ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង ៖ សម្រេច​បិទ​ខ្ទប់​ផ្សារឆ្នាំង និង​លំនៅ​ដែល​ជាប់​ពាក់ព័ន្ធជាមួយ​ផ្សារជា​បណ្តោះអាសន្ន​ ខណៈ​​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ចំនួន ២៣នាក់​បន្ថែមទៀត​

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ រដ្ឋបាលខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២១នេះ​ សម្រេច​បិទ​ខ្ទប់ផ្សារឆ្នាំង និង​លំនៅដែល​ជាប់​ពាក់ព័ន្ធ ជាមួយ​ផ្សារជា​បណ្តោះអាសន្ន​ ក្រោយពី​រកឃើញ អ្នក​វិជ្ជមាន​កូ​វីដ​-១៩ថ្មី​ចំនួន ២៣នាក់​បន្ថែមទៀត នៅ​ភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​ ខេត្ត​កំពង់ឆ្នាំង​ រហូតដល់​មានការ​សម្រេច​ជាថ្មីរបស់រដ្ឋបាលខេត្ត។​

នៅក្នុង​សេចក្ដី​សម្រេច​របស់​រដ្ឋបាល​ខេត្ត​ បានបញ្ជាក់ថា​ បន្ទាប់ពី​បាន​រកឃើញមានអ្នក​វិជ្ជមាន​កូ​វីដ-​១៩ និង​តម្រូវឱ្យ​អាជីវករ​ផ្សារឆ្នាំង និង​ប្រជាពលរដ្ឋ ដែលមាន​លំនៅដ្ឋាន ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​ផ្សារឆ្នាំង​ទាំងអស់ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក នៅតាម​លំនៅដ្ឋាន និង​ទី​សំណាក់​រៀងៗ​ខ្លួន ឱ្យ​បាន​ម៉ត់ចត់តាម​ការណែនាំ របស់​ក្រសួងសុខាភិបាល ។​

​គួរជម្រាបថា​ ក្នុងអំឡុងពេល​បិទ​ខ្ទប់ជា​បណ្ដោះអាសន្ន​នេះ រដ្ឋបាលខេត្ត មាន​វិធានការ ដូចខាងក្រោម៖

ទី១.​ហ៊ុមព័ទ្ធ​តាំង​ទាំងមូល ជា​បណ្ដោះអាសន្ន ។

ទី​២.​ផ្អាក​សកម្មភាព​លក់ និង​ការចេញចូល ទីតាំង​ខាងលើ ជា​បណ្ដោះអាសន្ន​។

និងទី៣.​ធ្វើការ​ស្រាវជ្រាវ រក​អ្នកពាក់ព័ន្ធ​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក និង​យក​សំណាក ។​

​ជាមួយគ្នានេះ​ រដ្ឋបាលខេត្ត​ សូមអំពាវនាវចំពោះ​បងប្អូន​ប្រជាពលរដ្ឋ ដែល​ធ្លាប់​ជាប់​ពាក់ព័ន្ធ​ដោយ​ប្រយោល ឬ​អ្នកពាក់ព័ន្ធ​ដោយផ្ទាល់ ក្នុង​ទីតាំង​ខាងលើ ត្រូវ​តាមដាន​សុខភាព​របស់ខ្លួន​ជាប្រចាំ និង​សូម​ទំនាក់ទំនង មក​ក្រុមការងារ មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង ឬ​មណ្ឌល​សុខភាព ដែល​នៅ​ជិត​បំផុត ដើម្បី​យក​សំណាក ធ្វើតេស្ត​ជាបន្ទាន់ ចាប់ពី​ថ្ងៃទី​៨ កក្កដា ២០២១ រៀងរាល់​ម៉ោង​ធ្វើការ និង​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក ស្របតាម​ការណែនាំរបស់​ក្រសួងសុខាភិបាល​កម្ពុជា​៕ដោយ​៖សហការី​


ចែករំលែក៖