អន្តរជាតិ៖ បើតាមសារព័ត៌មានថៃ Bangkok Post បានដកស្រង់ចេញផ្សាយពីមជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ CCSA នៅព្រឹកថ្ងៃចន្ទ ទី១២ ខែកក្កដា ឆ្នាំ២០២១នេះថា៖ អាជ្ញាធរសុខាភិបាល បន្តរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៨,៦៥៦ករណីបន្ថែម, ជាមួយគ្នានេះក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះដែរ ក៏មានអ្នកជំងឺកូវីដចំនួន ៨០នាក់បន្ថែមទៀត បានស្លាប់។
មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 បានគូសបញ្ជាក់ថា៖ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ៨,៥៨៣ករណីត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ ខណៈ ១០៨ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ក៏មានអ្នកជាសះស្បើយចំនួន ៣,៦៨៧នាក់ទៀតទើបតែត្រូវបានអនុញ្ញាត ឱ្យចាកចេញពីមន្ទីរពេទ្យ។
បច្ចុប្បន្នប្រទេសថៃ រហូតមកទល់ពេលនេះ បានកត់ត្រានូវករណីឆ្លងសរុបនៅទូទាំងប្រទេស ៣៤៥,០២៧ករណី ក្នុងនោះមានអ្នកស្លាប់ ២,៧៩១នាក់ និងអ្នកជាសះស្បើយ ២៥១,៦៥៨នាក់។
គួរបញ្ជាក់ថា ទីក្រុងបាងកក ព្រមទាំងខេត្តនៅក្បែរខាងចំនួន ០៥ រួមទាំងខេត្តនៅតំបន់ភាគខាងត្បូងចំនួន ០៤ទៀត ចាប់ពីថ្ងៃចន្ទទី១២ ខែកក្កដានេះតទៅ គឺត្រូវស្ថិតក្រោមវិធានការបិទខ្ទប់ (lockdown) ប្រឆាំងនឹងជំងឺ COVID-19៕ដោយ៖ស តារា