ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមគ្រូពេទ្យកងពលតូចលេខ៧០នៃកងទ័ពជើងគោកចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋស្រុកគងពិសីដូសទី១បាន៩០%ហើយ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋ កម្មករ កម្មការិនីនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ប្រមាណ ៩០% នៅក្នុងចំណោមប្រជាពលរដ្ឋ កម្មករ កម្មការិនី មានចំនួនជាង ៨ម៉ឺន ៩ពាន់នាក់ ដែលត្រូវចាក់វ៉ាក់សាំងនោះ ទទួលបានការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ដូសទី១ ប្រភេទស៊ីណូវ៉ាក់ ពីសំណាក់ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងកូវីដ-១៩ កងពលតូចលេខ ៧០ នៃកងទ័ជើងគោក។ 

នៅស្រុកគងពិសីមានចំនួន ១៣ឃុំ ដោយបានបើកយុទ្ធនា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០២១កន្លងមក, គិតរហូតដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០២១ ក្រុមគ្រូពេទ្យកងពល តូចលេខ ៧០ នៃកងទ័ពជើងគោក បានដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី នៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ នូវដូស ទី១ បាន សម្រេចលទ្ធផលនៅលើការចាក់វ៉ាក់សាំងបានប្រមាណ ៩០% នៅក្នុង ចំណោមចំនួន ៨ម៉ឺន៩ពាន់ ៦៩១នាក់ ។ នៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យ កងពលតូចលេខ៧០ ក៏បាននឹងកំពុងតែបន្ត ចាក់វ៉ាក់សាំងកូវីដ-១៩នេះដល់បងប្អូន នូវដូសទី២ ប្រកបដោយការទទួលខុសត្រូវខ្ពស់រហូតដល់បងប្អូនប្រជាពលរដ្ឋទទួលបានគ្រប់ៗគ្នា។  បច្ចុប្បន្ន ក្រុមការងារចាក់វ៉ាក់សាំងកូវីដ-១៩ កងពលតូចលេខ៧០ បានខិតខំបំពេញការងារយ៉ាងពេញលេញតាមអ្វីដែលរាជរដ្ឋភិបាលបានប្រគល់ភារកិច្ចជូន។ 

ជាមួយគ្នានេះ បានខិតខំប្រឹង ប្រែងដោយមានកិច្ចសហការល្អពីអាជ្ញាធរមូលដ្ឋានឃុំ ស្រុក និងមានការចាត់ចែងឱ្យបងប្អូនដែលមានអាយុ១៨ឆ្នាំឡើងមកទទួលយកការចាក់វ៉ាក់សាំងនេះ ដោយមានវេន មានពេលវេលា និងទៅតាមថ្ងៃនិមួយៗ ដើម្បីបញ្ចៀសបាននូវការកកស្ទះមនុស្ស ដែលអាចជាការបង្កហានិភ័យ នៃការចម្លង ជំងឺកូវីដ-១៩។

លោកស្រី ឧត្តមសេនីយ៍ត្រី យុង ខេមរា មេបញ្ជាការរងកងពលតូចលេខ៧០ និងជាប្រធានក្រុមគ្រូពេទ្យចាក់វ៉ាក់សាំង ទីតាំងសាលាបឋមសិក្សាស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានអោយដឹងថា៖ នៅក្នុងយុទ្ធនាការចុះចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រស្រុកគងពិសីនេះ, កងពលតូចលេខ៧០ ទទួលបន្ទុករៀបចំចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ មានចំនួន ១៣ឃុំ ដោយបែងចែកជា ៤គោលដៅធំៗ ក្នុងនោះ គោលដៅទី១នៅរោងចក្រវីងស្តាស៊ូ (ស្ថិតក្នុងភូមិអង្គគន្ធា) ដឹកនាំដោយឧត្តមសេនីយ៍ឯក អ៊ុង សំកត់ មេបញ្ជាការរង កងពលតូចលេខ៧០ទទួល ខុសចាក់នៅឃុំចំនួន ៤គឺ៖ (ឃុំមហាឫស្សី, ឃុំព្រៃវិហារ, ឃុំស្តុក និងឃុំស្នំក្រពើ),។

 គោលដៅទី២ ដឹកនាំដោយឧត្តមសេនីយ៍ទោ សៅ ខាន់ មេបញ្ជាការរងកងពលតូចលេខ៧០ ទទួលខុសត្រូវចល័តចាក់ជូនបងប្អូនកម្មករ កម្មការិនី នៅតាមបណ្តារោងចក្រ សហគ្រាសនានា, គោលដៅទី៣ នៅសាលាបឋមសិក្សាជ្រៃហូរព្នៅ ដឹកនាំដោយឧត្តមសេនីយទោ ស្រ៊ូយ ណារិទ្ធ មេបញ្ជាការរង កងពលតូចលេខ៧០ ទទួលខុសត្រូវចាក់ជូន មាន៣ឃុំ៖ (ឃុំវាល, ឃុំជង្រុក និងឃុំអង្គពពែល) និងគោលដៅទី៤ នៅសាលាបឋមសិក្សាស្រង់ ដឹកនាំដោយលោកស្រី ឧត្តមសេនីយត្រី យុង ខេមរា ទទួលខុសត្រូវចាក់វ៉ាក់សាំងជូនប្រជាបលរដ្ឋ មាន៤ឃុំ (គឺឃុំស្រង់ ឃុំព្រៃញាតិ ឃុំពេជ្រមុនី និងឃុំរកាកោះ) និងចាក់ជូនប្រជាការពារទាំង១៣ផងដែរ។

 ដោយឡែក ឃុំព្រះនិព្វាន្ត នឹងបន្តចាក់នាពេលមុខដើម្បីធ្វើឲ្យវ៉ាក់សាំងបានជ្រាប ចូលទៅក្នុងរាងកាយរបស់ប្រជាពលរដ្ឋគ្រប់ៗរូប ដើម្បីជួយសង្គ្រោះដល់សុខុមាលភាពសាធារណៈ រួមចំណែកនៅលើការជឿជាក់ពីប្រជាពលរដ្ឋ មកលើរាជរដ្ឋាភិបាល ក្នុងការផ្តល់វ៉ាក់សាំងនេះ។ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំជម្នះការលំបាកទាំងឡាយ ដើម្បីចាក់វ៉ាក់សាំងនៅតំបន់ក្រហមដែលមានហានិភ័យខ្ពស់ ធ្វើឱ្យប្រជាពលរដ្ឋក្នុងតំបន់នេះមានក្តីរីករាយជាខ្លាំងក្រៃលែង។ 

ប្រជាពលរដ្ឋ ដែលបានអញ្ជើញទៅចាក់វ៉ាក់សាំង ក្រៅពីបានអរគុណក្រុមគ្រូពេទ្យដោយផ្ទាល់មាត់ហើយនោះ ពួកគេបានអរគុណរាជរដ្ឋាភិបាល និងក្រុមការងារ គ្រូពេទ្យចាក់វ៉ាក់សាំង ខ.ភ.ម ដើម្បីជួយប្រជាពលរដ្ឋ ឲ្យពួកគាត់បានគេចផុតពីការរាតត្បាតនៃជំងឺកូវីដ-១៩ ៕

ដោយ៖ សូរិយា


ចែករំលែក៖