ខេត្តកំពង់ចាម ៖ កម្លាំងនគរបាលចម្រុះនៃខេត្តកំពង់ចាមបានបេីកកិច្ចប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនចំនួន២ករណីដោយប្រេីវិធានញុះញង់ និងប្រើវិធានរដ្ឋបាលចំហ ឈានដល់ឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់ ដកហូតបានវត្ថុតាងមួយចំនួនយកមកចាត់ការតាមច្បាប់ ។
លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមបានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ លោកបានបញ្ជាឲ្យកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម រួមជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបាធាយ កម្លាំងជំនាញនៃអធិការដ្ឋានគរបាលស្រុកកំពង់សៀម និងកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកមុខកំពូល ខេត្តកណ្តាល និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាកោង១ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលពីលោក តូច ឧត្តម ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចាប់ផ្តេីមបេីកកិច្ចប្រតិបត្តិការចុះបង្ក្រាបការជួញដូរគ្រឿងញៀនខាងលេីនេះ ។
លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមបានបន្តឱ្យដឹងទៀតថា កិច្ចប្រតិបត្តិការចុះបង្ក្រាប ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនចំនួន២ករណី (ដោយប្រេីវិធានញុះញង់និងប្រើវិធានរដ្ឋបាលចំហ)នេះគឺឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់៖
១.ឈ្មោះ ផាន់ គឹមស្រ៊ី ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិគហេរ ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល ។
២.ឈ្មោះ ចាត ជីវ័ន ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកផ្តៅ ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្តាល ។
៣.ឈ្មោះ រ៉ន វ៉ៃ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិព្រែកផ្តៅ ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្តាល ។
៤.ឈ្មោះ ផល ប៉ុក ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិព្រែកផ្តៅ ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្តាល ។
៥-ឈ្មោះ សុខ សិរី ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត មានទីលំនៅភូមិទង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។
ចំពោះវត្ថុតាងដែលដកហូតបានរួមមាន៖ ថ្នាំញៀនចំនួន១១កញ្ចប់, ទូរស័ព្ទដៃចំនួន៨គ្រឿង, រថយន្តម៉ាកសាំយ៉ុង ពណ៌ស ចំនួន១គ្រឿង ជញ្ជីងអេឡិចត្រូនិកចំនួន១គ្រឿង, ប្រាក់ញុះញុង់ចំនួន ២៨០.០០០៛ (ម្ភៃប្រាំបីម៉ឺនរៀល) និងសម្ភារវេចខ្ចប់ថ្នាំញៀនមួយចំនួនធំ ៕
ដោយ ៖ វណ្ណៈ