ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំកែលម្អសួនច្បារនៅមុខក្រសួងការពារជាតិ ហើយ ការងារអភិវឌ្ឍន៍នេះមិនប៉ះពាល់ជំងឺកូវីដ-១៩ឡើយ

ចែករំលែក៖

ភ្នំពេញ៖ គម្រោងនៃកែលម្អសួនច្បារ នៅមុខអគារទីស្តីការក្រសួងការពារជាតិ ថ្មីនាពេលនេះ ក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បាននិងកំពុងធ្វើសកម្មភាពគាស់ការ៉ូឡា និងគាស់គល់ឈើចេញដើម្បី កែលម្អសួនមួយនេះឲ្យបានស្រស់ស្អាតពីទិសខាងលិចរហូតដល់មុខអគារ ក្រសួងការពារជាតិ ជាមួយនឹងការបើកផ្លូវចេញចូលក្រសួងនេះឲ្យបានធំទូលាយជាងមុន ។

    លោក សំ សាមុត ប្រធានអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងនៅថ្ងៃទី១៥ ខែកក្កដានេះថា នៅពេលនេះបើទោះបីស្ថិតក្នុងដំណាក់កាលនៃការរីក រាលដាលជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈក្តី ក៏ក្រុមការងារនៃ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបាននិងកំពុងធ្វើសកម្មភាពគាស់ការ៉ូឡា និងគាស់ដើមឈើចេញដើម្បីកែលម្អសួនច្បារឲ្យបានស្រស់ស្អាតពីខាងទិសខាងលិចមក រហូតទៅដល់មុខអគារទីស្តីការក្រសួងការពារជាតិថ្មី ជាមួយនិឹង ការកាត់សួនច្បារចាស់ចេញប្រវែង៤៥ ម៉ែត្រ ដើម្បីរៀបជាផ្លូវចេញចូលអគារទីស្តីការក្រសួងការពារជាតិនេះផងដែរ ។

    ការកែលម្អសួនច្បារមួយនេះធ្វើឡើង ដើម្បីត្រៀមបើកសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការអគារទីស្តីការក្រសួងការពារជាតិ ថ្មី ដែលគ្រោងនិឹងបើកសម្ពោធនៅពេលខាងមុខនេះ។ បើតាមគម្រោងកន្លងមក គឺពិធីសម្ពោធនិឹងធ្វើឡើងក្រោម អធិបតីភាពសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ។

     សូមបញ្ជាក់ថា កិច្ចប្រជុំពិភាក្សានិងអនុម័តលើគម្រោងកែលម្អសួនច្បារ និងហេដ្ឋារចនាសម្ព័ន្ធនានានៅមុខ ក្រសួងការពារជាតិនេះត្រូវបានធ្វើឡើងជាច្រើនលើកហើយនៅសាលារាជធានីភ្នំពេញ ជាមួយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងតំណាងរបស់ក្រសួងការពារជាតិ។ 

    បើតាមគម្រោងនេះមានមួយផ្នែកត្រូវប្រើប្រាស់ថវិការបស់ក្រសួងការពារជាតិដូចជាការ ដាក់លូថ្មីទំហំ១ម៉ែត្រ និងការអ៊ុតកៅស៊ូលើទំហំផ្លូវចូលក្រសួង រហូតដល់៤៥ម៉ែត្រជាដើម។ ចំណែក រដ្ឋបាលរាជធានីភ្នំពេញមានការងារច្រើន ដែលត្រូវអនុវត្តផងដែរ ដូចជាការកែលម្អសួនច្បារ ដាក់បង្គោលភ្លើង៦៦ដើម ជា មួយនឹងការដាក់លូ ការស្ដារលូពីក្រោយនិងនៅមុខក្រសួងការពារជាតិ ។  តាមគម្រោងកែលម្អសួនច្បារមុខក្រសួង ការពារជាតិនេះ នឹងត្រូវកាត់សួនចាស់ ចេញរហូតដល់ប្រវែង៤៥ម៉ែត្រដើម្បីរៀបជាផ្លូវចេញចូលមុខក្រសួងហើយសួនថ្មីនេះនឹងរៀបជាថ្មក្រានីតដាំស្មៅបំពាក់អំពូលភ្លើង ដែលអាចឱ្យប្រជាពលរដ្ឋមានកន្លែងហាត់ប្រាណងាយស្រួលជាមួយ នឹងទីតាំងធំទូលាយជាងមុន ៕ 

ដោយ ៖ សំរិត


ចែករំលែក៖