ភ្នំពេញ៖ ភ្លាមៗបន្ទាប់ពីបានទទួលដំណឹងថា បងប្អូនជនមានពិការភាពនៃសមាគមសំនៀងជនពិការរបស់លោក ចាប តូ មានវិជ្ជមានវីរ៉ុសកូវីដ-១៩ នៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក វង សូត បានចាត់លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ឱ្យចុះសួរសុខទុក្ខនិងនាំថវិកាផ្ទាល់របស់លោករដ្ឋមន្ត្រី ទៅប្រគល់ជូនដល់ជនមានពិការភាពចំនួន ៥៧នាក់ ដែលក្នុងនោះមានវិជ្ជមានកូវីដ-១៩ ចំនួន ៣៧នាក់។
ថវិកាសរុបចំនួន ៥,៧០០,០០០រៀល ត្រូវបានប្រគល់ជូនដល់សមាជិកនៃសមាគម ក្នុងម្នាក់ទទួលបានថវិកា ចំនួន ១០០,០០០រៀល។
រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការលោក ឯម ច័ន្ទមករា បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោករដ្ឋមន្ត្រី និងបានលើកទឹកចិត្តដល់បងប្អូនមានពិការភាពដែលកំពុងមានវិជ្ជមានវីរ៉ុសកូវីដ-១៩ ត្រូវបន្តទទួលការព្យាបាល ពិសារថ្នាំឱ្យបានទៀងពេលវេលា ហាត់ប្រាណ និងមិនត្រូវបាក់ទឹកចិត្តឡើយ។ លោករដ្ឋលេខាធិការក៏បានផ្តាំផ្ញើរដល់សមាជិកនៃសមាគមសំនៀងជនពិការដែលមិនមានវិជ្ជមានវីរ៉ុសកូវីដ-១៩ ត្រូវបន្តរក្សាអនាម័យ វិធានសុខាភិបាល ពិសេសអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺ៣កុំ និង៣ការពារ ដើម្បីចៀងផុតពីការឆ្លងមេរោគដ៏កាចសាហាវនេះ ហើយត្រូវបន្តតាមដានសុខភាពជាប់ជាប្រចាំ។
ជាការឆ្លើយតបចំពោះទឹកចិត្តរបស់រដ្ឋមន្រ្តី វង សូត នាពេលនេះ លោក ចាប តូ ប្រធានសមាគមសំនៀងជនពិការ បានគោរពថ្លែងអំណរគុណលោករដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ដែលតែងតែយកចិត្តទុកដាក់ ពីសុខទុក្ខរបស់បងប្អូនមានពិការភាពគ្រប់ៗគ្នា។ លោក ចាប តូ បន្ថែមថា បងប្អូនជនមានពិការភាព នឹងព្យាយាមជម្នះ និងយកឈ្នះជំងឺដ៏កាចសាហាវនេះឲ្យបាន ហើយមិនចុះចាញ់ជាដាច់ខាត។
គួរបញ្ជាក់ផងដែលថា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចដាក់ឱ្យសមាជិកនៃសមាគមតន្ត្រីសំនៀងជនពិការ សម្រាកព្យាបាលជំងឺកូវីដ-១៩ នៅនឹងកន្លែងសមាគមតែម្តង និងបានឧបត្ថម្ភនូវសម្ភារៈ ស្បៀងអាហារ តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ព្រមទាំងបានសហការណ៍ជាមន្ទីរសុខាភិបាលដើម្បីផ្តល់ថ្នាំសម្រាប់ព្យាបាលដល់អ្នកមានវិជ្ជមានកូវីដ-១៩ នៃសមាគមនេះផងដែរ៕
ដោយ ៖ សិលា