ភ្នំពេញ៖ នាពេលថ្មីៗនេះ ក្រសួងពាណិជ្ជកម្ម បានជូនដំណឹងឱ្យពាណិជ្ជករ ដែលមានចំណាប់អារម្មណ៍ចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី១៨ “The 18″ China ASEAN Expo 2021″នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ដល់១៣ ខែកញ្ញា ឆ្នាំ២០២១ នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍អន្តរជាតិ នាទីក្រុងណាននឹង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន សូមអញ្ជើញមកចុះឈ្មោះចូលរួម ក្រោយពេលបានរៀបចំចំនួន១៧ លើក រួចមក។
ក្រសួងពាណិជ្ជកម្ម បានបន្តថា ដោយស្ថានភាពនៃជំងឺកូវីដ-១៩ នៅមិនទាន់អាចព្យាករណ៍បាន ការរៀបចំពិព័រណ៍ចិន-អាស៊ាន ឆ្នាំ២០២១នេះ ក្រសួងពាណិជ្ជកម្ម ផ្ដល់អាទិភាព ខ្ពស់ដល់ក្រុមហ៊ុន ឬសហគ្រាសកម្ពុជាដែលមានសាខា ឬតំណាងចែកចាយ ផលិតផលនៅប្រទេសចិនស្រាប់ និងជំរុញលើកទឹកចិត្តការចូលរួមពីចម្ងាយតាមរយៈ ការបញ្ជូន ផលិតផល និងសេវា ទៅចូលរួមដាក់តាំងបង្ហាញជូនអ្នកទស្សនានិងស្វែងរក ដៃគូពាណិជ្ជកម្មនិងវិនិយោគ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ ពាណិជ្ជកម្មខាងលើ។
បន្ថែមពីនេះ ក្រសួងពាណិជ្ជកម្ម ក៏បានប្រកាសថា សូមអញ្ជើញបណ្តាធុរជន សហគ្រិន វិនិយោគិន និងសេវាករទាំងអស់ ដែលមានចំណាប់អារម្មណ៍ និងមានបំណងចូលរួមពិព័រណ៍ ពាណិជ្ជកម្មចិន-អាស៊ានលើកទី១៨ (ឆ្នាំ២០២១ ដើម្បី បន្តនិរន្តរភាពពាណិជ្ជកម្ម ជាមួយដៃគូរបស់ខ្លួននៅប្រទេសចិន សូមប្រញាប់រួសរាន់បំពេញបែបបទ និងដាក់ពាក្យ ចូលរួមដោយឥតគិតថ្លៃនៅនាយកដ្ឋានកិច្ចការពិព័រណ៍ឱ្យបាន មុនថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ជាកំណត់ ព្រោះចំនួនស្ដង់មានកំណត់។
ជាមួយគ្នានេះ ក្នុងអំឡុងពេលនៃការរៀបចំពិព័រណ៍ខាងលើ លេខាធិការដ្ឋាននៃគណៈ កម្មការរៀបចំពិព័រណ៍ចិន អាស៊ានសហការជាមួយក្រុមហ៊ុន Alibaba នឹងរៀបចំ ពិធីបុណ្យទិញទំនិញប្រណិតពីប្រទេសអាស៊ាន តាមប្រព័ន្ធ អនឡាញ។
គួរបញ្ជាក់ថា សម្រាប់ការ ចូលរួមលក់ទំនិញប្រណិតតាមប្រព័ន្ធអនឡាញនេះ ធ្វើឡើងតាមការស្ម័គ្រចិត្ត ប៉ុន្តែអ្នកចូលរួម ត្រូវមានកាតព្វកិច្ចបង់កម្រៃសេវាផ្សាយលក់ផ្ទាល់ចំនួនចាប់ពី ៥០.០០០ យ័ន ទៅ ១៥០.០០០យ័ន ក្នុងមួយមុខទំនិញ ហើយប្រសិនបើមានអ្នកទិញ ម្ចាស់ក្រុមហ៊ុនត្រូវមានកាតព្វកិច្ចបង់ប្រាក់កម្រៃ ជើងសារឲ្យក្រុមហ៊ុន Alibaba ចំនួនចាប់ពី ១៥%-២០% នៃចំនួនទឹកប្រាក់ដែលបានលក់បានសរុប៕ដោយ៖សហការី
រូបភាព៖ឯកសារ ចូលរួមពិព័រណ៍ចិន-អាស៊ាន នាពេលកន្លងទៅ