ព័ត៌មានទាន់ហេតុការណ៍៖

សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាប្រជាជនពិភពលោកលើកទី ៣២ ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២១

ចែករំលែក៖

ភ្នំពេញ៖ សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាប្រជាជនពិភពលោកលើកទី៣២ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ! 

សូមក្រាបថ្វាយបង្គំ សម្តេចអគ្គមហាសង្ឃរាជ សម្តេចមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈ គ្រប់ ព្រះអង្គ ជាទីគោរពសក្ការៈ ! សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី !

ជនរួមជាតិជាទីស្រឡាញ់រាប់អាន !

ថ្ងៃនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ មានសេចក្តីសោមនស្សរីករាយ សូមគោរពទូលថ្វាយ និងថ្លែង ទៅកាន់សម្តេចអគ្គមហាសង្ឃរាជ សម្តេចមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិទាំងអស់ថា ប្រជាជនកម្ពុជាមានសេចក្តីសោមនស្សរីករាយក្រៃលែង ដោយបានចូលរួមជាមួយ នឹងប្រជាជាតិទូទៅលើពិភពលោកប្រារព្ធ “ទិវាប្រជាជនពិភពលោកលើកទី៣២”។ អង្គការសហប្រជាជាតិ តែងតែលើកទឹកចិត្តដល់បណ្តារដ្ឋភាគីទាំងអស់ឱ្យប្រារព្ធទិវាប្រជាជនពិភពលោកជារៀងរាល់ឆ្នាំនៅថ្ងៃទី១១ ខែកក្កដា ដោយផ្តោតលើប្រធានបទផ្សេងៗគ្នា។ ប្រធានបទឆ្នាំ២០២១នេះ គឺ “សិទ្ធិនិងជមើ្រស គឺជា ចម្លើយ មិនចំពោះថាក្នុងដំណាក់កាលបន្ទុះ ឬសមុ្រតទារកនោះទេ ដំណោះស្រាយ គឺស្ថិត នៅលើការផ្តល់អាទិភាពដល់សិទ្ធិនិងសុខភាពបន្តពូជសម្រាប់មនុស្សគ្រប់រូប (Right and Choice are the Anwser: Whether baby boom or bust, the solution lines in prioritizing the reproductive health and rights of all people)”។ ប្រធានបទនេះ ពិតជាមានអត្ថន័យធំធេង ក្នុងស្ថានភាព ដែលពិភពលោកទាំងមូលកំពុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ (កូវីដ-១៩) ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវិតមនុស្ស សហគមន៍ សេដ្ឋកិច្ចសង្គម និងសុខភាពសាធារណៈ នៅគ្រប់ទិសទីទូទាំងពិភពលោក។ ស្រ្តី និងក្មេងស្រី គឺជាក្រុមជនដែលងាយរងគ្រោះជាងគេដោយសារជំងឺ រាតត្បាតកូវីដ-១៩ ជាពិសេស លើបញ្ហាសុខភាពបន្តពូជនិងសុខភាពផ្លូវភេទ។

តាមការវាយតម្លៃរបស់មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ជំងឺរាតត្បាតកូវីដ-១៩ ដែលកំពុងបន្តអូសបន្លាយ បានធ្វើឱ្យប្រព័ន្ធថែទាំសុខភាពទូទាំងពិភពលោកចុះខ្សោយយ៉ាងខ្លាំង ហើយបង្ក ឱ្យមានចន្លោះប្រហោង និងបញ្ហាប្រឈមនានា ក្នុងការផ្ដល់ព័ត៌មាន និងសេវាសុខភាពបន្តពូជនិងសុខភាពផ្លូវភេទក្នុងទំហំមួយយ៉ាងធំធេង។ លើសពីនេះទៀត ការបង្វែរធនធានចេញពីសេវាទាំងអស់នេះ កំពុងតែប៉ះ ពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពស្រ្តីនិងក្មេងស្រី។ ស្តី្រនិងក្មេងស្រីដែលជាទូទៅមានចំណូលតិចតួចពីការងារ ដែលមិនសូវស្ថិតស្ថេរ កំពុងជួបនឹងផលវិបាកផ្នែកសេដ្ឋកិច្ចដែលបង្កដោយជំងឺកូវីដ-១៩ ហើយកំពុងប្រឈម នឹងហានិភ័យខ្ពស់ក្នុងបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃ ដែលពួកគេងាយនឹងធ្លាក់ចូលទៅក្នុងភាពក្រីក្រ។ លើសពី នេះទៀត ស្ត្រីមានការប្រឈមនឹងការកើនឡើងនូវបន្ទុកការងារដែលគ្មានប្រាក់ឈ្នួល ដែលរុញច្រានស្ត្រីជា ច្រើននាក់ឱ្យចាកចេញពីកម្លាំងពលកម្មដែលមានប្រាក់ឈ្នួល។

ជាមួយគ្នានេះដែរ យោងតាមការវិភាគដំបូងរបស់ UNFPA លើទិន្នន័យដែលមានស្រាប់ ដែលភាគ ច្រើនបានមកពីបណ្តាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ បានបង្ហាញថា ជំងឺកូវីដ-១៩ អាចពន្លឿនការធ្លាក់ ចុះលទ្ធភាពមានកូននៅក្នុងប្រទេសមួយចំនួន រួមទាំងនៅក្នុងបណ្តាប្រទេសអឺរ៉ុប និងសហរដ្ឋអាម៉េរិក នៅ ពេលគូស្វាមីភរិយាឆ្លើយតបទៅនឹងវិបត្តិដោយពន្យារពេលការមានផ្ទៃពោះ ឬផ្លាស់ប្តូរផែនការយកកូន។ ផ្ទុយ ទៅវិញទិន្នន័យនិងការធ្វើចំណូលក៏បានបង្ហាញថា នៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាបនិងមធ្យម មួយចំនួន, ជំងឺរាតត្បាតកូវីដ-១៩ បានរំខានដល់ការទទួលបានសេវាផែនការគ្រួសារ រួមទាំងការកើនឡើង ការមានផ្ទៃពោះដោយចៃដន្យក្នុងចំណោមក្រុមងាយរងគ្រោះ។ ជាក់ស្ដែង ការកើនឡើងនៃការមានផ្ទៃពោះ ដោយចៃដន្យ ត្រូវបានគេរកឃើញមានក្នុងចំណោមក្មេងជំទង់នៅប្រទេសកេនយ៉ា និងប្រទេសម៉ាឡាវី។

ការវាយតម្លៃដដែលបានធ្វើការសន្និដ្ឋានថា ក្នុងស្ថានភាពនេះ ប្រជាជនជាច្រើនសម្តែងការព្រួយបារម្ភ កាន់តែខ្លាំងឡើងចំពោះបម្រែបម្រួលអត្រាលទ្ធភាពមានកូន ដែលនៅកន្លែងខ្លះហាក់ដូចជាកំពុងតែកើនឡើង ដោយសារតែការរាតត្បាតនៃជំងឺកូវីដ-១៩។ ជាប្រវត្តិសាស្ត្រ ទស្សនៈដែលខ្វល់ខ្វាយពីការមានកូនតិច បាន បង្វិលការទទួលខុសត្រូវទៅលើស្ត្រីទាំងស្រុង ដោយមិនគិតពីបញ្ហាប្រឈមផ្នែកសង្គមនិងសេដ្ឋកិច្ចទូលំទូលាយ ដែលបង្កការលំបាកដល់ប្រជាជនក្នុងការកំណត់ចំនួនកូនតាមការចង់បាន។ ក្នុងករណីខ្លះ ទស្សនៈនេះបាន ឈានទៅដល់ការប្រើប្រាស់វិធីសាស្ត្រហួសសម័យ ដូចជា ការកាត់បន្ថយការទទួលបានសេវារំលូតកូនស្រប ច្បាប់ និង/ឬ ការរឹតត្បិតលើការពន្យារកំណើត។ នៅទីកន្លែងដែលមានប្រជាជនកើនឡើង ដើម្បីកាត់បន្ថយអត់ លទ្ធភាពមានកូន ការដាក់ចេញនូវការធ្វើផែនការគ្រួសារបង្ខំនិងការក្រៀវរួមបញ្ចូលគ្នា គឺជាការឆ្លើយតបផ្នែក គោលនយោបាយមួយប្រកបដោយគ្រោះថ្នាក់។

ការខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ទទួលបានជោគជ័យ ពេញមួយឆ្នាំ២០២០ ដែលមានអ្នកឆ្លងក្នុងរង្វង់ត្រឹមតែ ៣៥០ ករណីប៉ុណ្ណោះ និងមិនមានអ្នកស្លាប់សូម្បីតែ ម្នាក់។ ប៉ុន្តែ ជាអកុសលឆ្នាំ២០២១នេះ ករណីឆ្លងជំងឺកូវីដ-១៩ មានការកើនឡើងយ៉ាងគំហុក ដែលបានធ្វើ ឱ្យរាជរដ្ឋាភិបាល ក៏ដូចជាប្រជាជនកម្ពុជាទាំងមូលមានការព្រួយបារម្ភយ៉ាងខ្លាំង។ ជាក់ស្ដែង គិតត្រឹមថ្ងៃទី ២៦ ខែមិថុនានេះ មានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៤៨ ៥៣២ករណី, ស្លាប់ ៥៥៦នាក់ និងអ្នកជាសះស្បើយ ៤២ ៧៦៤នាក់។ ទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាល អាចគ្រប់គ្រងស្ថានការណ៍នេះបានល្អ និងកំពុងបន្ត យុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំទូទាំងប្រទេស។ គិតត្រឹមថ្ងៃទី២៣ ខែមិថុនានេះ ការចាក់វ៉ាក់សាំងដូស ទី១នៅទូទាំងប្រទេស សរុបបានចំនួនជាង ៣,៦លាននាក់ ស្មើនឹងប្រមាណ ៣៦%នៃប្រជាជនគោលដៅ ចំនួន ១០លាននាក់ ក្នុងនោះអ្នកដែលបានចាក់វ៉ាក់សាំងដូសទី២ សរុបជាង ២,៧លាននាក់។

សូមអានសារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាប្រជាជនពិភពលោកលើកទី៣២ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ! ទាំងស្រុងដូចខាងក្រោម ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖