ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាល អប់រំណែនាំបន្ថែមអំពីសុវត្ថិភាព ក្នុងការគ្រប់គ្រង និងការចាត់ចែងសាកសព ដែលមានផ្ទុកវីរុសកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ, រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជម្រាបជូន លោក លោកស្រី អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានី-ខេត្ត

កម្មវត្ថុ៖ ការអប់រំណែនាំបន្ថែមអំពីសុវត្ថិភាព ក្នុងការគ្រប់គ្រង និងការចាត់ចែងសាកសព ដែលមានផ្ទុកវីរុសកូវីដ-១៩។
យោង៖សេចក្តីសម្រេចលេខ ០៧៨ សនក ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ របស់ក្រសួងសុខាភិបាល ស្ដីពីការដាក់ឱ្យអនុវត្ត គោលការណ៍ណែនាំស្តីពីវិធានសុវត្ថិភាពផ្នែកសុខាភិបាលទាក់ទងនឹងការគ្រប់គ្រង និងការចាត់ចែងសាកសព ដែល មានផ្ទុកវីរុសកូវីដ-១៩។
តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបជូន លោក លោកស្រី ជ្រាបថា ក្រសួងសុខាភិបាលបានដាក់ ឱ្យអនុវត្តនូវគោលការណ៍ណែនាំស្តីពីវិធានសុវត្ថិភាពផ្នែកសុខាភិបាលទាក់ទងនឹងការគ្រប់គ្រង និងការចាត់ចែងសាកសព ដែលមានផ្ទុកវីរុសកូវីដ-១៩ ក្នុងគោលបំណងរក្សាសុវត្ថិភាព សេចក្តីថ្លៃថ្នូរ បង្ការ និងទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ និងកាត់ បន្ថយហានិភ័យសុខភាពសាធារណៈ។ បន្ថែមទៅលើគោលការណ៍ណែនាំនេះ ខ្ញុំសូម លោក លោកស្រី យកចិត្តទុកដាក់ អប់រំណែនាំឲ្យអនុវត្តតាមខ្លឹមសារដូចខាងក្រោម៖

១-វីរុសកូវីដ-១៩ ឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមរយៈតំណក់ទឹកតូចៗដែលចេញពីអ្នកជំងឺកូវីដ-១៩ តាមរយៈ ការនិយាយទល់មុខជិតគ្នា ក្អក កណ្តាស និងការប៉ះពាល់ផ្ទាល់ឬវត្ថុផ្សេងៗដែលមានមេរោគ។ គ្រប់សាកសពអ្នកជំងឺកូវីដ-១៩ ពុំត្រូវបានអនុញ្ញាតឱ្យធ្វើកោសល្យវិច័យ ឬវះកាត់ពិនិត្យសាកសពឡើយ។ សាកសពត្រូវបានរៀបចំដោយរុំក្រណាត់រួចដាក់ ក្នុងថង់ប្លាស្ទិកបិទជិតយ៉ាងត្រឹមត្រូវដោយបុគ្គលិកក្នុងមន្ទីរពេទ្យ ហើយសាកសពខ្លះត្រូវបានដាក់បង្កករក្សាទុកមុនពេលដាក់ ទៅក្នុងមឈូសមុនយកទៅបូជា ឬបញ្ចុះ។ ដូច្នេះឱកាសនៃការចម្លងវីរុសកូវីដ-១៩ ពុំអាចកើតមានឡើយ ប្រសិនបើពុំមាន ការរុះរើ ឬបើកថង់រុំសាកសពនោះ។

២-ការបូជា ឬបញ្ចុះសាកសព ដែលអនុវត្តតាមគោលការណ៍ណែនាំត្រឹមត្រូវ អាចចៀសវាងបានពីការចម្លងវីរុស កូវីដ-១៩។ ដើម្បីសុវត្ថិភាព អ្នករៀបចំ និងអ្នកដឹកជញ្ជូនសាកសព អ្នកលើកសាកសពដាក់ចូលក្នុងមឈូស និងលើក មឈូសដាក់លើទីតាំងបូជា ត្រូវពាក់ឧបករណ៍ការពារខ្លួន (PPE) ឱ្យបានត្រឹមត្រូវ ដូចជាពាក់ម៉ាស់ពេទ្យ អាវអៀមការពារខ្លួន និងស្រោមដៃ។ នៅពេលរៀបចំរួចរាល់ ត្រូវដោះឧបករណ៍ការពារខ្លួនដែលប្រើរួចឱ្យបានត្រឹមត្រូវ ហើយលាងសម្អាតដៃជាមួយ អាល់កុល ឬដែល ឬសាប៊ូនឹងទឹកស្អាតភ្លាមៗ។

៣-ចំពោះការបញ្ចុះសាកសព អ្នកសែងមឈូសយកទៅបញ្ចុះ ត្រូវមានចំនួនពី៤ ទៅ ៦នាក់ និងត្រូវពាក់សម្ភារៈ ការពារ (PPE) ត្រឹមត្រូវ។ ចំពោះសមាជិកគ្រួសារ ឬអ្នកចូលរួម ត្រូវពាក់ម៉ាស់ការពារឱ្យបានត្រឹមត្រូវ និងត្រូវកំណត់ចំនួន មិនឱ្យលើសពី ១០នាក់ ព្រមទាំងត្រូវរក្សាគម្លាតរវាងអ្នកចូលរួម ចំងាយ ១.៥ម៉ែត្រ ពីគ្នា និងចំងាយ ៣ម៉ែត្រ ពីសាកសព។ លើសពីនេះ មិនអនុញ្ញាតឱ្យមានការហែក្បួនឡើយ។
អាស្រ័យហេតុនេះ សូម លោក លោកស្រី ធ្វើការអប់រំណែនាំបន្ថែមអំពីសុវត្ថិភាព និងលើកទឹកចិត្តដល់ មន្ត្រី-បុគ្គលិក និងអ្នកដែលធ្វើការពាក់ព័ន្ធនឹងសាកសព និងកិច្ចការបូជា ឬបញ្ចុះសព កុំឱ្យមានការភ័យខ្លាច ឬមន្ទិលសង្ស័យ និងសូមចូលរួមអនុវត្តកិច្ចការនេះប្រកបដោយការទទួលខុសត្រូវ សេចក្ដីថ្លៃថ្នូរទៅតាមទំនៀមទម្លាប់ប្រពៃណី សាសនា ដើម្បី បង្ការ និងទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ និងកាត់បន្ថយហានិភ័យសុខភាពសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់។

សូមលោក លោកស្រី ទទួលនូវការស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ៕

ដោយ៖សិលា


ចែករំលែក៖