ខេត្តសៀមរាប៖ លោកលុក ផុស អភិបាលស្រុកអង្គរជុំ ខេត្តសៀមរាបនៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះបានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី១៤កក្កដា អាជ្ញាធរស្រុកបានសម្រេចបិទផ្សារចារឈូកក្នុងស្រុកអង្គរជុំជាបណ្ដោះអាសន្ន បន្ទាប់ពីរកឃើញអាជីវករនៅក្នុងផ្សារនេះមានវិជ្ជមានកូវីដ-១៩រហូតដល់ ៥២នាក់។
លោកអភិបាលស្រុកអង្គរជុំឱ្យដឹងថា ក្រុមគ្រូពេទ្យបានធ្វើតេស្តប្រជាពលរដ្ឋនិងអាជីវករដែលមានការពាក់ព័ន្ធសរុបចំនួន៣៥២នាក់ ហើយជាលទ្ធផលរកឃើញវិជ្ជមានចំនួន៥២នាក់។ ជាមួយគ្នានេះ អភិបាលគណៈអភិបា លស្រុកអង្គរជុំ មន្ត្រីរាជការដែលបម្រើការងារក្នុងសាលាស្រុក ដែលមានការពាក់ព័ន្ធជាមួយអ្នកមានផ្ទុកជំងឺកូវីដ-១៩ បានធ្វើតេស្តរហ័សលើកទី១ លទ្ធផលអវិជ្ជមាន។
ជាមួយគ្នានេះរដ្ឋបាលស្រុកអង្គរជុំក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩នៅក្នុងផ្សារចារឈូកនេះ និងអ្នកវិជ្ជមានផ្សេងៗទៀតត្រូវរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត៕
ដោយ៖ សូរិយា