ខេត្តកំពង់ស្ពឺ៖ មន្ត្រីជំនាញបរិស្ថាន នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១នេះ បានអញ្ជើញលោកមេឃុំ-មេភូមិ មកធ្វើកិច្ចសន្យាឱ្យធ្វើកិច្ចសន្យាបញ្ឈប់ការបញ្ជាក់លិខិតទិញលក់ដីរដ្ឋផ្ទេរសិទ្ធិ ឬបញ្ជាក់លើប្លង់បង្ហាញទីតាំងដី នៅក្នុងដែនឧទ្យានជាតិ ព្រះសុរាម្រិតកុសុមៈគីរីរម្យ និងឧទ្យានជាតិ ព្រះមុនីវង្សបូកគោ។
ជាក់ស្ដែងរឿងរ៉ាវដីព្រៃរបស់រដ្ឋជាច្រើនហិកតាទាក់ទងនិងមន្ត្រីមូលដ្ឋាន ដែលបានចេញលិខិតបញ្ជាក់ដោយមិនមានឯកសារណាច្បាស់លាស់ នាំឱ្យមានការខាតបង់ប្រាក់ខាតទាំងពេលវេលាចំពោះប្រជាពលរដ្ឋ ដោយសារតែការចុះហត្ថលេខាគ្មានហេតុផលត្រឹមត្រូវតាមច្បាប់។ ជាក់ស្តែងការកាន់កាប់ដីព្រៃ ក្នុងតំបន់ការពារមួយចំនួន គឺជាការរំលោភដីរដ្ឋដោយខុសច្បាប់ ដោយការអះអាងផ្ទុយពីផ្លូវច្បាប់របស់លោកមេឃុំ-មេភូមិ។ល។ ជាហេតុនាំឲ្យដីរដ្ឋមានការបាត់បង់។
សូមជម្រាបថា ឧទ្យានជាតិសុរាម្រិតកុសុមៈគីរីរម្យ និងឧទ្យានជាតិមុនីវង្សបូកគោ គឺជាតំបន់ការពារធនធានធម្មជាតិ ដែលបានបង្កើតឡើងដោយ ព្រះរាជក្រឹត្យលេខ នស/រកក/ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ហើយត្រូវបានការពារ និងអភិរក្សធនធានធម្មជាតិដើម្បីការពារ គ្រោះធម្មជាតិព្រៃឈើ សត្វព្រៃ ត្រីវាលស្មៅ និងការកម្សាន្ត ដែលបម្រើឲ្យសេចក្ដីត្រូវការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋមូលដ្ឋាន។ ខេត្តកំពង់ស្ពឺ និងមន្ទីរបរិស្ថាន បានខិតខំយកចិត្តទុកដាក់ការពារ និងអភិរក្សតំបន់ការពារធនធានធម្មជាតិនេះ សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានក៏ដូចជាប្រជាពលរដ្ឋកម្ពុជា និងមនុស្សជាតិគ្រប់ជំនាន់។
គួរបញ្ជាក់ថា នៅក្នុងលិខិតនោះ បានសង្កត់ធ្ងន់ថា នៅចំពោះមុខលោក កែវ សុផាត មេឃុំត្រែងត្រយឹង និងលោក សុខ គឹមសុន ជំទប់ទី២ លោក ប៉ែន ធី មេភូមិទី៦ លោក សួស វិត មេភូមិទីប៣ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ សូមធ្វើការសន្យាចំពោះមុខមន្ត្រីជំនាញ នៃមន្ទីរបរិស្ថាន ខេត្តកំពង់ស្ពឺ ដូចតទៅ៖
-ទី១៖ សូមសន្យា និងបញ្ឈប់រាល់ការចុះហត្ថលេខាបញ្ជាក់ទទួលស្គាល់នៅលើឯកសារនៃការកាន់កាប់ប្រើប្រាស់ដីធ្លីលើលិខិត ទិញ-លក់ដីរដ្ឋផ្ទេរសិទ្ធិ ឬបញ្ជាក់លើប្លង់បង្ហាញទីតាំងដីនៅក្នុងតំបន់ឧទ្យានជាតិ ព្រះសុរាម្រិតកុសុមៈគីរីរម្យ និងឧទ្យានជាតិព្រះមុនីវង្សបូកគោ និងតំបន់ការពារផ្សេងទៀត ដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន និងមន្ទីរបរិស្ថាន។
-ទី២៖ សូមបដិសេធ និងមោឃភាពរាល់លិខិត និងឯកសារទាំងឡាយណាដែលមានពាក់ព័ន្ធទៅនឹងការកាន់កាប់ប្រើប្រាស់ដីធ្លីក្នុងតំបន់ ឧទ្យានជាតិ ដែលនាងខ្ញុំ និងខ្ញុំបាទបានចុះហត្ថលេខានាពេលកន្លងមក។
-ទី៣៖ ប្រសិនបើនាងខ្ញុំ និងខ្ញុំបាទនៅតែបន្តចុះហត្ថលេខានៅលើឯកសារដីធ្លីក្នុងតំបន់ឧទ្យានជាតិបន្តទៀតនោះនាងខ្ញុំ និងខ្ញុំបាទសូម ទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ទន្ទឹមនឹងធ្វើកិច្ចសន្យាខាងលើនាងខ្ញុំ និងខ្ញុំបាទនឹងចូលរួមដឹកនាំប្រជាពលរដ្ឋឱ្យយល់ដឹងអំពីតំបន់ការពារធនធានធម្មជាតិដែល គ្រប់គ្រងដោយក្រសួងបរិស្ថាន ព្រមទាំងមូល ចូលរួមសហការជាមួយសមត្ថកិច្ចជំនាញ ក្នុងការចុះទប់ស្កាត់បង្ក្រាបឱ្យបាននូវ បទល្មើសធនធានធម្មជាតិ កាប់គាស់រុករានដីព្រៃឆ្ការដុត និងឈូសឆាយដីព្រៃព្រមទាំងសង់ផ្ទះ សង់តូប សង់រោង ដើម្បីទន្ទ្រានយកដីជាកម្មសិទ្ធិនៅក្នុង ដែនឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ និងឧទ្យានជាតិមុនីវង្សបូកគោ។
ដូច្នេះ ប្រជាពលរដ្ឋក៏ដូចជាបងប្អូនមានមុខរបបរកស៊ីទិញ-លក់ដី ពាក់ព័ន្ធនឹងតំបន់ខាងលើច្បាស់ជាត្រូវមោឃភាពតាមកិច្ចសន្យារបស់មន្ត្រីមូលដ្ឋាននេះទាំងអស់ ដោយមិនមានការតវ៉ាឡើយ៕
ដោយ៖សហការី