ភ្នំពេញ ៖ បុរសជនជាតិបរទេសបីនាក់បាននាំគ្នាចូលទៅផឹកសុីក្នុងភោជនីយដ្ឋានផ្កាខៀវរហូតដល់ស្រវឹងរៀងៗខ្លួន ហើយក៏បាននាំគ្នាហៅឡំប្រឺតាជិះត្រលប់ទៅវិញ ប៉ុន្តែមានបុរសម្នាក់មិនព្រមទៅទើបបង្កជាជម្លោះប្រទាញប្រទង់គ្នារហូតមានការវាយបំផ្លាញឡំប្រឺតា និងដេញវាយទាំងម្ចាស់ឡំប្រឺតានោះថែមទៀត តែមិនបានវាយត្រូវនោះទេ។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង០០នាទីយប់ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥៩២ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសជនជាតិបរទេសបីនាក់បានផឹកសុីនៅក្នុងភោជនីយដ្ឋានផ្កាខៀវដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ៥៩២ រហូតមកដល់ម៉ោងជិត១១យប់ក៏បានឃើញពួកគេចេញមកក្រៅហើយបានហៅឡំប្រឺតាមួយគ្រឿងពណ៌សពាក់ស្លាកលេខស្វាយរៀង1P-8834 ដើម្បីជិះត្រលប់ទៅបន្ទប់ជួលវិញ ប៉ុន្តែក្នុងចំណោមនោះមានបុរសម្នាក់មិនព្រមឡើងឡំប្រឺតាទៅវិញនោះទេ ហើយថែមទាំងបានរុញនិងវាយកញ្ចក់ឡំប្រឺតាបណ្តាលឲ្យបែកកញ្ចក់ រួចបានដេញវាយម្ចាស់ឡំប្រឺតានោះបន្ថែមទៀត តែសំណាងល្អដេញវាយមិនត្រូវនោះទេ។
ក្រោយកើតហេតុសម្ថកិច្ចមូលដ្ឋានបានមកដល់រួចបាននាំបុរសជនជាតិបរទេសទាំងនោះ និងម្ចាស់ឡំប្រឺតាយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់២ដើម្បីសាកសួរ និងចាត់ការតាមនីតិវីធីច្បាប់។ លុះមកដល់ក្នុងប៉ុស្តិ៍ស្រាប់តែបុរសជនជាតិបរទេសទាំងនោះច្រងេងច្រងាងប្រទាញប្រទង់ជាមួយសមត្ថកិច្ចទើបត្រូវសមត្ថកិច្ចវាយចំនួនពីរដៃ៕
ដោយ៖ និន សុភ័ស្ត