ព័ត៌មានទាន់ហេតុការណ៍៖

ហួសចិត្តព្រះសង្ឃក្លែងក្លាយមានសតិមិនគ្រប់និមន្តបិណ្ឌបាត្រមានផ្ទុកមេរោគកូវីដ-១៩ផ្អើលពេញភូមិ

ចែករំលែក៖

ខេត្តព្រះវិហារ ៖ ៥ថ្ងៃមកហើយដែលមហាជននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើល និងហួសចិត្តជាខ្លាំងចំពោះបុគ្គលម្នាក់ដែលប្រហែលមានសតិមិនគ្រប់ បានក្លែងខ្លួនធ្វើជាសង្ឃ ដោយទុកសក់វែង និមន្តកាត់ភូមិពេលល្ងាចនិងយប់ព្រលប់ ថែមទាំងមានផ្ទុកមេរោគកូវីដ-១៩ ទៀត។

ប្រជាពលរដ្ឋរស់នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារបានឲ្យដឹងថា រឿងដ៏មហាហួសថ្លែងនេះបានកើតឡើងនៅក្នុងភូមិមួយ នៃស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយ កាលពី ល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ព្រះសង្ឃដែលគេសង្ស័យក្លែងក្លាយនេះ បាននិមន្តបិណ្ឌបាត្រដ៏ចម្លែកនៅពេលល្ងាច កាត់ពីភូមិមួយទៅភូមិមួយហើយថែមទាំងមានសក់វែងខុសបុព្វជិតផ្សេងៗទៀតផង។

ពេលឃើញដូច្នេះ មហាជនបានថតរូបព្រះសង្ឃអង្គនេះរួចបង្ហោះនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ធ្វើឲ្យមានការភ្ញាក់ផ្អើល និងហួសចិត្តជាខ្លាំងរួចបានរាយការណ៍ទៅអាជ្ញាធរឲ្យធ្វើការឃាត់ខ្លួនព្រះសង្ឃអង្គនេះ។ បន្ទាប់ពីមានការសង្ស័យខ្លាំង ព្រោះលោកសង្ឃអីទុកសក់វែងនិងដើរបិណ្ឌបាត្រពេលល្ងាចខុសវិន័យសង្ឃទើបអាជ្ញាធរឃាត់ខ្លួនសួរនាំហើយដឹងថាជាសង្ឃក្លែងក្លាយមានសតិមិនគ្រប់ក៏ចាប់ផ្សឹកនិងយកទៅធ្វើតេស្តរហ័សរកឃើញវិជ្ជមានកូវីដ-១៩ ។

បើយោងតាមគណនីហ្វេសប៊ុកឈ្មោះ ប៉ាវ ហុកលី ដែលបានជួបករណីនេះផ្ទាល់វិញ បានសរសេររៀបទាំងហួសចិត្តបែបនេះថា «តំណាងចែកចាយធំបានមកដល់ស្រុកជាំក្សាន្តហើយ នៅថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០២១ វេលាម៉ោង ៦និង១០នាទី មានលោកសង្ឃក្លែងក្លាយបានដើរកាត់មុខផ្ទះខ្ញុំបាទ ដោយមានការសង្ស័យខ្ញុំបាទបានទាក់ទង ទៅលោកមេឃុំនិងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកក្រហមឲ្យមកឃាត់សួរនាំ រួចហើយបានយកទៅធ្វើតេស្តរហ័ស នៅសាលារៀនវិទ្យាល័យជាំក្សាន្តដោយលទ្ធផល ចេញមកឃើញវិជ្ជមានកូវីដ-១៩។ សូមបងប្អូនដែលពាក់ព័ន្ធដាក់បាត និងប្រយោលជាមួយនិងលោកសង្ឃក្លែងក្លាយម្នាក់នេះ សូមមកធ្វើតេស្តជាបន្ទាន់ ( សូមការពារទាំងអស់គ្នា ៣ កុំ ៣ ការពារ ) »។

យ៉ាងណាក្រោយឃើញ និងឮថា មានសង្ឃក្លែងក្លាយនេះមានផ្ទុកកូវីដ-១៩ ស្រាប់តែអ្នកលេងបណ្តាញសង្គមម្នាក់ បានភ័យបុកពោះជំនួសថា «ចប់ហើយ អ្នកស្រុកខ្ញុំ បានជិះឡានជាមួយគាត់ដែរ មិនដឹងយ៉ាងម៉េចយ៉ាងម៉ានោះទេ»។ រីឯអ្នកខ្លះទៀត ក៏បាននិយាយទាំងហួសចិត្តថា «តំណាងចែកចាយធំទៅដល់ណាហើយលោកព្រះ ឥឡូវនេះ កំពុងរញ៉េរញ៉ៃពេញស្រុក អ្នកជាប់ពាក់ព័ន្ធកំពុងភ័យនាំគ្នាទៅធ្វើតេស្តព្រោងព្រាត,…»។

ក្នុងករណីអាជ្ញាធរមូលដ្ឋានបានអះអាងថាក្រោយចាប់ផ្សឹករួច អន្ទិតម្នាក់នេះបានយកទៅធ្វើចត្តាឡីស័កនិងព្យាបាលជំងឺភ្លាមៗដែរ។ អាជ្ញាធរមូលដ្ឋានអំពាវនាវដល់បងប្អូន ជាពិសេសអ្នកប្រគេនទេយ្យទានដល់គាត់ដែលប៉ះពាល់ផ្ទាល់សូមអញ្ជើញទៅធ្វើចត្តាឡីស័កកុំបីខាន៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖