ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមតាលីបង់ដណ្តើមយកបានសម្ភារយោធាជាង៧០០គ្រឿងរបស់អាមេរិកក្នុងពេលមួយខែ

ចែករំលែក៖

ក្រុមតាលីបង់នៅក្នុងប្រទេសអាហ្វហ្គានីស្ថានប្រមូលយកបានសម្ភារយោធាជាង៧០០គ្រឿងភាគច្រើនជារថយន្តយោធា ក្នុងរយៈពេល១ខែ គឺគ្រប់គ្រាន់សម្រាប់បំពាក់ដល់កម្លាំងទាហានតាលីបង់មួយកងពល។
តាមគេហទំព័រ Forbes របស់អាមេរិកបានផ្សាយថា ក្នុងរយៈពេល មួយខែកន្លងមក គឺនៅខែមិថុនា កម្លាំងទាហានតាលីបង់ យកបានរថយន្តដឹកទំនិញនិងរថយន្តយោធា ៧០០គ្រឿង មានទាំងប្រភេទ Humvees ក៏ដូចជារថពាសដែក និងកាំភ្លើងធំ …។
សកម្មភាពខាងលើបានបង្ហាញឱ្យឃើញថា ក្រោមគំនាបរបស់ក្រុមតាលីបង់ កម្លាំងទាហានការពារជាតិ អាហ្វហ្គានីស្ថាននៅតំបន់ជាច្រើន បានរត់ចោលទីតាំង ដោយមិនមានការតដៃជាមួយក្រុមតាលីបង់នោះឡើយ ហើយបានបន្សល់ទុក នូវអាវុធនិងសម្ភារយោធាជាច្រើន។
អាវុធជាច្រើនដែលអាមេរិកលក់ទៅឲ្យទាហានអាហ្វហ្គានីស្ថានដើម្បីប្រឆាំងក្រុមតាលីបង់ ពេលនេះបានធ្លាក់ទៅដល់ក្រុមតាលីបង់។
កាលពីខែមិថុនា មានរថយន្តយោធា រហូតដល់៧១៥គ្រឿងធ្លាក់ទៅលើក្រុមតាលីបង់ និងរថយន្ត៦៥គ្រឿងទៀតរងការបំផ្លាញ។ ក្នុងចំណោមរថយន្តដែលក្រុមតាលីបង់យកបាន មានប្រភេទ Ford Ranger ចំនួន ២៧០គ្រឿង រថយន្តដឹកទំនិញ១៤១គ្រឿង រថយន្តប្រភេទ M 1151 ចំនួន ៣២៩គ្រឿង រថយន្តពាសដែកប្រឆាំងមីន២១គ្រឿង ប្រភេទ Oshkosh ATV …។
កាលពីឆ្នាំ២០១៨ កម្លាំងទាហានអាហ្វហ្គានីស្ថានបានបំពាក់រថយន្តយោធាដល់ទៅ២៦ពាន់គ្រឿង ក្នុងនោះមាន១៣ពាន់គ្រឿងប្រភេទ Hummer ។ គិតមកដល់ឆ្នាំ២០២១នេះមានរថយន្ត Hummerដល់ទៅ២៥ពាន់គ្រឿង៕ដោយ៖ ធីរីណា


ចែករំលែក៖