ភ្នំពេញ៖ សត្វចង្កៀលខ្យង ក្នុងរដូវកាលពងកូនឆ្នាំ ២០២០-២០២១ បានមករកចំណីក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅរហូតដល់រាប់ពាន់ក្បាល និងមានសំបុកពងកូនយ៉ាងតិចចំនួន២.១៨៦ នៅលើដើមរាំងចំនួន២៧០ដើម។ នេះបេីតាមការអះអាងពីអង្គការកម្មវិធីសត្វស្លាបអន្តរជាតិប្រចាំកម្ពុជា។
មិនតែប៉ុណ្ណោះ អង្គការមួយនេះ បានបន្ថែមថា ការធ្វើសំបុកនេះ ជាកំណត់ត្រាថ្មីដែលពុំធ្លាប់មានក្នុងរយៈពេលប្រមាណជាង១៥ឆ្នាំចុងក្រោយនេះ។
សូមជម្រាបថា ក្រោមជំនួយពីអង្គការ និងដោយការយកចិត្តទុក្ខដាក់ថែរក្សាការពារ ពីមន្ត្រីឧទ្យានុរក្សប្រចាំការ ក្រុមការងារទីវាល សម្បុកចង្កៀលខ្យងបានញាស់ជោគជ័យជាបន្តបន្ទាប់ ដែលសម្បុកចុងក្រោយគឺញាស់ក្នុងខែមេសាឆ្នាំ២០២១នេះ។
អង្គការកម្មវិធីសត្វស្លាបអន្តរជាតិប្រចាំកម្ពុជា បានបន្ថែមទៀតថា ក្នុងចំនោមសម្បុកពងកូនទាំងអស់ មានប្រមាណ ២.១៨៦) មានការញាស់ជោគជ័យប្រមាណ ៨៥% និង ១៥%ទៀត រងការខូចខាត តាមរយៈទឹកជំនន់លិចសម្បុកដែលលើដើមឈើទាបៗ ខ្យល់កន្ត្រាក់ធ្លាក់ខូច និង មានជនខិលខូច លួចប្រមូលពងសត្វ។ ចំណែកសម្បុកដែលញាស់ជោគជ័យជាមធ្យមបានកូនចង្កៀលខ្យងប្រហែល ៥.៥៨០ក្បាល ទទួលរងការខូចខាតអស់កូនប្រហែល ១០% (ស្លាប់ដោយសារជម្ងឺនិងកត្តាផ្សេងៗ)។ ចំណែកប្រមាណ ៤០% បង្ខំចិត្តហើរចាកចេញពីសម្បុកនិងទ្រនុំ ដោយកត្តារាំងស្ងួត ខ្វះប្រភពទឹក និងចំណី។
គួរបញ្ជាក់ថា បច្ចុប្បន្ន មានកូនចង្កៀលខ្យងប្រមាណ ៥០% (ជាមធ្យម ប្រហែល២៧៩០ ក្បាល) នៅបន្តស្នាក់នៅលើសម្បុក និងទ្រនុំ ដែលខ្លះទើបតែញាស់ហើយ មិនទាន់អាចហើរបានឆ្ងាយពីមេបា។ ជាក់ស្តែងយើងបានសង្កើតឃើញថា មេបាចាស់ៗបាន ប្រមូលកំណាត់ឈើតូចៗ បន្ថែម ដើម្បីជួសជុលសម្បុក និង ធ្វើសម្បុកថ្មីលើមែកឈើដែលខ្ពស់ៗជាងមុន។
ដោយឡែកជុំវិញបញ្ហានេះដែរ ក្រុមការងារទីវាល ក៏បានសនិដ្ឋានដែរថា៖ សកម្មភាពនេះជាសញ្ញាល្អ ដែលបញ្ជាក់ថាចង្កៀលខ្យងនឹងមិនបម្លាស់ទីចេញអស់ពីទីតាំងពងកូនឡើយ ហើយរដូវកាលពងកូនឆ្នាំ២០២១-២០២២ អាចនឹងមានសម្បុកកើនឡើងបន្ថែមទៀត៕ដោយ៖សហការី