ព័ត៌មានទាន់ហេតុការណ៍៖

WHO ៖ កូវីដ-១៩ ស្ថិតនៅក្នុងដំណាក់កាលគ្រោះថ្នាក់យ៉ាងខ្លាំង

ចែករំលែក៖

បើទោះបីយើងមានសង្ឃឹមថានឹងគ្រប់គ្រងការឆ្លងរាលដាលកូវីដ-១៩ ក្នុងពេលឆាប់ៗខាងមុខក្តី ប៉ុន្តែពេលនេះកូវីដ-១៩ គឺស្ថិតនៅក្នុងដំណាក់កាលគ្រោះថ្នាក់។ ចំពោះស្ថានភាពនេះវិធីសាស្ត្រល្អបំផុតគឺការចែកចាយវ៉ាក់សាំងចាក់ជូនពលរដ្ឋឲ្យបានគ្រប់ៗគ្នាទើបអាចយកឈ្នះបានទាំងស្រុង ។
ប្រធានអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បានលើកឡើងនៅថ្ងៃទី៦ខែកក្កដាថា ប្រទេសជាច្រើនមានឧបករណ៍ មានវ៉ាក់សាំងគ្រប់ក្រាន់ដើម្បីទប់ស្កា់តការឆ្លងកូវីដ-១៩ ។ ជាមួយគ្នានោះក៏មានប្រទេសជាច្រើនមិនមានវ៉ាក់សាំងសម្រាប់ចាក់ជូនពលរដ្ឋឡើយ ដោយប្រទេសអ្នកមានប្រមូលទិញយកទៅស្តុកទុករហូតដល់ជិតផុតកំណត់ប្រើប្រាស់។

គិតត្រឹមម៉ោង៦និង៣០នាទីល្ងាច ថ្ងៃពុធ ទី០៧ ខែកក្កដាឆ្នាំ២០២១នេះ ជំងឺ COVID-19 បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន ២២២ហើយនៅទូទាំងសកលលោក ពោលគឺវាបានរីកសាយភាយពាសពេញទ្វីបទាំងអស់លើភពផែនដីតែម្តង សូម្បីតែទ្វីបទឹកកកអង់តាក់ទិកក៏វីរុសដ៏កាចសាហាវនេះ បានឆ្លងទៅដល់ហើយដែរ។
គេហទំព័រ worldometer បានផ្សាយថា ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ វាបានចម្លងទៅមនុស្សសរុបចំនួន ១៨៥,៤៥៥,២៤៦នាក់ ដែលក្នុងនោះអ្នកជំងឺចំនួន ៤,០១០,៦២៥នាក់បានស្លាប់ និង១៦៩,៧៨៧,៩៤៣នាក់ផ្សេងទៀតត្រូវបានព្យាបាលឲ្យជាសះស្បើយ។
នៅពេលនេះដែរ មានវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចំនួន ៣,២៩ពាន់លានដូសហើយបានចាក់ជូនពលរដ្ឋនៅទូទាំងពិភពលោក ស្មើនឹង ២៤,៦ភាគរយនៃពលរដ្ឋសរុបនៅលើភពផែនដី ។ គិតក្នុងមួយថ្ងៃៗ មានវ៉ាក់សាំង៣៤,១៨ លានដូសចាក់ជូនពលរដ្ឋ៕

ដោយ៖ធីរីណា(រូបថត៖EPA-EFE+TTXVN )


ចែករំលែក៖