ព័ត៌មានទាន់ហេតុការណ៍៖

លោក ស សុខា អញ្ជើញពិនិត្យមើលការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅក្រុងព្រៃវែង !

ចែករំលែក៖

ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ បន្ទាប់ពីចប់ពិធីប្រគល់អំណោយជូនរដ្ឋបាលស្រុក ចំនួន ៤ ក្នុងខេត្តព្រៃវែង លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានបន្តដឹកនាំក្រុមការងារ ចុះពិនិត្យមើលសកម្មភាពចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនដល់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋនៅវិទ្យាល័យ ព្រះអង្គឌួង ស្ថិតក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង ។

លោក ស សុខា ថ្លែងថា, ក្រោមកិច្ចខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់អំពី សុខទុក្ខរបស់ប្រជាពលរដ្ឋពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រជាពលរដ្ឋខ្មែរស្ទើរតែ ៥០ភាគរយ នៃពលរដ្ឋស្ថិតក្នុងផែនការចាក់វ៉ាក់សាំង ១០លាននាក់ ទទួលបានការចាក់វ៉ាក់សាំង។ នេះបើតាមតួរលេខរបស់ក្រសួងសុខាភិបាល ។

ដោយឡែកសម្រាប់នៅវិទ្យាល័យ ព្រះអង្គឌួង ក្រុងព្រៃវែង បាន និងកំពុងបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ចាប់តាំងពីថ្ងៃទី៨ កក្កដា និងបន្តរហូតដល់ថ្ងៃទី១៤ កក្កដា ។ ដូច្នេះសូមពុកម៉ែ បងប្អូន ចូលរួមចាក់វ៉ាក់សាំង ឲ្យបានគ្រប់ៗគ្នា តាមការរៀបចំរបស់អាជ្ញាធរដែនដី កុំបីខាន ។

លោកបន្តថា, ក្នុងនោះក៏សូមថ្លែងអំណរគុណចំពោះអាជ្ញាធរខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ កងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ស.ស.យ.ក. ខេត្ត ស្រុក ក្រុង ជាពិសេសក្រុមគ្រូពេទ្យទាំងអស់ ដែលបាន និងកំពុងរួមចំណែកយ៉ាងសកម្មក្នុងការការពារ ទប់ស្កាត់ និងបង្ការពីការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក៏ដូចជាការបើកនូវយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តព្រៃវែង ទាំងមូល ។

លោក ស សុខា បានសូមពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំងអស់ រួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយអនុវត្តតាមវិធានសុខាភិបាល ៣ការពារ ៣កុំ និង ២ចូលរួម ដើម្បីកម្ចាត់វីរុសកូវីដ-១៩ ឲ្យអស់ពីទឹកដីប្រទេសកម្ពុជាយើង ៕

ដោយ ៖ សិលា


ចែករំលែក៖