ព័ត៌មានទាន់ហេតុការណ៍៖

ប្រវត្តិសាស្ត្រនៃទិវាឯករាជ្យបារាំង ថ្ងៃទី១៤ខែកក្កដា និងពិធីអបអរសាទរក្នុងពេលកំពុងឆ្លងរាលដាលកូវីដ-១៩

ចែករំលែក៖

ទិវាឯករាជ្យបារាំង ឬហៅថា«Bastille Day» ជាថ្ងៃនៃព្រឹត្តិការណ៍ប្លន់គុក Bastille ត្រូវបានចាត់ទុកថាជាតំណាងនៃការកាន់អំណាចផ្តាច់ការ ឃោរឃៅដោយមេដឹកនាំយោធា។

នៅថ្ងៃទី១៤ខែកក្កដា ឆ្នាំ១៧៨៩ ពលរដ្ឋរាប់សិបពាន់នាក់នៅទីក្រុងប៉ារីស ភាគច្រើនជាកម្មករ ពលករ និងពលរដ្ឋក្រីក្របាននាំគ្នាក្រោកឈរឡើង វាយប្រហារប្លន់គុក Bastille។ ការអំពាវនាវមានឈ្មោះថា «សូមវាយលុកដណ្តើម Bastille » ហើយទទួលបានការគ្រាំទ្រយ៉ាងខ្លាំង និងការក្រោកឡើងរបស់ពលរដ្ឋនៅទូទាំងទីក្រុង។ ពលរដ្ឋនៅទីក្រុងបាននាំគ្នាហែក្បួនទៅកាន់ពន្ធនាគារដែលជានិមិត្តរូបនៃការត្រួតត្រាសក្ដិភូមិស្វ័យភាព។
បើទោះបីពន្ធនាគារ Bastille បានសាងសង់ជញ្ជាំងខ្ពស់និងក្រាស់ មានការការពារយ៉ាងតឹងតែង ផ្លូវចេញចូលត្រូវយាមល្បាតយ៉ាងតឹងតែង ដោយមានស្ពានខ្សែកាប្លិ៍ចូលទៅកាន់ពន្ធនាគារយ៉ាងណាក្តី ក៏អតីតទាហានបារាំងនិងស៊ុយអែត ដែលខំការពារយ៉ាងតឹងតែងនោះមិនអាចយកឈ្នះលើកម្លាំងពលរដ្ឋក្នុងទីក្រុងប៉ារីសបានដែរ គឺបានបង្ខំឲ្យទាហានសក្តិភូមិត្រូវតែចុះចាញ់។
ការដណ្តើមគ្រប់គ្រងពន្ធនាគារ Bastille បានក្លាយទៅជានិមិត្តរូប ក្នុងការក្រោកឈរឡើងធ្វើបដិវត្តន៍នៅតាមតំបន់ជនបទ ជំរុញឲ្យមានបដិវត្តន៍ផ្ទុះឡើងក្នុងប្រទេសបារាំង ។ កម្លាំងពលរដ្ឋបានក្រោកឡើងវាយប្រហារ ដុតបំផ្លាញទីតាំងរបស់ក្រុមសក្តិភូមិ។
តាំងពីពេលនោះមក “Bastille Day” បានក្លាយជាទិវាជាតិដែលជានិមិត្តរូបនៃការបញ្ចប់«របបរាជានិយមបុរាណរបស់បារាំង» ។ រដ្ឋាភិបាលបដិវត្តន៍បារាំងត្រូវបានបង្កើតឡើង ហើយបន្ទាប់មកបានបញ្ជាឱ្យបំផ្លាញពន្ធនាគារ Bastille ក្នុងអំឡុងឆ្នាំ១៧៨៩-១៧៩០ ។
ទិវាឯករាជ្យរបស់បារាំងគឺក្រោយអាមេរិកតែ១០ថ្ងៃប៉ុណ្ណោះ ថ្ងៃទី១៤ខែកក្កដា គឺជាថ្ងៃដ៏សំខាន់សម្រាប់ពលរដ្ឋបារាំង ។ តាមប្រភពព័ត៌មានពីវិមានអេលីហ្សេ (Élysée) បើទោះបីទិវាឯករាជ្យបានធ្វើឡើងជារៀងរាល់ឆ្នាំ ក្រោយព្រឹត្តិការណ៍ឆ្នាំ១៧៨៩ក្តី ប៉ុន្តែរហូតមកដល់ឆ្នាំ ១៨៨០ Bastille Day បានក្លាយទៅជាទិវាបុណ្យជាតិរបស់បារាំង។
តាំងពីឆ្នាំ១៨៨០ រហូតមកទល់ពេលនេះ ពលរដ្ឋបារាំងប្រារព្ធទិវាឯករាជ្យជាតិដោយមានការបាញ់កាំជ្រួចភ្ញីភ្លើង ពិធីដង្ហែក្បួនព្យុហយាត្រា និងការជប់លៀងយ៉ាងសម្បាយរីករាយក្នុងថ្ងៃនេះ។
ជារៀងរាល់ឆ្នាំ នៅរដ្ឋធានីប៉ារីស ក្នុងទិវាឯករាជ្យជាតិមានពិធីដង្ហែក្បួនយោធានៅទីលានសង់-អេលីហ្សេ (Champs-Élysées)។ នៅយប់ថ្ងៃទី១៤ខែកក្កដា ពលរដ្ឋបារាំង នឹងបានទស្សនាពិធីបាញ់កាំជ្រួចនៅតួអេហ្វែល។
ប៉ុន្តែនៅក្នុងឆ្នាំ ២០២១នេះ ដោយសារតែវិបត្តិសុខភាព គឺការឆ្លងរាលដាលកូវីដ-១៩ រដ្ឋាភិបាលបារាំងបានសម្រេចរិឹតត្បិត ដោយពលរដ្ឋដែលទៅទស្សនាការបាញ់កាំជ្រួចគឺត្រូវតែមានលិខិតបញ្ជាក់ពីការចាក់វ៉ាក់សាំងរួចរាល់ ។ ចំណែកពលរដ្ឋដែលមិនទាន់ចាក់វ៉ាក់សាំង គឺមិនអនុញ្ញាតឲ្យទៅចូលរួមទស្សនានោះឡើយ។
ដើម្បីអាចទៅកម្សាន្តនៅទីប្រជុំជនបាន ពលរដ្ឋបារាំងត្រូវតែមានលិខិតបញ្ជាក់សុខភាព៣ប្រភេទរួមមាន លិខិត«កាត»បញ្ជាក់ពីការចាក់វ៉ាក់សាំងរួចរាល់ លិខិតធ្វើតេស្ត អវិជ្ជមានឬលិខិតបញ្ជាក់ពីការព្យាបាលកូវីដ-១៩ ជាសះស្បើយ។
សកម្មភាពខាងលើរបស់រដ្ឋាភិបាលបារាំង ក្នុងគោលដៅជំរុញឲ្យពលរដ្ឋនាំគ្នាទៅចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ឲ្យបានគ្រប់គ្នា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ពិសេសគឺវីរុសបំប្លែងខ្លួនថ្មីប្រភេទDelta ដែលកំពុងគំរាមកំហែងពិភពលោកសាជាថ្មី៕

ដោយ៖ធីរីណា(រូបភាព៖ITN+EPA+Reuters)


ចែករំលែក៖