ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការពាក់ព័ន្ធនឹងបទល្មើសលួចមានស្ថានទម្ងន់ទោស

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាកាពាក់ព័ន្ធប្រព្រឹត្តបទល្មើសអំពើលួចមានស្ថានទម្ងន់ទោសដោយសារគាស់ទម្លុះទម្លាយ( គាស់ទ្វារបង្អូចចូលលួចទ្រព្យសម្បត្តិ) ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៦និង០០នាទី ។កម្លាំងការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ម៉ៅ ដា នៅចំណុចខាងលិចគល់ស្ពានជ្រោយចង្វា ផ្លូវលេខ៤៧ កែងផ្លូវជាតិលេខ៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យបានប្រព្រឹត្តនៅចំណុចផ្ទះលេខV០៣A ផ្លូវជាតិលេខ៦A ក្រុម១៣ ភូមិ៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ​កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល២៣ និង៣០នាទី និងចាប់យកវត្ថុតាងបញ្ជូនមកការិយាល័យចាត់ការតាមនីតិវិធី ។

ជនសង្ស័យមានឈ្មោះ ម៉ៅ ដា ភេទប្រុសអាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ តាមផ្លូវជាតិលេខ៦A សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យកមានប្រាក់ដុល្លារចំនួន២២,០០០ដុល្លារអាមេរិក (ពីរមុឺនពីរពាន់ដុល្លារអាមេរិក), នាឡិកាដៃចំនួន១ គ្រឿងម៉ាកLONGINE ខ្សែពណ៌ខ្មៅ, ទូរស័ព្ទដៃម៉ាក អាយហ្វូនអុីចម៉េក ពណ៌ទឹកមាស ស៊ីមកាតលេខ ០៧០ ៨៨៤ ៣៣៣ ចំនួន១ គ្រឿង, ទូរស័ព្ទដៃចំនួន១គ្រឿងម៉ាក Iphone១១ ProMax ពណ៌បៃតងចំនួន១គ្រឿង។

ចំណែកជនរងគ្រោះ ឈ្មោះ ស៊ាង វួចណៃ ភេទស្រី ឆ្នាំកំណើត១៩៧៧ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ  V០៣A ផ្លូវជាតិលេខ៦A ក្រុម១៣ ភូមិ៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ មុខរបរនៅផ្ទះ ។

សម្ភារបាត់បង់មានដុំមាសមួយដុំទម្ងន់ កន្លះគីឡូក្រាម, ប្រាក់រៀលចំនួន៤,០០០,០០០រៀល, ប្រាក់ដុល្លារចំនួន៥០០ដុល្លារអាមេរិក, ពេជ្រពីរឈុតតម្លៃ៣៨,០០០ដុល្លារអាមេរិក, ទូរស័ព្ទដៃម៉ាកអាយហ្វូន១១ប្រូ ស៊ីមកាតលេខ០៨៥ ៦៦ ១២ ១៥ ចំនួន១គ្រឿង។

សូមបញ្ជាក់ថា ហេតុការណ៍កើតឡើងកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល២៣និង៣០នាទី មានករណី អំពើលួចមានស្ថានទម្ងន់ទោសដោយសារគាស់ទំលុះទំលាយ ( គាស់ទ្វារបង្អូចចូលលួចទ្រព្យសម្បត្តិ)  ប្រព្រឹត្តនៅចំណុចផ្ទះលេខV០៣A ផ្លូវជាតិលេខ៦A ក្រុម១៣ ភូមិ៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យឈ្មោះ ម៉ៅ ដា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិ ខ្មែរ បានដើរចេញពីផ្ទះជួលរបស់ខ្លួន គឺផ្ទះជួលគ្មានលេខ ផ្លូវជាតិលេខ៦A សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ មកពួនសំងំក្នុងដីឡូតិ៍គ្មានលេខ ជិតបុរីហ្គ្រេនជ្រោយចង្វា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ លុះដល់ម៉ោងកើតហេតុជនសង្ស័យក៏បានឡើងតាមដំបូលខាងក្រោយមកធ្វើសកម្ម​ភាពយកដៃទាញគាស់បង្អូចផ្ទះរបស់ជនរងគ្រោះដែលពុំមានលក្ខណៈរឹងមាំ រួចចូលទៅក្នុងផ្ទះលួចយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះបានសម្រេចហើយគេចខ្លួនបាត់ ។

បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖