ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលរងក្រុងស្វាយរៀងអំពាវនាវដល់ប្រជាពលរដ្ឋនៅក្រុងស្វាយរៀងបន្តចូលរួមទទួលការចាក់វ៉ាក់សាំងទៅតាមការអញ្ជើញនិងពេលវេលាកំណត់របស់អាជ្ញាធរមូលដ្ឋាន ព្រោះគុណប្រយោជន៍របស់វ៉ាក់សាំងបានជួយទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ដល់យើងទាំងអស់គ្នា

ចែករំលែក៖

ខេត្តស្វាយរៀង ៖ លោកសរ សុដានីអភិបាលរងក្រុងស្វាយរៀងបានអំពាវនាវដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅក្រុងស្វាយរៀងបន្តចូលរួមទទួលការចាក់វ៉ាក់សាំងទៅតាមការអញ្ជើញ និង ពេលវេលាកំណត់របស់អាជ្ញាធរមូលដ្ឋាន ព្រោះគុណប្រយោជន៍របស់វ៉ាក់សាំងបានជួយទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ដល់យើងទាំងអស់គ្នា។

ការអំពាវនាវនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១០ខែកក្កដាឆ្នាំ២០២១ក្នុងឱកាសដែលលោកសរ សុដានី អភិបាលរងក្រុងតំណាងលោកអភិបាលក្រុងស្វាយរៀងចុះពិនិត្យយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺឆ្លងកូវីដ-១៩ ប្រគេនព្រះសង្ឃ ជូនដល់ប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលមានអាយុចាប់ពី១៨ឆ្នាំឡេីងទៅដោយឥតគិតថ្លៃ នៅក្នុងមូលដ្ឋានក្រុងស្វាយរៀង ។

លោកសរ សុដានីបានបន្តថា ដោយមានការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោហ៊ុន សែនមកដល់ថ្ងៃនេះក្រុងស្វាយរៀងបានបើកយុទ្ធនាការចាក់វាក់សាំងជូនដល់ប្រជាពលរដ្ឋបាន៣ថ្ងៃហើយដោយបានបន្តដំណើរការទៅយ៉ាងរលូន បន្ទាប់ពីបងប្អូនប្រជាពលរដ្ឋបានអញ្ជើញមកទទួលការចាក់វ៉ាក់សាំងទៅតាមការអញ្ជើញ និងពេលវេលាកំណត់របស់អាជ្ញាធរ ហើយបានចូលរួមសហការបានយ៉ាងល្អជាមួយក្រុមការងារទាំងអស់។

លោកក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងាររដ្ឋបាល ក្រុង-សង្កាត់ ជាពិសេសប្អូនៗក្មួយៗ យុវជន (សសយក) ក្រុងស្វាយរៀងដែលបានចូលរួមយ៉ាងសកម្មជួយសម្របសម្រួលការងារចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋយ៉ាងសស្រាក់សស្រាំមិនខ្លាចនឿយហត់ឡើយ។

លោកបានបន្ថែមថា  ក្រោយទទួលបានវ៉ាក់សាំងរួចសូមពុកម៉ែបងប្អូនប្រជាពលរដ្ឋត្រូវតែបន្តប្រកាន់ភ្ជាប់នូវវិធានការ”៣ការពារ ៣កុំ”របស់ប្រមុខរាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួនជានិច្ចទើបធ្វើឱ្យស្ថានភាពវិលទៅរកភាពដើមវិញនាពេលខាងមុខនេះជាក់ជាមិនខាន៕

ដោយ៖ យឹម សុថាន


ចែករំលែក៖