ភ្នំពេញ៖ ព្រឹកថ្ងៃទី០៨ ខែកក្កដាឆ្នាំ២០២១នេះ តារាសម្តែងស្រី អ្នកនាង ឆុំ វត្តី ដែលគេស្គាល់ថាជាតួឯកស្រីក្នុងរឿងហ្លួងព្រះស្តេចកនសម្រាលបានកូនស្រីដ៏គួរឲ្យខ្នាញ់ម្នាក់ដោយសុវត្ថិភាពហើយ។ ការសម្រាលនេះត្រូវបានធ្វើឡើងនៅក្នុងមន្ទីរពេទ្យឯកជនមួយនៅរាជធានីភ្នំពេញបន្ទាប់ពីនាងនិងស្វាមីរងចាំអស់រយៈពេល៩ខែកន្លងមកហើយដើម្បីបានមើលមុខកូនស្រីដែលជាតំណក់ឈាមនាងនិងស្វាមីនោះ។
គេចាំបានដែរថា ព្រោះតែការរាតត្បាតនៃជំងឺកូវីដ-១៩ តារាសម្តែងស្រី ឆុំ វត្តីបានរារែកចិត្តខ្លាំងក្នុងការរៀបចំពិធីមង្គលការបែបទ្រង់ទ្រាយធំ។ ទោះជាយ៉ាងណានាងនិងគូស្នេហ៍សម្រេចចិត្តចូលរោងការតាមវេលាកំណត់ថាល្អ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ ២០២០ ដែលកម្មវិធីត្រូវមកធ្វើនៅផ្ទះឪពុកក្មេករបស់នាង លោកទិត ធារិទ្ធិ ដែលជាអ្នកដឹកនាំសម្ដែងល្បីឈ្មោះនៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។ ស្វាមីនាង ត្រូវបានគេស្គាល់ដែរថាគឺលោក រិទ្ធិ ហួរក្សា ដែលជាផលិតករភាពយន្ត និងបានស្គាល់ភ្ជាប់ទំនាក់ទំនងគ្នាប្រមាណជាង៥ឆ្នាំ មុនចូលរោងការជាផ្លូវការនេះ។
តារាស្រីរូបនេះលើបណ្តាញសង្គមបានបញ្ជាក់ថា កូនស្រីរបស់នាងត្រូវបាននាង និងស្វាមីសម្រេចយកឈ្មោះ រិទ្ធហួរ ជូលីតា កើតនៅថ្ងៃព្រហស្បត្តិ៍ទី៨ខែកក្កដា នេះ វេលាម៉ោង១០ និង១១នាទីព្រឹកទម្ងន់ ៣.៣គីឡូក្រាម និងមានសុខភាពល្អ និងមានសម្បុរ.ស គួរឲ្យខ្នាញ់។ នាងទទួលបានការសាទរ ពីមិត្តរួមអាជីពយ៉ាងច្រើនកុះករ ប៉ុន្តែហាក់មិនមានការជួបជុំសួរសុខទុក្ខពីសំណាក់ពួកគេនៅឡើយដែលគេដឹងថាគឺជាការរក្សាគម្លាតសុវត្ថិភាពតាមការណែនាំរបស់ក្រសួងសុខាភិបាលនោះ។
តារាស្រីរូបនេះធ្លាប់បញ្ជាក់ដែរថានាងនៅតែបន្តប្រឡូងក្នុងអាជីពសិល្បៈដដែលបើទោះបីជានាងមានស្វាមីនិងកូននោះក៏ដោយ៕
ដោយ ៖ វឌ្ឍនា