ខេត្តបន្ទាយមានជ័យ៖ បន្ទាប់ពីអាជ្ញាធរថៃ បានបិទកន្លែងធ្វើការងារមួយចំនួន ដេីម្បីទប់ស្កាត់ជំងឺកូវីដ-១៩ នោះ ក្រុមពលករខ្មែរគ្មានការងារ ក៏ធ្វើបាននាំគ្នាត្រឡប់ពីប្រទេសថៃ ចូលមកកម្ពុជាវិញ តាមច្រកអូរបីជាន់ ដោយក្នុងរយៈពេលមួយថ្ងៃ មានប្រមាណជិត១០០នាក់ ហើយត្រូវបានអាជ្ញាធររកឃើញមានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១៦នាក់ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១។ នេះបើតាមបញ្ជាក់ពីលោក លី សុវណ្ណារិទ្ធ អភិបាលស្រុកអូរជ្រៅ។
អភិបាលស្រុកអូរជ្រៅ លោក លី សុវណ្ណារិទ្ធ បានថ្លែងបញ្ជាក់បន្ថែមថា៖ បច្ចុប្បន្នមណ្ឌលសំចតច្រកអូរបីជាន់ស្រុកអូរជ្រៅ បានទទួលពលករខ្មែរដែលត្រឡប់ពីប្រទេសថៃ មានចំនួន៨៤នាក់ ក្នុងនោះមានស្រី៣៤នាក់ និងធ្វើការពិនិត្យសុខភាព ដោយយកសំណាកទៅធ្វើតេស្ត Rapid test ជាលទ្ធផល គឺរកឃើញមានវិជ្ជមានកូវីដ-១៩ ចំនួន១៦នាក់ (ក្នុងនោះស្រី៤នាក់)។
លោកអភិបាលស្រុកអូរជ្រៅ បានថ្លែងបន្តទៀតថា នៅពេលទទួលពលករខ្មែរដែលត្រឡប់ពីប្រទេសថៃ ចូលមកម្ពុជាវិញនោះ អ្នកអវិជ្ជមានកូវីដ-១៩ ក៏ត្រូវបានបញ្ជូនទៅមណ្ឌលវិទ្យាល័យសម្តេចឪ ដើម្បីធ្វើចត្តាឡីស័ករយៈពេល២១ថ្ងៃសិន។ ចំណែកអ្នករកឃើញវិជ្ជមានកូវីដ-១៩ ក៏ត្រូវបានបញ្ជូនទៅមណ្ឌលព្យាបាលកងវ៉ា ក្រុងសិរីសោភ័ណ ដើម្បីសម្រាកព្យាបាល។ដោយឡែកជុំវិញករណីនេះដែរ ក្រុមពលករខ្មែរទាំងអស់នេះ ក៏បានលើកឡើងថា៖ មូលហេតុដែលពួកគាត់ត្រឡប់ពីប្រទេសថៃ ចូលមកកម្ពុជាវិញ ព្រោះតែអាជ្ញាធរថៃ បានបិទកន្លែងធ្វើការងារមួយចំនួននៅប្រទេសថៃ ដើម្បីបង្ការទប់ស្កាត់កូវីដ-១៩ ខណៈប្រទេសមួយនេះកំពុងតែឆ្លងរីករាលដាលខ្លាំង ដូច្នេះទេីបធ្វើឱ្យពួកគាត់គ្មានការងារធ្វើ ហើយក៏សម្រេចចិត្តនាំគ្នាវិលត្រឡប់មកមាតុភូមិរបស់ខ្លួនវិញតែម្តង៕ដោយ៖សហការី