ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេស​អូស្ត្រាលី​៖ ទីក្រុងស៊ីដនី​ បន្តបិទខ្ទប់រយៈពេលពីរសប្តាហ៍បន្ថែមទៀត​ ដើម្បីទប់ស្កាត់​ការរាតត្បាតជំងឺកូវីដ-១៩

ចែករំលែក៖

អន្តរជាតិ​៖ បន្ទាប់ពីអាជ្ញាធររដ្ឋញូសោតវែលស៍ (New South Wales) នៃប្រទេសអូស្ត្រាលី​ រកឃើញ​​ករណីឆ្លងជំងឺ COVID-19 នៅតែស្ថិតក្នុងកម្រិតខ្ពស់​ នៅព្រឹកថ្ងៃពុធទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ​ ក៏បានប្រកាសថា ទីក្រុងស៊ីដនី (Greater Sydney) និងតំបន់ជុំវិញមួយចំនួនទៀត នឹងត្រូវបន្តបិទខ្ទប់ (lockdown) ចំនួនពីរសប្តាហ៍បន្ថែមទៀត គឺរហូតដល់ថ្ងៃទី៣០ ខែកក្កដា។

បើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ​ បានដកស្រង់ចេញផ្សាយពី​សេចក្តីសម្រេចខាងលើនេះ​ បានបញ្ជាក់ថា​ បន្ទាប់ពីអាជ្ញាធររដ្ឋញូសោតវែលស៍​ រកឃើញ​ករណីឆ្លង COVID-19 សរុប ៩៧នាក់ ក្នុងរយៈពេល ២៤ម៉ោង គិតត្រឹមម៉ោង ៨៖០០នាទីយប់ថ្ងៃអង្គារ (ម៉ោងនៅទីក្រុងស៊ីដនី)។ និងមនុស្សសរុប ៦៥,០០០នាក់ ក៏ត្រូវបានធ្វើតេស្តរក COVID-19 ផងដែរ តែក្នុងរយៈពេលពេញមួយយប់ថ្ងៃអង្គារប៉ុណ្ណោះ។

ដោយឡែក​បេីតាមលោក ប្រ៊ែដ ហាហ្សាដ (Brad Hazzard) រដ្ឋមន្ត្រីសុខាភិបាលប្រចាំរដ្ឋ ញូសោតវែលស៍ បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យើងកំពុងពិនិត្យឡើងវិញ នូវដំបូន្មានទាំងអស់ផ្នែកសុខាភិបាល ហើយនឹងបន្តធ្វើបច្ចុប្បន្នភាពទៅដល់សហគមន៍ ប្រសិនបើមានការផ្លាស់ប្តូរណាមួយតម្រូវឲ្យធ្វើឡើង»។គួរបញ្ជាក់ថា ការបិទខ្ទប់ត្រូវបានកំណត់នៅទូទាំងតំបន់ Greater Sydney ក្នុងនោះមានដូចជា៖ ឆ្នេរសិនត្រលខូសត៍ (Central Coast), Blue Mountains, វ៉ូលឡងហ្គុង (Wollongong) និង ហ្សែលហាប័រ (Shellharbour) ជាដើម។ សិស្សសាលាទាំងអស់ ក៏តម្រូវឲ្យធ្វើការសិក្សាតាមប្រព័ន្ធអនឡាញ សម្រាប់រយៈពេល ០២សប្តាហ៍ទៀតដូចគ្នា៕

ដោយ​៖ស​ តារា​


ចែករំលែក៖