ព័ត៌មានទាន់ហេតុការណ៍៖

វេណេហ្ស៊ុយអេឡា ៖ មានការបាញ់ប្រហារគ្នាក្នុងរដ្ឋធានី ការ៉ាកាស ស្លាប់និងរបួសជាង៦០នាក់

ចែករំលែក៖

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃវេណេហ្ស៊ុយអេឡាលោកស្រី Carmen Melendez បានប្រកាសនៅថ្ងៃទី១០ ខែកក្កដាថា មានការបាញ់ប្រហារគ្នារវាងកម្លាំងប៉ូលិសនឹងក្រុមជនស្មើសនៅតំបន់ភាគខាងជើងទីក្រុង Caracas បណ្តាលឲ្យមានមនុស្ស២៦នាក់ស្លាប់ និង៣៨នាក់រងរបួស។
លោកស្រី Carmen Melendez បានបញ្ជាក់ថា ក្រុមជនល្មើសធ្វើសកម្មភាពនៅតំបន់អនាធិបតេយ្យនាជើងភ្នំការ៉ាកាស។ ការបាញ់ប្រហារគ្នាកើតឡើងនៅតំបន់ប្រជុំជន ហើយក្រោយមកក៏បានបន្តទៅបាញ់ប្រហារគ្នានៅតំបន់ពាណិជ្ជកម្ម។ កម្លាំងប៉ូលិសបានបិទតំបន់ទាំងមូល រួចហើយបន្ថែមកម្លាំងដើម្បីកម្ចាត់ក្រុមជនល្មើស។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Carmen Melendez បានបន្តទៀតថា ក្នុងចំណោមអ្នកស្លាប់មានប៉ូលិស ៤នាក់ និងរបួស១០នាក់។ ជាមួយគ្នានេះក៏មានពលរដ្ឋ២៨នាក់រងរបួសផងដែរ ក្រៅពីនេះគឺក្រុមជនល្មើស ។
កម្លាំងប៉ូលិសក៏បានចាប់ខ្លួនក្រុមជនល្មើសជាច្រើនរូបដែរ ហើយសន្និដ្ឋានថាជាក្រុមទាហានស៊ីឈ្នួលបរទេស មានទំនាក់ទំនងជាមួយមេដឹកនាំក្រុមប្រឆាំងនៅក្នុងប្រទេសនេះ៕

ដោយ៖ធីរីណា(រូបភាព៖TTXVN )


ចែករំលែក៖