ភ្នំពេញ៖ នៅថ្ងៃអង្គារ៍ ៤កើត ខែទុតិយសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ លោក វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោកស្រីបណ្ឌិត Devyani Khobragade, ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា តាមប្រព័ន្ធវីដេអូ conference។ លោករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានលោកជំទាវឯកអគ្គរដ្ឋទូតដែលបានមកបំពេញបេសកកម្មការទូតថ្មីនៅកម្ពុជា។
លោកស្រី ឯកអគ្គរដ្ឋទូតក៏បានថ្លែងអំណរគុណដល់ លោករដ្ឋមន្ត្រីដែលបានឆ្លៀតពេលដ៏មមាញឹកដើម្បីជួបពិភាក្សាការងារក្នុងគោលបំណងដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេរភាគីរវាងកម្ពុជា និងឥណ្ឌា ជាពិសេសក្នុងវិស័យកសិកម្ម។ លោកស្រីបានគូសបញ្ជាក់ពីការផ្តល់នូវថវិកាជំនួយបច្ចេកទេសក្នុងកម្មវិធី Quick Impact Project និងស្នើអោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរៀបចំនូវគម្រោងស្នើសុំផ្សេងៗដែលមានថវិកា ៥០ ០០០ ដុល្លារក្នុងគម្រោងនិមួយៗ។ លោកស្រីក៏បញ្ជាក់ផងដែរអំពីកម្មវិធីពង្រឹងសមត្ថភាពរបស់ឥណ្ឌា និងស្នើអោយក្រសួងកសិកម្មបញ្ជូនមន្ត្រីបច្ចេកទេសដើម្បីចូលរួមអោយបានច្រើន។ លោកស្រីបានជម្រាបផងដែរអំពីកិច្ចសហប្រតិបត្តិការពហុភាគីរវាងអាស៊ាន និងឥណ្ឌា ដោយបានបង្កើតនូវមូលនិធិអាស៊ាន ឥណ្ឌា ដែលប្រទេសកម្ពុជាក៏អាចលើកនូវគម្រោងវិនិយោគផ្សេងក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការពហុភាគីនៃមូលនិធិអាស៊ានឥណ្ឌា។ លោកស្រីស្នើសុំអោយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ជួយជំរុញ និងសម្រួលដល់ការវិនិយោគរបស់ក្រុមហ៊ុនឯកជនឥណ្ឌាដែលបានវិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជា។
លោករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់លោកជំទាវដែលបានបន្តជួយជ្រោមជ្រែងដល់វិស័យកសិកម្ម និងផ្តល់ឳកាសដល់ក្រសួងដើម្បីស្នើសុំថវិការអនុវត្តគម្រោង Quick Impact Project និងគម្រោងវិនិយោគក្នុងវិស័យកសិកម្មក្នុងក្របខ័ណ្ឌមូលនិធិអាស៊ានឥណ្ឌា។ លោករដ្ឋមន្ត្រីក៏បានស្នើអោយលោកស្រីជួយដល់កម្ពុជានូវបច្ចេកទេសថ្មីៗដូចជា Soil Health Card និងបច្ចេកវិជ្ជាកសិកម្មទំនើបៗផងដែរ និងសូមអោយជួយជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរថែមទៀត ជាពិសេសការជំរុញការធ្វើពាណិជ្ចកម្មក្នុងវិស័យកសិកម្ម។
លោករដ្ឋមន្ត្រី ក៏បានចាត់លោកប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិដើម្បីទំនាក់ទំនងជាមួយស្ថានទូតដើម្បីជំរុញនូវការរៀបចំកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២អោយបានដំណើរការក្នុងពេលដ៏ខ្លីខាងមុខ។
លោកស្រីឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងគាំទ្រទាំងស្រុងដល់ការលើកឡើងរបស់លោករដ្ឋមន្ត្រី និងឯកភាពនឹងចាត់អោយមន្ត្រីស្ថានទូតសហការជាមួយនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិដើម្បីធ្វើយ៉ាងណាអោយកិច្ចសហប្រតិបត្តិការកាន់តែមានប្រសិទ្ធភាព។
ជាទីបញ្ចប់ លោករដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរទោះជាក្នុងពេលដ៏លំបាកដោយវិបត្តិកូវិដ១៩ក្តី តែយើងអាចជួបគ្នាជាប្រចាំតាមរយៈកិច្ចប្រជុំពិភាក្សារ online ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជាឥណ្ឌា និងពិសេសស្នើសុំអោយឥណ្ឌាជួយដល់វិស័យគ្រឿងយន្តកសិកម្មនៅកម្ពុជាផងដែរ៕
ដោយ ៖ សិលា