ព័ត៌មានទាន់ហេតុការណ៍៖

បាតុកម្មនៅទីក្រុង Havana រដ្ឋាភិបាលគុយបាចោទប្រកាន់អាមេរិកញុះញង់បង្កអសន្តិសុខក្នុងសង្គម

ចែករំលែក៖

មេដឹកនាំគុយបាបានចោទប្រកាន់ ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចអូសបន្លាយរាប់សិបឆ្នាំរបស់អាមេរិក បានបង្កឱ្យមានផលលំបាកសេដ្ឋកិច្ចនិងអសន្តិសុខក្នុងសង្គម គុយបានាពេលកន្លងមក ។

មានប្រសាសន៍តាមកញ្ចក់ទូរទស្សន៍ជាតិគុយបា ប្រមុខដឹកនាំគុយបាលោក Miguel Diaz-Canel បានប្រកាសថា ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិក ប៉ុន្មានឆ្នាំកន្លងមក បង្កឱ្យប្រទេសនេះប្រឈមនឹងកង្វះឱសថ កង្វះអគ្គិសនី និងការប្រឈមមុខបញ្ហាសេដ្ឋកិច្ចដល់ប្រទេសគុយបា។
មេដឹកនាំគុយបា បានបញ្ជាក់ថា «អាមេរិកបានបន្តគោលនយោបាយដាក់គំនាបសេដ្ឋកិច្ច ដើម្បីបង្កអសន្តិសុខនៅក្នុងសង្គមគុយបា ។ រដ្ឋាភិបាលគុយបានបានប្រឈមបញ្ហាជាច្រើន ហើយបានឆ្លងផុតដំណាក់កាលអាក្រក់ដែលបង្កឡើងដោយការដាក់ទណ្ឌកម្មអូសបន្លាយរាប់សិបឆ្នាំកន្លងមក។
ការលើកឡើងរបស់ប្រុមុខដឹកនាំគុយបា ក្រោយពេលមានពលរដ្ឋរាប់សិបពាន់នាក់នាំគ្នាដង្ហែក្បួនបាតុកម្មនៅថ្ងៃទី១១ខែកក្កដានៅរដ្ឋធានី Havana ដោយមានការដង្ហែក្បួនតាមបណ្តោយឆ្នេរសមុទ្រ ។ ក្រុមបាតុករបានស្រែកពាក្យស្លោក ប្រឆាំងនិេងកង្វះស្បៀងអាហារ។ បាតុកម្មធ្វើឡើងដោយសន្តិវិធីក្នុងរយៈពេលជាង២ម៉ោង ក្រោយមកក៏មានអំពើហិង្សាកើតឡើង ដោយក្រុមបាតុករជ្រុលនិយមមួយចំនួនបានគប់ដុំថ្ម ទៅលើកម្លាំងប៉ូលិស ។ អំពើហិង្សាក៏ត្រូវបានគ្រប់គ្រងវិញក្នុងពេលភ្លាមៗនោះដែរ៕

ដោយ៖ ធីរីណា(រូបភាព៖Reuters )


ចែករំលែក៖