ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី វេង សាខុន បានបន្តបង្ហាញពីវឌ្ឍនភាពនៃដំណើរការវិវត្តន៍មន្ទីរពិសោធន៍ផលិតផលកសិកម្ម និងម្ហូបអាហារកម្ពុជា – Cambodia Laboratory of Agricultural Products and Foods (CamLAPF)

ចែករំលែក៖

ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ បានបង្ហាញពី វឌ្ឍនភាពនៃដំណើរការវិវត្តន៍មន្ទីរពិសោធន៍ផលិតផលកសិកម្ម និងម្ហូបអាហារកម្ពុជា – Cambodia Laboratory of Agricultural Products and Foods (CamLAPF)។ 

លោករដ្ឋមន្ត្រីបញ្ជាក់ថា, មន្ទីរពិសោធន៍គឺជាកន្លែងវិនិច្ឆ័យ បញ្ជាក់ ឬផ្ទៀងផ្ទាត់ចុងក្រោយថាផលិតផលមួយដូចជាបន្លែ ផ្លែឈើ ត្រី សាច់ជាស្រស់ ឬជាលក្ខណ:កែច្នៃបឋម មានគុណភាពល្អ និងសុវត្ថិភាព ចង់សំដៅទៅលើផលិតផលមួយប្រភេទគ្មានសំណល់សារធាតុគីមី (លើសពីកម្រិតកំណត់) គ្មានពពួកអតិសុខុមប្រាណ (bacteria, parasite, and virus) សារធាតុពុលបណ្តាលមកពីសំណល់លោហ:ធាតុធ្ងន់ (Heavy metal) សំណល់ថ្នាំ និងជីកសិកម្ម គ្មានជំងឺឆ្លង និងពពួកផ្សិតចង្រៃ។ល។ អាចនិយាយបានថាមន្ទីរពិសោធន៍ដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាគុណភាព សុវត្ថិភាពកសិផល និងម្ហូបអាហារ និងការពារសុខភាពសាធារណ: លើកកម្ពស់ជំនឿទុកចិត្ត និងផ្តល់ភាពយុត្តិធម៌ដល់អ្នកបរិភោគ។ ម្យ៉ាងវិញទៀត មន្ទីរពិសោធន៍បានចូលរួមចំណែកក្នុងការទប់ស្កាត់ជំងឺឆ្លង និងជំងឺមិនឆ្លងទាំងសត្វ និងដំណាំ ហើយលទ្ធផលនៃការវិភាគសំណាកនៅមន្ទីរ ពិសោធន៍គឺជាយន្តការកំណត់បង្ហាញយ៉ាងជាក់ច្បាស់មួយថាតើអ្នកផលិតបានប្រើប្រាស់ជី-ថ្នាំកសិកម្ម ដី និងទឹក បានត្រឹមត្រូវតាមបច្ចេកទេស ឬមួយយ៉ាងណា។ 

លោករដ្ឋមន្ត្រីបន្តថា, ក្នុងបរិបទដែលប្រទេសជាតិកំពុងវិវឌ្ឍន៍រីកចម្រើនទាំងសេដ្ឋកិច្ច និងសង្គម ធ្វើឲ្យកម្រិតជីវភាពរបស់ប្រជាពលរដ្ឋត្រូវបានលើកកម្ពស់ ហើយបញ្ហាសុខភាពសាធារណ:ក៏ត្រូវបាននិងកំពុងគិតគូ យកចិត្តទុកដាក់ខ្ពស់ ជាពិសេសបញ្ហាសុខភាពដែលបណ្តាលមកពីការបរិភោគចំណីអាហារ (Foodborne illness)។ ដើម្បីអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកសិកម្ម និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញការនាំចេញកសិផល កសិ-ម្ហូបអាហារ ដោយធានាលើគុណភាព និងសុវត្ថិភាព ជាពិសេសសុខភាពសាធារណ: សុខភាពសត្វ-ដំណាំ ភាតរបរិស្ថាន និងយោងតាមការចាំបាច់ នៅឆ្នាំ២០០៩ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានស្នើសុំជំនួយមន្ទីរពិសោធន៍កសិកម្មពីសាធារណរដ្ឋប្រជាមានិតចិន។ 

តបតាមសំណើនៅឆ្នាំ២០១១ រដ្ឋាភិបាលចិនបានសម្រេចផ្តល់មន្ទីរពិសោធន៍ និងបានបើកការដ្ឋានសាងសង់នៅខែវិច្ឆិកា ឆ្នាំ២០១៣ ស្ថិតក្នុងបរិវេណវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងត្រូវបានបញ្ចប់ជាស្ថាពរនៅខែតុលា ឆ្នាំ២០១៥។ ខែធ្នូ ឆ្នាំ២០១៦ បានរៀបចំពិធីប្រគល់ទទួលមន្ទីរពិសោធន៍នេះ ក្រោមអធិបតីភាពលោករដ្ឋមន្រ្តី វេង សាខុន និងលោក ឯកអគ្គរដ្ឋទូតនៃសាធារណ:ប្រជាមានិតចិន ដោយបានដាក់ឈ្មោះមន្ទីរពិសោធន៍នេះថា˝មន្ទីរពិសោធន៍ផលិតផលកសិកម្ម និងចំណីអាហារកម្ពុជា˝ ហើយមន្ទីរពិសោធន៍នេះស្ថិតក្រោយការទទួលខុសត្រូវពីនាយកដ្ឋានកសិ-ឧស្សាហកម្ម។ 

ដើម្បីពង្រឹងសមត្ថភាពរបស់មន្រ្តី និងលើកកម្ពស់ប្រសិទ្ធភាពការងាររបស់មន្ទីរពិសោធន៍ ស្របតាមនិយាមជាតិ និងអន្តរជាតិ នាយកដ្ឋានកសិ-ឧស្សាហកម្ម បានសហការជាមួយវិទ្យាស្ថានជាតិស្រាវជ្រាវឧស្សាហកម្មចំណីអាហារ និងអាហារផ្អាប់របស់ប្រទេសចិន ដោយបានបញ្ជូនមន្ត្រីជំនាញទៅសិក្សាអំពីបច្ចេកវិទ្យាទំនើបៗ និងការអភិវឌ្ឍន៍ឧស្សាហកម្មចំណីអាហារ។ ក្រោយពេលបំពាក់ឧបករណ៍ សម្ភារពិសោធន៍ និងមានរចនាសម្ព័ន្ធដឹកនាំ គ្រប់គ្រងទាំងការងាររដ្ឋបាល និងបច្ចេកទេស និងជាពិសេសទទួលបានការគាំទ្រពីអង្គការ KOICA បន្ថែម ទើបនៅខែឧសភា ឆ្នាំ២០១៧ មន្ទីរពិសោធន៍ចាប់ផ្តើមដំណើរការវិភាគបឋមដោយប្រើ GPO kit TM1 and GPO kit TM2 សម្រាប់ធ្វើតេស្ត៍ រកកាកសំណល់ថ្នាំសម្លាប់សត្វល្អិតនៅលើបន្លែ ផ្លែឈើ និងគ្រាប់ធុញ្ញជាតិ។ ក្រៅពីនេះអង្គការ KOICA បានផ្តល់បរិក្ខារ និងសារធាតុគីមី សម្រាប់វិភាគកាកសំណល់ថ្នាំពុលកសិកម្ម និងវិភាគរកវត្តមានអតិសុខុមប្រាណ បង្កគ្រោះថ្នាក់ដូចជាសាល់ម៉ូណេឡា (Salmonella) និងអ៊ីកូលី (Ecoli) នៅក្នុងសាច់សត្វស្រស់ បន្លែ ជ្រក់ និងត្រីប្រឡាក់។ 

១. បេសកកម្ម ៖

ដើម្បីសម្របសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងការផ្តល់សេវាវិភាគគុណភាព សុវត្ថិភាពផលិតផលកសិកម្ម និងចំណីអាហារ ទៅតាមលក្ខណៈរូបសាស្រ្ត គីមីសាស្ត្រ និងអតិសុខុមជីវសាស្ត្រ និងការសិក្សាស្រាវជ្រាវលើមុខងារ អាហារូបត្ថម្ភ ក្នុងផលិតផលកសិកម្ម និងកសិ-ចំណីអាហារ ដើម្បីចូលរួមចំណែកលើកកម្ពស់គុណភាពចំណីអាហារនៃផលិតផលកសិកម្ម។

២. តួនាទី និងភារកិច្ច ៖

 យោងតាមប្រកាសលេខៈ ២០៤ ប្រក.កសក ចុះថ្ងៃទី២០ ខែមេសាឆ្នាំ ២០១៨ ៖ ស្តីពីការដាក់ឲ្យប្រើប្រាស់មន្ទីរពិសោធន៍ផលិតផលកសិកម្ម និងចំណីអាហារកម្ពុជា នាយកដ្ឋានកសិ-ឧស្សាហកម្មមានតួនាទី និងភារកិច្ចដូចខាងក្រោម ៖

– ផ្តល់សេវាវិភាគគុណភាព និងសុវត្ថិភាពចំណីអាហារនៃផលិតផលកសិកម្ម រួមទាំងផលិត ផលកសិ-ឧស្សាហកម្ម និងកសិ-ចំណីអាហារ

– ចេញវិញ្ញាបនប័ត្របញ្ជាក់លទ្ធផលវិភាគគុណភាព និងសុវត្ថិភាព

– សម្របសម្រួល និងលើកកម្ពស់សុវត្ថិភាពផលិតផលកសិកម្ម នាំចូល-នាំចេញ

– ផ្តល់សេវាបណ្តុះបណ្តាលធនធានមនុស្ស សហការស្រាវជ្រាវ វិភាគគុណភាពនិងសុវត្ថិភាព

– ធានាប្រសិទ្ធភាព និងគុណភាពនៃមន្ទីរពិសោធន៍ឯកជន គ្រឹះស្ថានសាធារណៈទាំងឡាយដែលប្រកបអាជីវកម្មវិភាគគុណភាព និងសុវត្ថិភាព។

៣. សកម្មភាពរបស់មន្ទីរពិសោធន៍ដែលបានអនុវត្តនៅឆ្នាំ២០២០ ៖

– បានវិភាគរកសមាសធាតុលោហៈធ្ងន់ (អាសេនិច) លើសំណាកទឹកអណ្តូង ០៧ប្រភេទ និងបន្លែស្រស់ចំនួន ០៧សំណាក

– បានវិភាគរកសមាសធាតុអាស៊ូត ផូស្វ័រ ប៉ូតាស្យូម អាស៊ីត និង pH នៅក្នុងទឹកស្ងោរគ្រាប់ ស្វាយចន្ទីចំនួន ០២ប្រភេទ

– បានវិភាគរកសមាធាតុគីមីលោហៈធ្ងន់ (អាសេនិច) នៅក្នុងអង្ករសែនជ័យប្រេន SENCHEY BRAND អង្ករសែនក្រអូប SEN KRA-OB RICE និងក្នុងបន្លែជលាវកម្ម (Hydroponic Vegetable)

– បានវិភាគរកសមាសធាតុ ផេះ សំណើម ជាតិសសៃ ខ្លាញ់ អាស៊ូត ប្រូតេអ៊ីន ផូស្វ័រ ប៉ូតាស្យូម កាល់ស្យូម ដែក និងកាបូនអ៊ីដ្រាតនៅក្នុងអង្ករ ០២ប្រភេទ និងចំណីសត្វចំនួន ១៨សំណាក

– បានវិភាគរកសមាសធាតុ GMO ដោយប្រើប្រាស់ឧបករណ៍ Florescence Quantitative Rapid Detection System for GMO លើសណ្តែកសៀង អង្ករ និងពោតលឿង ដែលបានប្រមូលមកពីកន្លែងផ្សេងៗគ្នាក្នុងរាជធានីភ្នំពេញចំនួន ១០សំណាក 

– បានវិភាគរកសមាសធាតុ Aflatoxin (B1) ដោយប្រើប្រាស់ឧបករណ៍ Florescence Quantitative Rapid Detection System លើអង្ករ និងចំណីសត្វចំនួន ១៨សំណាក

– បានរៀបចំគម្រោងសិក្សានិក្ខេបទរបស់និស្សិតមកពីសាកលវិទ្យាល័យអន្តរជាតិលើការសិក្សា និងវិធីសាស្រ្តវិភាគរកបាក់តេរីចម្លងគ្រោះថ្នាក់ចំនួន ០៣ប្រភេទគឺ៖ ១- សាល់ម៉ូណេឡា ២-អ៊ីកូលី និង៣- Total Plate Count

  បានវិភាគរកបាក់តេរីចម្លងគ្រោះថ្នាក់ចំនួន ០៤ប្រភេទ គឺ៖ ១- សាល់ម៉ូណេឡា ២- អ៊ីកូលី និង ៣- Total Plate Count ៤- ផ្សិតលើអង្ករសែនជ័យប្រេន SENCHEY BRAND អង្ករសែនក្រអូប SEN KRA-OB RICE និងបន្លែស្រស់ ០៧សំណាក

៤. ចក្ខុវិស័យសម្រាប់អនាគត ៖

មន្ទីរពិសោធន៍ផលិតផលកសិកម្ម និងចំណីអាហារកម្ពុជានឹងខិតខំស្វែងរកដៃគូសហការពីគ្រប់ មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេសដើម្បីលើកកម្ពស់សមត្ថភាពធនធានមនុស្ស ធនធានបច្ចេក ទេស និងធនធានថិវកាសម្រាប់ពង្រីកសក្តានុពលរបស់មន្ទីរពិសោធន៍ជាតិមួយនេះឲ្យពេញ សមត្ថភាពក្នុងការដើរតួនាទីជាអាជ្ញាកណ្តាលកាត់ក្តីរកយុត្តិធម៌ជូនអ្នកផលិត អ្នកលក់ និងអ្នកបរិភោគ ដោយលើកយក “គុណភាព និងសុវត្ថិភាព” មកធ្វើការវិនិច្ឆ័យ។ 

ប្រសិនបើអតិថិជនមានបំណងទទួលយកសេវាវិភាគចំណីអាហារដែលបានមកពីផលិតផលកសិកម្ម ឬព័ត៌មានបន្ថែម សូមអញ្ជើញទាក់ទងទៅបណ្ឌិត ជួន មណីរដ្ឋ ជាប្រធានមន្ទីរពិសោធន៍ លេខ ០៧៨ ៦៧៣២២៥ ៕

ដោយ ៖ សិលា


ចែករំលែក៖