ព័ត៌មានទាន់ហេតុការណ៍៖

លោក​ ហ៊ុន​ ម៉ានី​ វ៉ាក់សាំង គឺជាអាទិភាពមួយក្នុងបណ្តាយុទ្ធសាស្រ្តប្រយុទ្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ ហ៊ុន​ ម៉ានី​​ ប្រធានគណៈកម្មការអប់រំយុវជន កីឡា ធម្មការកិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា នៅថ្ងៃចន្ទទី​១២​ ខែកក្កដា​ ឆ្នាំ​២០២១នេះ​ បានបង្ហោះសារនៅ​លើបណ្ដាញ​សង្គម​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​ ដោយ​​បញ្ជាក់​ថា៖​ វ៉ាក់សាំង គឺជាអាទិភាពមួយក្នុងបណ្តាយុទ្ធសាស្រ្តប្រយុទ្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

នៅក្នុង​សំណេរ​ហ្វេសប៊ុក​របស់​លោក​ ហ៊ុន​ ម៉ានី​ បានបញ្ជាក់បន្ថែមថា​ មកទល់ពេលនេះ កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងជាង ៤០% នៃគោលដៅសរុប ដែលក្នុងនោះ យើងបានសម្រេចការចាក់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងស្រុកមួយចំនួននៃខេត្តកណ្តាល និងបន្តចាក់តាមខេត្តជុំវិញជាបន្តបន្ទាប់ ស្របតាមយុទ្ធសាស្រ្ត «ផ្ការីក»។

ជាមួយគ្នានេះ​ សហភាពសហព័ន្ធយុវជនកម្ពុជា​ មានកិត្តិយសដោយទទួលបានឱកាសក្នុងការរួមចំណែកក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជាមួយរាជរដ្ឋាភិបាល ជាពិសេសដោយបានការចាត់តាំងជាបន្តបន្ទាប់ពីគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ ១៩ ចាប់តាំងពីផ្តើមយុទ្ធនាការដំបូង។ ពេលនេះ ក្រុមគ្រូពេទ្យរបស់យើងទាំង២អង្គភាព បាន និងកំពុងចេញដំណើរទៅកាន់ខេត្តគោលដៅមួយចំនួនថែមទៀតដើម្បីបន្តបេសកកម្មផ្តល់ខែលការពារជូនប្រជាពលរដ្ឋឱ្យបានតាមផែនការ។

ឆ្លៀតក្នុងឱកាសនេះ លោក​ ហ៊ុន​ ម៉ានី​ ក៏សូមសម្តែងនូវសេចក្តីថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់ខ្ពស់របស់លោកគ្រូ អ្នកគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានចំណាយពេលវេលា ចូលរួមជាកំលាំងកាយ ចិត្ត ដើម្បីបុព្វហេតុដ៏ឧត្តុង្គឧត្តមនេះ។

​ យើងនឹងឆ្លងផុតនៅគ្រាលំបាកជាមួយគ្នា៕

ដោយ​៖សហការី​


ចែករំលែក៖