ព័ត៌មានទាន់ហេតុការណ៍៖

ផ្អាកដំណើរការជាបណ្ដោះអាសន្នក្នុងផ្សារថ្មស ដែលស្ថិតនៅភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង

ចែករំលែក៖

ខេត្តកោះកុង៖ រដ្ឋបាលស្រុកបូទុមសាគរ មានកិត្តិយសសូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអាជីវករ និងអតិថិជនទាំងអស់ដែលចេញ ចូលផ្សារថ្មស ស្ថិតក្នុងភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង មេត្តាជ្រាប ថា ចាប់តាំងពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារស្រាវជ្រាវកូវីដ-១៩ស្រុក សហការជាមួយមណ្ឌលសុខ ភាពថ្មស បានធ្វើតេស្ត ដោយប្រើឧបករណ៍តេស្តរហ័ស (Rapid Test) ដោយទទួលបានលទ្ធផលវិភាគវិជ្ជមាន កូវីដ១៩ ចំនួន៥៧នាក់ ក្នុងនោះភាគច្រើនជាអាជីវករប្រកបរបរនៅក្នុងផ្សារថ្មស ហើយជាក់ស្ដែងនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ រដ្ឋបាលស្រុកបានចុះធ្វើតេស្តដោយផ្តោតសំខាន់ទៅលើអាជីវករក្នុងផ្សារ និងបងប្អូនដែល មានទីលំនៅជុំវិញផ្សារ ដោយក្រុមការងារបានបន្តរកឃើញវិជ្ជមានកូវីដ-១៩ កើនឡើង ២៩នាក់ បន្ថែមទៀត ព្រម ទាំងមានអ្នកប៉ះពាល់ផ្ទាល់ និងប្រយោល ក្នុង ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលស្ថានភាពនេះបានឆ្លងរីករាល ដាលយ៉ាងឆាប់រហ័សគួរឱ្យបារម្ភ និងចាំបាច់ត្រូវមានវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ជាបន្ទាន់។

ចំពោះមុខ រដ្ឋបាលស្រុក សូមផ្អាកដំណើរការ ជាបណ្តោះអាសន្នផ្សារថ្មស ក្នុងភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ រយៈពេល១៤ថ្ងៃ ដោយគិត ចាប់ពីម៉ោងសូន្យសូន្យនាទី ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ-១៩ ទៅដល់បងប្អូន អាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋដែលចេញចូលក្នុងទីតាំងផ្សារខាងលើ។

ទន្ទឹមនឹងនេះ រដ្ឋបាលស្រុក សូមអំពាវនាវដល់បងប្អូនអាជីវករ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធ ព្រមទាំងប្រជា ពលរដ្ឋ បើមានអាការៈក្តៅខ្លួន ក្អក ពិបាកដកដង្ហើម ហើយមានអាការៈសង្ស័យថាឆ្លងមេរោគកូវីដ-១៩ សូមអញ្ជើញ ទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន និងមណ្ឌលសុខភាពថ្មស (លេខទូរស័ព្ទ ០១៦ ២១៥.៤២៦) ដើម្បីមកយក សំណាកតេស្តរកមេរោគកូវីដ-១៩ ព្រមទាំងអនុវត្តវិធានចត្តាឡីស័ក ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានត្រឹមត្រូវបំផុត ក្នុងករណីដែលអាជ្ញាធរពិនិត្យឃើញថាបងប្អូនខកខាន ឬគេចវេសមិនបានយកសំណាក ហើយអាជ្ញាធរពិនិត្យទៅមានពាក់ព័ន្ធជាមួយអាជីវករលក់ដូរនៅផ្សារថ្មស ដែលមានផ្ទុកមេរោគកូវីដ-១៩ នោះអាជ្ញាធរ មិនអនុញ្ញាតឱ្យបងប្អូនដែលមិនបានទៅយកសំណាករកមេរោគកូវីដ -១៩ ចូលប្រកបអាជីវកម្មលក់ដូរមួយរយៈ ពេលវែង។

រដ្ឋបាលស្រុកបូទុមសាគរសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ និងសាធារណៈជន ជាពិសេសអាជីវករទាំង អស់ដែលកំពុងប្រកបអាជីវកម្មក្នុងផ្សារថ្មស មានការយោគយល់អធ្យាស្រ័យ និងចូលរួមសហការ អនុវត្តតាមសេចក្តី ជូនដំណឹងនេះឱ្យមានប្រសិទ្ធភាពខ្ពស់៕

ដោយ ៖ សិលា


ចែករំលែក៖