ព័ត៌មានទាន់ហេតុការណ៍៖

ចោរឆក់ខ្សែកម្នាក់​ត្រូវ​នគរបាល​ខេត្ត​កណ្ដាល​ឃាត់ខ្លួន​ ខណៈឆក់មិនបានសម្រេច​ក៏រត់ចោលម៉ូតូតែនឹកឃេីញស្ដាយក៏ត្រឡប់មកយកវិញ

ចែករំលែក៖

ខេត្ត​កណ្តាល​៖ ​បេី​យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​នគរបាល​ខេត្ត​កណ្ដាល​បានឱ្យដឹងថា​ កម្លាំងសមត្ថកិច្ចជំនាញ​បានឃាត់ខ្លួនជនសង្ស័យម្នាក់​ដែល​ជាចោរឆក់​ខ្សែ​ក​ ខណៈ​ដែល​រូបគេបានធ្វើ​សកម្មភាព​ឆក់​យកខ្សែ​កពី​អ្នក​ធ្វើ​ដំណើរ ប៉ុន្ដែ​មិន​បាន​សម្រេច បង្កការភ្ញាក់ផ្អេីលកាលពីវេលា​ម៉ោង​៨​និង​៣០​នាទីព្រឹកថ្ងៃ​ទី​១០​ ខែកក្កដា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្លូវ​៥០​ម៉ែត្រ ភូមិប​ត្តាជី សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។របាយការណ៍​ដដែល​បន្តថា នារីរង​គ្រោះ​(​មិន​ស្គាល់​អត្តសញ្ញាណ​ ក្រោយកេីតហេតុបានគេចខ្លួនបាត់)។ ចំណែក​ជនសង្ស័យ​ឈ្មោះ​សុខ វ៉ា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​រាំង សង្កាត់​កំពង់សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរមិន​ពិតប្រាកដ​។

ប្រភពដដែល​បានបន្ថែមទៀតថា​ នៅ​មុនពេលកេីតហេតុ​ ​ជន​រង​គ្រោះ​កំពុង​តែ​ជិះ​ម៉ូតូ​តាម​ផ្លូវ​៥០​ម៉ែត្រឆ្ពោះ​មក​ស្ពាន​ព្រែក​ហូរ​ ស្រាប់តែ​ជនសង្ស័យ​​ជិះ​ម៉ូតូ​មក​ពីក្រោយ​ដល់​ទន្ទឹម​ក៏ធ្វើសកម្មភាព​ឆក់​យកខ្សែ​.ក​ តែ​ពុំ​បាន​សម្រេច​ទេ ​ដោយ​ម៉ូតូ​ប៉ះ​គ្នា​បណ្តាល​ដួល ហើយភ្លាម​ៗនោះ​ជនសង្ស័យ​បាន​រត់​ចោល​ម៉ូតូ ចំណែក​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​មក​រាយការណ៍​ប្រាប់​សមត្ថកិច្ច​គោលដៅ​ភ្លើងស្តុ​ប​ព្រែក​ហូរ ក្នុង​ពេល​នោះ​ជនសង្ស័យ​ក៏​ត្រឡប់​មក​យក​ម៉ូតូ​របស់​ខ្លួន​វិញ​តែជិះ​មិន​កើត​បាន​ហៅ​ម៉ូតូ​កង់​បី​ដឹក​មក​ដល់​ភ្លើងស្តុ​ប​ព្រែក​ហូរ​ត្រូវ​បាន​សមត្ថកិច្ច​ហៅ​សួរនាំ​ ស្រាប់តែ​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​ចូល​ទៅ​ក្នុង​ទឹកស្ទឹង​ក្រោម​ស្ពាន​ព្រែក​ហូរ ​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បានបញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ​ ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​តាម​នីតិវិធី​៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖