ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋប្រមាណជាង១០០គ្រួសារចោទប្រកាន់ប្រធានសហគមន៍ស្ទឹងស្ងួត ថាបានរំលោភយកដីអាងស្តុកទឹកជាង១៣ហិកតាធ្វើជាកម្មសិទ្ធិ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋជាង១០០គ្រួសារនៅភូមិស្ទឹងស្ងួត បានធ្វើការចោទប្រកាន់ទៅលើលោក ជួន ផង់ ប្រធានសហគមន៍នេសាទភូមិស្ទឹងស្ងួត ថាបានរំលោភទន្ទ្រានកាន់កាប់ និងកាប់បំផ្លាញព្រៃលិចទឹក ក្នុងអាងស្តុកទឹកស្ទឹងស្ងួត ស្ថិតក្នុងភូមិស្ទឹងស្ងួត ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដើម្បីយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ។

ប្រជាពលរដ្ឋបានបញ្ជាក់ថាកាលពីអំឡុងឆ្នាំ២០១១ ឈ្មោះ ជួន ផង់ នេះ បានរំលោភយកដីផ្ទៃអាងស្តុកទឹករបស់សហគមន៍នេសាទស្ទឹងស្ងួតតែបន្តិចបន្តួចទេ ស្រាប់តែនៅពេលដែលបានឡើងធ្វើជាប្រធានសហគមន៍នេសាទ គាត់ចាប់រំលោភយកដីផ្ទៃអាងស្តុកទឹកទាំងមូលតែម្តង និងបានទន្ទ្រានកាន់កាប់ឈូសឆាយ កាប់បំផ្លាញព្រៃលិចទឹក និងលើកជាភ្លឺស្រែយកដីផ្ទៃអាងចំនួន១៣ហិកតាទាំងអស់តែម្តង។ 

ប្រជាពរលដ្ឋបានឱ្យដឹងទៀតថា  ឈ្មោះ ជួន ផង់ ប្រធានសហគមន៍ស្ទឹងស្ងួត ក៏បានបូមទឹកចេញធ្វើស្រែ ដាំឈូក នាំឲ្យស្រែស្រូវប្រជាពលរដ្ឋដែលធ្លាប់តែ១ឆ្នាំអាចធ្វើបាន២ដង ត្រូវរីងស្ងួតអត់មានទឹកស្រោចស្រព និងបានក្លាយជាបញ្ហាប្រឈមខ្លាំងដល់ជីវភាពប្រជាពលរដ្ឋក្នុងបរិបទកូវីដ១៩ កំពុងឆ្លងរាលដាលក្នុងសហគមន៍បែបនេះ។ 

ប្រជាពលរដ្ឋទាំងជាង១០០គ្រួសារ បាននាំគ្នាផ្តិតមេដៃស្នើសុំការជួយអន្តរាគមន៍ពីលោក ឈឹម វុទ្ធា អភិបាលស្រុកកំពង់ត្រឡាច និងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ដើម្បីជួយការពារដីផ្ទៃអាងស្តុកទឹកទាំង១៣ហិកតានេះផង សំរាប់យកទឹកស្រោចស្រពដល់ស្រែស្រូវប្រជាកសិករមានទឹកគ្រប់គ្រាន់ផង ព្រោះប្រជាកសិករអាចធ្វើ១ឆ្នាំបាន២ដង។

ពាក់ព័ន្ធនឹងការចោទប្រកាន់របស់ប្រជាពលរដ្ឋនេះ លោក ជួន ផង់ ប្រធានសហគមន៍ស្ទឹងស្ងួតបានឲ្យដឹងថា  អ្នកទន្ទ្រានកាន់កាប់ដីផ្ទៃអាងស្តុកទឹកស្ទឹងស្ងួត ស្ថិតក្នុងភូមិស្ទឹងស្ងួត ឃុំអំពិលទឹកនោះ មិនមែនមានតែរូបលោក និងកូនប្រពន្ធលោកនោះទេ គឺមានមេភូមិ ប្រជាពលរដ្ឋជាង១០នាក់ទៀតក៏បានយកដែរ។ កន្លងមក លោកបានណែនាំពួកគេដែរ តែវាជួបការពិបាកពេក លោកក៏បិទភ្នែកមួយចំហៀង បើកភ្នែកមួយចំហៀងទៅ ដើម្បីឲ្យប្រជាជនរស់។

លោក ឈឹម វុទ្ធា អភិបាលស្រុកកំពង់ត្រឡាចបានប្រាប់ឲ្យដឹងថាចំពោះបញ្ហានេះ លោកបានបញ្ជាឲ្យលោកអភិបាលរងស្រុកម្នាក់ ចុះពិនិត្យ និងដោះស្រាយទុក្ខកង្វល់នេះជូនប្រជាពលរដ្ឋម្តងរួចមកហើយនាពេលថ្មីៗនេះ ក៏ប៉ុន្តែលោកពុំបានទទួលលទ្ធផលនៅឡើយ ព្រោះលោកជាប់ដៃរឿងការឆ្លងរាលដាលជំងឺកូវីដ១៩ខ្លាំង។ ក៏ប៉ុន្តែ នៅថ្ងៃស្អែក លោកនឹងសាកសួរទៅលោកអភិបាលរងស្រុកកំពង់ត្រឡាចម្តងទៀត ថាតើការចុះពិនិត្យទទួលលទ្ធផលបែបណា? ហើយបានដោះស្រាយជូនពលរដ្ឋម្តងហើយឬនៅ?។

ដោយឡែកលោក លី ឡា នាយខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានបញ្ជាក់ឲ្យដឹងថា ប្រសិនបើមានរឿងរ៉ាវរំលោភបំពាន កាន់កាប់ និងបំផ្លាញព្រៃលិចទឹកក្នុងផ្ទៃអាងស្តុកទឹកមែននោះ លោកនឹងកសាងសំណុំរឿងបញ្ជូនជនល្មើសទៅតុលាការភ្លាម ព្រោះការទន្ទ្រានកាន់កាប់អាងស្តុកទឹក ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់វិស័យជលផល ជាពិសេសដល់ការបង្កបង្កើនផលស្រូវរបស់ប្រជាកសិករតែម្តង៕ 

ដោយ ៖ ចន្ថា


ចែករំលែក៖