ព័ត៌មានទាន់ហេតុការណ៍៖

ហៃទីស្នើអង្គការសហប្រជាជាតិ និងអាមេរិកជួយធានាសន្តិសុខ

ចែករំលែក៖

រដ្ឋមន្ត្រីទទួលបន្ទុករៀបចំការបោះឆ្នោតហៃទីបានឱ្យដឹងថា រដ្ឋាភិបាលប្រទេសនេះបានស្នើឱ្យអាមេរិកបញ្ជូនកម្លាំងទាហាន ប្រមាណ៥០០នាក់ដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងនោះមានកំពង់ផែ អាកាសយានដ្ឋាន …។
នៅថ្ងៃទី៩ ខែកក្កដា រដ្ឋាភិបាលហៃទីបានស្នើដល់អង្គការសហប្រជាជាតិជួយការពារសន្តិសុខ ពេលស្ថានភាពសន្តិសុខក្នុងប្រទេសនេះកាន់តែអាក្រក់ក្រោយប្រធានាធិបតី Jovenel Moise រងការធ្វើឃាតកាលពីថ្ងៃទី៧ខែកក្កដា ។ សំណើខាងលើកើតឡើងក្រោយពេលដែលហៃទីបារម្ភខ្លាចកម្លាំងទាហានស៊ីឈ្នួល អាចនឹងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបង្កអសន្តិសុខក្នុងប្រទេសនេះ។
ក្នុងពេលជាមួយគ្នានេះដែរ កម្លាំងប៉ូលិសហៃទីបានឱ្យដឹងថា មនុស្សមួយក្រុមមានគ្នា២៦នាក់ ជាជនជាតិកូឡំប៊ី និងអាមេរិក២នាក់ បានចូលរួមក្នុងសកម្មភាពធ្វើឃាតប្រធានាធិបតី Moise នៅក្នុងផ្ទះ។ កម្លាំងការពារប្រធានាធិបតីបានសម្លាប់ខ្មាន់កាំភ្លើង៣នាក់ និងចាប់ខ្លួនបាន១៧នាក់ ហើយពេលនេះកម្លាំងសន្តិសុខកំពុងតាមចាប់ខ្លួនជនដៃដល់៨រូបទៀតដែលបានរត់គេចខ្លួន ។
ចាប់តាំងពីពេលប្រធានាធិបតីហៃទីត្រូវគេធ្វើឃាតមក ប្រទេសនេះស្ថិតនៅក្នុងស្ថានភាពអសន្តិសុខ ដោយមិនទាន់មានរដ្ឋាភិបាលដឹកនាំប្រទេសនៅឡើយ។ ទាំងនោះហើយបានជាប្រទេសនេះស្នើដល់អាមេរិក និងអង្គការសហប្រជាជាតិបញ្ជូនកម្លាំងទាហានទៅជួយការពារសន្តិសុខនិងទីតាំងសំខាន់ៗក្នុងប្រទេសនេះ ៕

ដោយ៖ ធីរីណា(រូបថត៖ AFP / ttxvn)


ចែករំលែក៖