ព័ត៌មានទាន់ហេតុការណ៍៖

លោក កើត ឆែ ៖ អ្នកជំងឺកូវីដ-១៩ព្យាបាលនៅផ្ទះ មិនអនុញ្ញាតចេញក្រៅ បើល្មើសវិធានសុខាភិបាល នឹងចាត់ការតាមផ្លូវច្បាប់

ចែករំលែក៖

ភ្នំពេញ ៖ អភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ  បានថ្លែងនៅក្នុងសន្និសីទកាសែតឲ្យដឹងថា,  អ្នកមើលថែអ្នកជំងឺកូវីដ-១៩ និងអ្នកជំងឺព្យាបាលនៅផ្ទះមិនត្រូវអនុញ្ញាតឲ្យចេញក្រៅផ្ទះឡើយ បើល្មើសនឹងវិធានការសុខាភិបាលជំហ៊ានដំបូង ត្រូវអប់រំពួកគាត់ បើសិននៅតែបន្ដទៀត នឹងមានវិធានការតាមផ្លូវច្បាប់ហើយ។

នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ លោក កើត ឆែ បានថ្លែងថា កម្ពុជាមានច្បាប់គ្រប់គ្រងអ្នកជំងឺកូវីដ-១៩ ដូច្នេះ ការព្យាបាលជំងឺកូវីដ-១៩ ត្រូវតាមដានចូលរួមទាំងអស់គ្នា។

ក្នុងសន្និសីទសារព័ត៌មានស្ដីពីគោលបំណងផ្សព្វផ្សាយនីតិវិធី និងយន្តការដាក់ព្យាបាលតាមផ្ទះចំពោះអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល និងគ្មានរោគសញ្ញា សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ  លោកអភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា, បើសិនអ្នកព្យាបាលជំងឺកូវីដ-១៩ណាមួយ មានចេតនាផ្ទុយពីច្បាប់ជំហ៊ានដំបូងត្រូវធ្វើការអប់រំ បើពួកគាត់នៅតែប្រព្រឹត្តិកំហុសទៀត នឹងមានវិធានការតាមច្បាប់។

លោកបន្ថែមថា នៅពេលមានប្រជាពលរដ្ឋស្ម័គ្រចិត្តព្យាបាលនៅតាមផ្ទះ អាជ្ញាធរនឹងដាក់ផ្លាកសញ្ញាថា «មានអ្នកព្យាបាលជំងឺកូវីដ-១៩» ដាក់នៅមុខផ្ទះគាត់តែម្ដង។ លោកថា បើសិនមានបញ្ហាអ្វីមួយ អ្នកជិតខាងនឹងរាយការណ៍ទៅអាជ្ញាធរតាមមូលដ្ឋាន ជាពិសេសអ្នកព្យាបាលជំងឺកូវីដ-១៩នៅតាមផ្ទះ ត្រូវទុកដាក់សំរាមឲ្យបានត្រឹមត្រូវបំផុត។

លោក កើត ឆែបញ្ជាក់ថា «បើគាត់ល្មើសចេញក្រៅ ចឹងចេតនាគាត់តម្រូវការទិញស្បៀង គាត់ភ្លេចទាក់ទងទៅអាជ្ញាធរ ធ្វើការអប់រំគាត់ជំហ៊ានទីមួយ ។ បើជំហ៊ានទីពីរអប់រំគាត់ហើយនៅតែបន្ដទៀត យើងមានវិធានការច្បាប់ ។ វិធានការច្បាប់របស់យើង ត្រូវផាកពិន័យ ហើយវិធានការទោសទណ្ឌតាមពន្ធនាគារ។ ប៉ុន្ដែយើងជឿថា មិនដែលអនុវត្តដល់ទោសទណ្ឌពន្ធនាគារទេ ទោះបីច្បាប់យើងមានក៏ដោយ»។

នៅក្នុងសន្និសីទកាសែតនេះ ដោយឡែក លោក ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងថា, ដើម្បីដាក់ព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះបាន ផ្ទះត្រូវមានបន្ទប់ដាច់ដោយឡែក និងមានលក្ខណៈយ៉ាងត្រឹមត្រូវបំផុត។ មុននឹងដាក់អ្នកជំងឺព្យាបាលនៅតាមផ្ទះ អាជ្ញាធរមូលដ្ឋាន នឹងចុះទៅពិនិត្យទីតាំងជាមុនសិន ។

លោកបានឲ្យដឹងថា «សមាជិកគ្រួសារដែលមានពាក់ព័ន្ធក្នុងដំបូលផ្ទះតែមួយ ត្រូវបានហាមឃាត់ក្នុងការចេញធ្វើដំណើរទៅក្រៅ ប្រកបអាជីវកម្ម ឬទៅបំពេញកិច្ចការ ក្នុងរយៈពេលដាក់អ្នកជំងឺកូវីដ ព្យាបាល ក្នុងដំបូលផ្ទះតែមួយ។ មានន័យថា គាត់ប៉ះពាល់ផ្ទាល់ ប៉ុន្ដែហានិភ័យគាត់ ប្រសិនបើគាត់ចេះធ្វើបាន តាមការណែនាំរបស់វិធានសុខាភិបាល មានហានិភ័យទាបក្នុងការចម្លង ដូច្នេះ អ្នកទាំងអស់ ត្រូវបានដាក់ខ្លួនដោយដាច់ឡែក រយៈពេល១៤ថ្ងៃ ស្មើនឹងអ្នកធ្វើចត្តាឡីស័កដែរ»។

លោកក៏បានអំពាវនាវដល់អ្នកព្យាបាលជំងឺកូវីដ-១៩ នៅតាមផ្ទះត្រូវអនុវត្តតាមវិធានការក្រសួងសុខាភិបាល ហើយអ្នកក្នុងផ្ទះជាមួយ ត្រូវលើកទឹកចិត្តដល់អ្នកជំងឺ ដើម្បីឲ្យឆាប់ជាសះស្បើយ ។ 

ក្រសួងសុខាភិបាលបានបញ្ជាក់ថា,  គោលការណ៏អនុវត្តសម្រាប់អ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ អនុវត្តដូចខាងក្រោម និងមានរូបភាពភ្ជាប់មកជាមួយផងដែរដូចជា: 

-ពាក់ម៉ាសជាប់ជានិច្ច

-លាងដៃជាមួយអាល់កុល ឬ ជាមួយសាប៊ូនិងទឹក ជាប្រចាំ

-រក្សាគម្លាតពីសមាជិកគ្រួសារ – យ៉ាងតិច ២ ម៉ែត្រ បើត្រូវពិភាក្សាគ្នា

-បើមានសញ្ញាអាសន្ន ត្រូវឆាប់ ទាក់ទងមកគ្រូពេទ្យព្យាបាល៕

ដោយ ៖ សិលា


ចែករំលែក៖