ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តម៉ាកហុីយ៉ាន់ដាយស្តារុិចទៅកៀរកញ្ចក់រថយន្តហ្វដរ៉េនជើរមួយគ្រឿងបណ្តាលបាក់រងការខូចខាត តែអ្នកបើករថយន្តបង្កមិនឈប់ដោះស្រាយទេ បែរជាព្យាយាមបើករត់ទៅបុករថយន្តចំនួន៤គ្រឿងទៀតជាបន្តបន្ទាប់បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសនោះទេ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃទី០៥ ខែកក្កដាឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវកម្ពុជាក្រោម កែងនឹងផ្លូវលេខ២៥៩ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីបុរសម្នាក់ដែលបើករថយន្តម៉ាកហ្វដរ៉េនជើរ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AP-0610ដែលរងគ្រោះដំបូងគេបានប្រាប់ឱ្យដឹងថា មុនកើតហេតុ មានរថយន្តហុីយ៉ាន់ដាយស្តារុិចមួយគ្រឿងពណ៌សពាក់ស្លាកលេខកណ្តាល2A-7247បើកបរដោយបុរសម្នាក់បានបើកមកកៀរកញ្ចក់រថយន្តរបស់គាត់ចំហៀងខាងឆ្វេងបណ្ដាលឲ្យបាក់រងការខូចខាតនៅក្បែរព្រលានយន្តហោះអន្តរជាតិភ្នំពេញ(ពោធិ៍ចិនតុង) ហើយរថយន្តបង្កនោះមិនបានឈប់ដោះស្រាយនោះទេ បានព្យាយាមបើករត់ ខណ:នោះរូបគាត់ក៏បើករថយន្ដដេញតាមពីក្រោយរហូតមកដល់ចំណុចផ្លូវលេខ២៥៩ក្នុងទិសដៅពីជើងទៅត្បូង ។ លុះមកដល់ចំណុចផ្លូវកែងកម្ពុជាក្រោម រថយន្តបង្កហេតុនោះក៏ជ្រុលទៅបុកជាមួយរថយន្តម៉ាកPASERO មួយគ្រឿងពណ៌ត្រេអុី ពាក់ស្លាកលេខខេមរភូមិន្ទ01-2-1032 បើកបរជាលក្ខណៈគ្រួសារតាមបណ្តោយផ្លូវកម្ពុជាក្រោមក្នុងទិសដៅពីកើតទៅលិច បញ្ឆិតផ្នែកខាងមុខចំហៀងខាងស្តាំយ៉ាងពេញទំហឹងបណ្តាលឲ្យរថយន្តPASERO វិលមួយជុំទៅប៉ះនឹងទ្រូងផ្លូវរងការខូចខាតយ៉ាងដំណំទៅមុខលែងរួច ចំណែករថយន្តស្តារុិចមិនទាន់អស់ល្បឿនបានរេចង្កូតទៅខាងស្តាំដៃទៅបុករថយន្តចំនួន៤គ្រឿងទៀតជាបន្តបន្ទាប់ ក្នុងនោះមានរថយន្តកូរ៉ូឡាចំនួន២គ្រឿង រថយន្តម៉ាកម័រនីងចំនួនមួយគ្រឿងនិងរថយន្តកាមរីចំនួនមួយគ្រឿងដែលចតស្ងៀមនៅតាមចិញ្ចើមផ្លូវបណ្ដាលឲ្យរងការខូចខាត។ ចំណែករថយន្តហ្វដតរ៉េនជើរដែលរងការខូចខាតបាក់កញ្ចក់មួយចំហៀងនោះម្ចាស់មិនទារសំណងទេសូមយករថយន្តទៅជួសជុលខ្លួនឯង។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាននិងជំនាញខណ្ឌបានចុះទៅដល់ ដោយភាគីរថយន្តបង្កបានយល់ព្រមចេញសំណងទៅឲ្យរថយន្តចំនួន២គ្រឿងក្នុងនោះមានរថយន្តកាមរីមួយគ្រឿង និងកូរ៉ូឡាមួយគ្រឿងដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ។ ចំណែករថយន្តបង្កនិងរថយន្តរងគ្រោះចំនួន៣គ្រឿងទៀតត្រូវសមត្ថកិច្ចទំនាក់ទំងងទៅជំនាញចរាចរណ៍នៃស្នងការដ្ខាននគរបាលរាជធានីភ្នំពេញចុះមកធ្វើការវាស់វែងអូសយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ ៖ ភារ៉ា ដង្កោ