ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹកថ្ងៃទី១២ខែកក្កដា វៀតណាមរកឃើញករណីឆ្លងកូវីដ-១៩ថ្មីបន្ថែម៦៦២នាក់ទៀត

ចែករំលែក៖

តាមសារព័ត៌មានវៀតណាម នៅព្រឹកថ្ងៃទី១២ខែកក្កដា បានផ្សាយថា មានករណីឆ្លងកូវីដ-១៩ រកឃើញថ្មី៦៦២នាក់បន្ថែមទៀតធ្វើឲ្យអ្នកឆ្លងនៅក្នុងប្រទេសនេះកើនឡើងដល់ជាង៣០ពាន់នាក់ហើយ។
ក្នុងចំណោមអ្នកឆ្លងថ្មីនៅទីក្រុងហូជីមិញ មានករណីឆ្លងរហូតដល់ទៅ៥៤៤នាក់ ។ ក្នុងចំណោមអ្នកឆ្លងថ្មីមាន៤៧៨នាក់ត្រូវបានរកឃើញក្នុងតំបន់ធ្វើចត្តាឡីស័ក ។ សរុបអ្នកឆ្លងនៅក្នុងប្រទេសវៀតណាម កើនឡើងរហូតដល់ទៅជាង ៣ម៉ឺននាក់ហើយ។
ជាមួយគ្នានេះដែរ វៀតណាមក៏បានចាក់វ៉ាក់សាំងជូនពលរដ្ឋបានជាង ៤លាននាក់ហើយគិតមកដល់ថ្ងៃនេះ។ ទីក្រុហូជីមិញនឹងឆ្លងផុតដំណាក់កាលកូវីដ-១៩ ក្នុងពេលឆាប់ៗ ហើយវ៉ាក់សាំងគឺជាកូនសោដើម្បីបើកទ្វារសេដ្ឋកិច្ចឡើងវិញ។ វៀតណាមបានបង្កើនសកម្មភាពចាក់វ៉ាក់សាំងជូនដល់ពលរដ្ឋពិសេសគឺបុគ្គលដែលងាយរងផលប៉ះពាល់មុនគេ ក៏ដូចជាតំបន់ប្រឈមហានិភ័យនៃការឆ្លងខ្ពស់។
វៀតណាមបានអនុវត្តវិធានការតឹងតែងដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ដោយបិទការធ្វើដំណើរពីតំបន់មួយទៅកាន់តំបន់មួយ ពិសេសគឺនៅទីក្រុងហូជីមិញ។ចំណែកនៅតាមបណ្តាខេត្តវិញក្នុងតំបន់ដែលមានការសង្ស័យ ប៉ះពាល់ដោយប្រយោលនឹងត្រូវបិទខ្ទប់ ដើម្បីតាមដានស្ថានភាព ៕

ដោយ៖ ធីរីណា(រូបថត៖ SGGP)


ចែករំលែក៖