ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ៖ អ្នកជំងឺកូវីដ -១៩ ចំនួន១០៣៣នាក់ត្រូវបានដាក់ឱ្យព្យាបាលនៅតាមផ្ទះក្នុងរាជធានីភ្នំពេញ ក្នុងនោះមាន២៦៨នាក់បានជាសះស្បើយ

ចែករំលែក៖

      ភ្នំពេញ ៖ លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាល រាជធានីភ្នំពេញ បានបញ្ជាក់ថា៖ រហូតមកដល់ពេលនេះ មានអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលចំនួន១០៣៣នាក់ហើយត្រូវបានដាក់ឱ្យព្យាបាលនៅតាមផ្ទះ នៅក្នុងរាជធានីភ្នំពេញ ហើយក្នុងនោះមានអ្នកជំងឺប្រមាណ២៦៨នាក់ផងដែរដែលបានជាសះស្បើយ។ នេះបើតាម លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បញ្ជាក់នៅក្នុងសន្និសីទកាសែត នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ។

សន្និសីទកាសែតនេះ ត្រូវបានរៀបចំឡើងដើម្បីផ្សព្វផ្សាយពីនីតិវិធី និងយន្តការដាក់ព្យាបាលតាមផ្ទះចំពោះអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល និងគ្មានរោគសញ្ញាសម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ។

   លោក ងី  មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន ដោយមានការចូលរួមសហការពីលោកវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល ,លោក កើត ឆែ អភិបាលរងរាជធានី កាលពីថ្ងៃទី១២ កក្កដា ឆ្នាំ២០២១ នៅរដ្ឋបាលរាជធានី។លោកងី មានហេងមានប្រសាសន៍ថា៖ ខ្ញុំបាទសូមជម្រាបជូនអំពីករណីចំនួនអ្នកថែទាំជំងឺកូវីដ-១៩ នៅតាមផ្ទះបច្ចុប្បន្នបើគិតតួលេខនៅព្រឹកនេះមានចំនួន ១,០៣៣នាក់ កំពុងតែទទួលការព្យាបាល ថែទាំនៅតាមផ្ទះ ហើយតាំងតែពីយើងអនុវត្តការព្យាបាលថែទាំតាមផ្ទះមក គឺមានអ្នកជំងឺដែលព្យាបាលជាសះស្បើយចំនួន២៦៨នាក់ បូកពីលើចំនួនដែលកំពុងតែព្យាបាលនេះ ។

     លោកបានបញ្ជាក់ថា សម្រាប់ការព្យាបាល ថែទាំអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលនៅតាមផ្ទះសម្រាប់បណ្តាខណ្ឌខ្លះ គឺមិនមានភាពស្មើគ្នានោះទេ ពោលបើគិតត្រឹមព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ នៅខណ្ឌសែនសុខ មានចំនួន២២៦នាក់ ,ខណ្ឌមានជ័យ មានចំនួន១៣២នាក់, ខណ្ឌពោធិ៍សែនជ័យ មានចំនួន១១៨នាក់, ខណ្ឌបឹងកេងកង ៩៨នាក់, ខណ្ឌដង្កោ ៨៩នាក់, ខណ្ឌឫស្សីកែវ មានចំនួន៦៥នាក់, ខណ្ឌច្បារអំពៅមានចំនួន៥៨នាក់, ខណ្ឌដូនពេញ មានចំនួន៥៤នាក់, ខណ្ឌចំការមនមានចំនួន៥៣នាក់, ខណ្ឌទួលគោកមានចំនួន៣៩នាក់ និងខណ្ឌកំបូល៣៤នាក់, ខណ្ឌជ្រោយចង្វា៣០នាក់ ខណៈខណ្ឌព្រែព្នៅ មានអ្នកជំងឺព្យាបាលតិចជាងគេ។

  លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ការរៀបចំព្យាបាល និងថែទាំអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលនៅតាមផ្ទះ គឺដើម្បីទុកកន្លែងព្យាបាលនេះឱ្យអ្នកជំងឺធ្ងន់ធ្ងរ បានចូលសម្រាកព្យាបាលនៅមណ្ឌលសម្រាកព្យាបាលពីក្រុមគ្រូពេទ្យដែលដាក់អ្នកជំងឺធ្ងន់ៗ ដូចជានៅ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត, មន្ទីរពេទ្យហ្លួងម៉ែ, មណ្ឌលសុខភាពចាក់អង្រែ ,មណ្ឌលសម្រាកព្យាបាលអូឡាំពិក 

ជាដើម  ដើម្បីជួយសង្គ្រោះជីវិតរបស់ពួកគាត់ឲ្យរួចផុតពីជំងឺដ៏កាចសាហាវមួយនេះ ៕

ដោយ ៖ សំរិត


ចែករំលែក៖