាក់ និង មកពីខេត្តផ្សេង ចំនួន ០១នាក់។
គួររំលឹកថា ក្នុងចំណោមអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន ៩១នាក់នេះ ក្នុងនោះ ៖
– អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ២៣នាក់ ពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់។
– អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១៥នាក់ មានប្រភពចម្លងចេញពីផ្សារដំដែក ក្នុងស្រុកសូទ្រនិគម ។
– អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១៤នាក់ មានប្រភពចម្លងចេញពីផ្សារលើធំថ្មី ក្នុងក្រុងសៀមរាប ។
– អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១៣នាក់ ជាប្រជាពលរដ្ឋត្រឡប់ពីប្រទេសថៃ មកដល់ខេត្តសៀមរាប ហើយជាករណីសង្ស័យ ត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័ក នៅវិទ្យាល័យសម្តេចឪ ។
– អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១២នាក់ មានប្រភពចម្លងចេញពីផ្សារកំពង់ក្តី ក្នុងស្រុកជីក្រែង ។
– អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០៤នាក់ មានប្រភពចម្លងចេញពីសង្កាត់ស្រង៉ែ ក្នុងក្រុងសៀមរាប ។
– អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០៤នាក់ ជាអ្នកធ្វើដំណើរមកពីរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តកំពង់ធំ ។
– អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០៣នាក់ ឆ្លងពីអ្នកដំណើរមកពីខេត្តបន្ទាយមានជ័យ ។
– អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០២នាក់ ឆ្លងមកពីអ្នកជំងឺឈ្មោះ សុខ ឃន ។
ក្នុងថ្ងៃទី០៤ ខែកក្កដានេះដែរ ក៏មានអ្នកជំងឺកូវីដ-១៩ ចំនួន ១៨នាក់ បានជាសះស្បើយ ហើយក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម វិលត្រឡប់ទៅលំនៅឋានវិញ ប៉ុន្តែត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃទៀត ។
នៅថ្ងៃជាមួយគ្នានេះដែរ ក៏មានករណីស្លាប់អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន០២នាក់បន្ថែមទៀត ក្នុងនោះមាន ៖
១- ឈ្មោះ កង ចិន្ដា ភេទស្រី អាយុ៤០ឆ្នាំ អាសយដ្ឋានភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១១ និងបានស្លាប់នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៩៖១០នាទី ដោយសារជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។
២-ឈ្មោះ ប៉ាវ ហ៊ឺ ភេទស្រី អាយុ៦៧ឆ្នាំ អាសយដ្ឋានភូមិអូររបង សង្កាត់មេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង២១ និងបានស្លាប់នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១២៖៣៥នាទី ដោយសារជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។
ក្នុងឱកាសនោះដែរ រដ្ឋបាលខេត្តសៀមរាប បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ ហើយប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។
សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ គិតត្រឹមយប់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ១.៥០៨នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៥៨០នាក់ , កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក ចំនួន៩១១នាក់ និង ស្លាប់អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១៧នាក់។ ព័ត៌មានលម្អិត សូមមើលតារាងខាងក្រោមនេះ ៕
ដោយ ៖ សិលា