ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ៖ រដ្ឋបាលរាជធានីភ្នំពេញ កំពុងរៀបចំកន្លែង បញ្ចុះឬបូជាសពស្លាប់ដោយជំងឺកូវីដ-១៩ មិនមានហានិភ័យទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីឱ្យមានសុវត្ថិភាពក្នុងការគ្រប់គ្រង និងការចាត់ចែងសាកសព ដែលមានផ្ទុកវីរុសកូវីដ-១៩ យោងទៅតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលនោះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នាល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ បានបើកកិច្ចប្រជុំមួយតាមរយៈ video conference ជាមួយអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរសុខាភិបាលដើម្បីធ្វើយ៉ាងណាអនុវត្តទៅតាមការណែនាំនេះ ឲ្យទទួលបានជោគជ័យនិងមិនមានហានិភ័យពីការឆ្លងដោយជំងឺកូវីដ-១៩។

      លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ការបង្កើតឡើងឱ្យមានកិច្ចប្រជុំនេះ គឺក្នុងគោលបំណងអនុវត្តឱ្យចំទិសដៅទៅតាមការណែនាំ ដោយសារតែយើងជាអ្នកអនុវត្តផ្ទាល់ទៅលើការងារទាំងនេះ ។

    លោកបន្តថា ក្នុងនាមអាជ្ញាធរយើងត្រូវមើលពីសារៈសំខាន់ទាំងអស់គ្នា លើកទឹកចិត្តគ្នា មានបញ្ហាយើងរួមគ្នាដើម្បីដោះស្រាយ ។កន្លងមកនេះអាជ្ញាធររបស់យើងអនុវត្តបានល្អណាស់ ។ សពជាង៧០០នាក់ហើយ យើងធ្វើបានល្អ មិនមានបញ្ហាឆ្លងដោយជំងឺកូវីដ-១៩ ។នេះជាមោទនភាពរបស់ក្រុមការងារគ្រូពេទ្យរបស់យើងដែលអនុវត្តបានល្អលើវិធានក្រសួងសុខាភិបាលទាំងការវេចខ្ចប់សពនិងការការពារខ្លួន ដោយគិតមកដល់ពេលនេះមានសពដែលស្លាប់ដោយកូវីដ-១៩ ចំនួន ៧១១នាក់ហើយ ដែលក្រុមការងារយើងបានចាត់ចែងវេចខ្ចប់បានល្អនិងទទួលបានជោគជ័យមិនមានហានិភ័យ។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី លោកអភិបាលរាជធានីបានជំរុញឱ្យមន្ត្រីរបស់យើងធ្វើការបញ្ជាក់ឱ្យបានលម្អិតបន្ថែមទៀតទៅលើសេចក្តីណែនាំនេះ ទាំងជុំវិញការបញ្ចុះឬបូជាសាកសព ។ ការលើកសពដាក់ក្នុងក្តារមឈូសដែលមានតម្លៃថ្លៃ អាចប្រើមនុស្សមិនតិចជាង៦នាក់នោះទេ យើងគួរឱ្យពួកគាត់ស្លៀកសម្លៀកបំពាក់PPEឬយ៉ាងណា ព្រោះការបំពាក់សម្លៀកបំពាក់PPEពិតជាទទួលបានជោគជ័យមិនមានហានិភ័យពីការឆ្លងជំងឺកូវីដ-១៩នោះទេ តាមរយៈបទពិសោធន៍កន្លងមកនេះ។

     សូមបញ្ជាក់ថា៖ កាលពីថ្ងៃអាទិត្យទី១១ ខែកក្កដា ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានចេញសេចក្តីអប់រំណែនាំបន្ថែមអំពីសុវត្ថិភាពក្នុងការគ្រប់គ្រង និងការចាត់ចែងសាកសព ដែលមានផ្ទុកវីរុសកូវីដ-១៩។ ការចាត់ចែងសាកសពដែលមានផ្ទុកវីរុសកូវីដ-១៩នេះ គឺក្នុងគោលបំណងរក្សាសុវត្ថិភាព សេចក្ដីថ្លៃថ្នូរ បង្ការ និងទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ និងកាត់ បន្ថយហានិភ័យសុខភាពសាធារណៈ។

១-វីរុសកូវីដ-១៩ ឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមរយៈតំណក់ទឹកតូចៗដែលចេញពីអ្នកជំងឺកូវីដ-១៩ តាមរយៈ ការនិយាយទល់មុខជិតគ្នា ក្អក កណ្តាស់ និងការប៉ះពាល់ផ្ទៃ ឬវត្ថុផ្សេងៗដែលមានមេរោគ។ គ្រប់សាកសពអ្នកជំងឺកូវីដ-១៩ ពុំត្រូវបានអនុញ្ញាតឱ្យធ្វើកោសល្យវិច័យ ឬវះកាត់ពិនិត្យសាកសពឡើយ។ សាកសពត្រូវបានរៀបចំដោយកំណាត់រួចដាក់ក្នុងថង់ប្លាស្ទិកបិទជិតយ៉ាងត្រឹមត្រូវដោយបុគ្គលិកក្នុងមន្ទីរពេទ្យ ហើយសាកសពខ្លះត្រូវបានដាក់បង្កករក្សាទុកមុនពេលដាក់ទៅក្នុងមឈូសមុនយកទៅបូជា ឬបញ្ចុះ ។ ដូច្នេះឱកាសនៃការចម្លងវីរុសកូវីដ-១៩ ពុំអាចកើតមានឡើយ ប្រសិនបើពុំមានការរុះរើ ឬបើកថង់រុំសាកសពនោះទេ។ 

២-ការបូជា ឬបញ្ចុះសាកសពដែលអនុវត្តតាមគោលការណ៍ណែនាំត្រឹមត្រូវ អាចចៀសវាងបានពីការចម្លងវីរុស កូវីដ-១៩។ ដើម្បីសុវត្ថិភាព អ្នករៀបចំនិងអ្នកដឹកជញ្ជូនសាកសព អ្នកលើកសាកសពដាក់ចូលក្នុងមឈូស និងលើកមឈូសដាក់លើទីតាំងបូជាត្រូវពាក់ឧបករណ៍ការពារខ្លួន(PPE) ឱ្យបានត្រឹមត្រូវ ដូចជាពាក់ម៉ាស់ពេទ្យ អាវអៀមការពារខ្លួន និងស្រោមដៃ។ នៅពេលរៀបចំរួចរាល់ ត្រូវដោះឧបករណ៍ការពារខ្លួនដែលប្រើរួចឱ្យបានត្រឹមត្រូវ ហើយលាងសម្អាតដៃជាមួយអាល់កុល ឬដែល ឬសាប៊ូនឹងទឹកស្អាតភ្លាមៗ។

 ៣-ចំពោះការបញ្ចុះសាកសព អ្នកសែងមឈូសយកទៅបញ្ចុះ ត្រូវមានចំនួនពី៤ ទៅ៦នាក់ និងត្រូវពាក់សម្ភារការពារ (PPE) ត្រឹមត្រូវ។ ចំពោះសមាជិកគ្រួសារ ឬអ្នកចូលរួមត្រូវពាក់ម៉ាស់ការពារឱ្យបានត្រឹមត្រូវ និងត្រូវកំណត់ចំនួនមិនឱ្យលើសពី១០នាក់ ព្រមទាំងត្រូវរក្សាគម្លាតរវាងអ្នកចូលរួមចម្ងាយ១,៥ម៉ែត្រពីគ្នា និងចម្ងាយ៣ម៉ែត្រពីសាកសព។ លើសពីនេះ មិនអនុញ្ញាតឱ្យមានការហែក្បួនឡើយ ៕

ដោយ ៖ សំរិត


ចែករំលែក៖