ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាល​ជល​ផលខេត្តព្រៃវែង ៖ ត្រីចិញ្ចឹម​ចម្រុះប្រមាណជា ១.២០០ តោន អាចនឹង​ចាប់លក់បាន​ពីខែកក្ដដានេះ រហូតដល់​ខែសីហា

ចែករំលែក៖

ខេត្ត​ព្រៃវែង​៖ បេី​តាមការបញ្ជាក់ពី​នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល ខេត្តព្រៃវែង លោក អូន ស៊ី​ណាត បានថ្លែង​ឱ្យ​ដឹង​នៅ​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០២១​នេះថា៖​ ត្រី​ច​ញ្ចឹ​ម​ច្រើន​ចម្រុះ​នៅក្នុង​ខេត្តព្រៃវែង ចំនួន​ប្រមាណ ១.២០០ អាច​ផ្គត់ផ្គង់​ដល់ទី​ផ្សារ ​ចាប់​លក់បានជា​បន្តបន្ទាប់ចាប់ពីខែនេះ រហូតដល់​ខែសីហា ភាគច្រើនជា​ត្រី​ប្រា ដែល​កន្លងទៅ​ផ្គត់ផ្គង់ ដល់ទី​ផ្សារ ក្នុង​ខេត្តព្រៃវែង និង​បណ្តា​ខេត្ត នៅ​ភាគ​ឦសាន ហើយនឹង​មួយចំនួន ទីផ្សារ ក្នុង​រាជធានី​ភ្នំពេញ​ដែរ​។​

នាយ​ខណ្ឌ​រដ្ឋបាល​រូបនេះ​ បានថ្លែងបន្តថា​ នៅក្នុង​ចំនួន ត្រី ១.២០០ តោន​នេះ មាន​ត្រី​ប្រា អណ្តែង ឆ្ពិន និង ត្រី​ឆ្តោ ប្រហែល ២០០ តោន​។ ត្រី​ចិញ្ចឹម​បាន នៅក្នុង​ខេត្ត​នេះ មិន​ពិបាក​រក​ទីផ្សារ​ទេ មួយចំនួន ផ្គត់ផ្គង់​ទីផ្សារ ក្នុង​ខេត្ត ជាពិសេស ទីផ្សារ របស់​បណ្តា​ខេត្ត នៅ​ភាគ​ឦសាន ដូចជា​មណ្ឌលគិរី រតនគិរី មានតែ​ត្រី​ឆ្តោ​ទេ ដែល​ពេលខ្លះ ត្រូវបាន​គេ​ទិញ​យកទៅ​ភ្នំពេញ​នោះ តែ​ពេលខ្លះ ក៏មាន​នាំ​ត្រី​ឆ្តោ ត្រី​រ៉ស់ ពី​ភ្នំពេញ មកកាន់​ទីផ្សារ ខេត្តព្រៃវែង​វិញ​ដែរ ។ ត្រី​នាំ​ពី​ខេត្តព្រៃវែង ចូល​ទីផ្សារ នៅ​រាជធានី កន្លងទៅ ភាគច្រើន ជា​ត្រី​ធម្មជាតិ ដែល​មានតែ​នៅក្នុង​រដូវ​បើក​នេសាទ​។​

បន្ថែមពីនេះ​ ​លោក អូន ស៊ី​ណាត បានសង្កត់ធ្ងន់ថា​ ការចិញ្ចឹម​ត្រី នៅក្នុង​ខេត្តព្រៃវែង មានការ​រីកចម្រើន ច្រើន ដែល​មកដល់ពេលនេះ មាន​ស្រះ​ចិញ្ចឹម​ត្រី​ចម្រុះ ទាំង​តូចធំ រហូតដល់ ៩.០០០ ស្រះ ខ្លះ​ជា​លក្ខណៈ​អាជីវកម្ម តែ​ភាគច្រើន ជា​លក្ខណៈ​គ្រួសារ​។ ត្រី​ដែល​ប្រជាពលរដ្ឋ ចិញ្ចឹម​បាន និង​ដល់ពេល​ត្រូវ​ចាប់ ដែល​យើង​តែងតែ​ជួយ​ធ្វើការ ទំនាក់ទំនង​ទៅ​ឈ្មួញ ឱ្យមកធ្វើ​ការទំនាក់ទំនង ផ្ទាល់​ជាមួយនឹង​អ្នក​ចិញ្ចឹម​ត្រី និង​បាន​បង្កលក្ខណៈ​ច្បាប់​ងាយស្រួល ក្នុងការ​ដឹកជញ្ជូន ពី​កន្លែង​ចិញ្ចឹម ទៅកាន់​ទីផ្សារ នៅ​ខេត្ត​ផ្សេងៗ និង​រាជធានី​ភ្នំពេញ​។​

​គួរជម្រាបថា​ កាលពី​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២១ថ្មីៗ​នេះ​ រដ្ឋបាល​ជលផល នៃ​ក្រ​សួ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានស្នើ​សុំ​ដល់ គ្រប់​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រាជធានី ខេត្ត ឱ្យ​ជម្រុញ​រក​ទីផ្សារ វារីវប្បកម្ម ជូន​វា​រី​វប្បករ តាម​រាជធានី ខេត្ត ។​

​ជាក់ស្ដែង​នៅក្នុង​លិខិតដែល​ចុះហត្ថលេខាដោយ​លោក ពុំ សុថា ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក ជា​ប្រធានរដ្ឋបាល​ជលផល​នេះ បាន​សរសេរយោងតាម​ការណែនាំ របស់លោក​រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុងឱកាស​ជួប​សំណេះ សំ​ណា​ល ជាមួយ​វា​រី​វប្បករ នៅ​ខេត្តកំពង់ឆ្នាំង កាលពី​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២១​។​

លោក​ប្រធានរដ្ឋបាល​ជលផល​រូបនេះ​ បានគូសបញ្ជាក់នៅក្នុង​លិខិត​របស់ខ្លួន​ថា៖” ខ្ញុំ​សូម​ជម្រាប​លោក ប្រធាន​មន្ទីរ​ថា បច្ចុប្បន្ន ការអភិវឌ្ឍ​វារីវប្បកម្ម នៅ​ទូទាំងប្រទេស បាននិងកំពុង​រីក ចម្រើន គួរកត់សម្គាល់ ដោយមាន​ការយកចិត្ត ទុកដាក់​ខ្ពស់ ពី​រាជរដ្ឋាភិបាល ក្រ​សួ ង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រដ្ឋបាល​ជលផល និង​ដៃគូ​អភិវឌ្ឍន៍​នានា ឃើញថា រយៈពេល ១០ ឆ្នាំ​មកនេះ ការងារ​វារីវប្បកម្ម មានការ​ចាប់អារម្មណ៍ យ៉ាងខ្លាំង ពី​សំណាក់​វា​រី​វប្បករ ក្នុង​ការធ្វើ​វារីវប្បកម្ម ខ្នាតតូច មធ្យម និង​ខ្នាត​ធំ រួមមាន​ការ ចិញ្ចឹម​ត្រី ក្នុង​ស្រះ, បែ,​ ស៊ង, ស្រែ និងថង់​ប្លា​ស្ទីកជាដើម ដែលនាំឱ្យ​បរិមាណ​ផល​វារីវប្បកម្ម មាន​សន្ទុះ​កើនឡើង​ជា​លំដាប់​។​

​ទន្ទឹម​នឹង​នេះ​ នៅក្នុង​លិខិតដដែល​ បានគូសបញ្ជាក់ទៀត​ថា ជាក់ស្តែង ផល​វារីវប្បកម្ម បាន​កើន​ពី ៦០ ទៅ ៣០៧ ពាន់​តោន ពី​ឆ្នាំ ២០១០ ដល់​ឆ្នាំ ២០១៩ (​កើន​ជា​មធ្យម ២០ ភាគរយ ក្នុង​មួយឆ្នាំ​) ។ ដោយឡែក នៅ​អំឡុងពេល នៃ​ការរីក​រាលដាល​ជម្ងឺ​កូ​វីដ​- ១៩ កម្មវិធី​ជួបជុំ ដូចជា កា​រៀប​អាពាហ៍ពិពាហ៍ បុណ្យទាន​ផ្សេងៗ កន្លែង​ទេសចរណ៍ និង​ភោជនីយដ្ឋាន មួយចំនួន ត្រូវបាន​បិទ ដែលនាំឱ្យ​តម្រូវការ​ត្រី​សាច់ មានការ​ថយចុះ បណ្តាលឱ្យ វា​រី​វប្បករ ជួប​ការលំបាក​ក្នុង​ការរក​ទីផ្សារ។ ដូចនេះ សូម​លោក​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រាជធានី ខេត្ត ជួយ​ជម្រុញ​ខណ្ឌ​រដ្ឋបាល​ជល​ផល ឱ្យខិត​ខំ​រក​ទីផ្សារ ជូន​វា​រី​វប្បករ ស្របតាម​ការណែនាំ របស់លោក រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​៕

ដោយ​៖សហការី​

 


ចែករំលែក៖