ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញចុះពិនិត្យមើលការព្យាបាលជំងឺកូវីដ-១៩ និងការធ្វើចត្តាឡីសក័តាមបណ្តាកងឯកភាពក្នុងកងយោធពលខេមរភូមិន្ទ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១  នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានអញ្ជើញចុះពិនិត្យមើលការព្យាបាលជំងឺកូវីដ-១៩ និងការធ្វើចត្តាឡីសក័តាមបណ្តាកងឯកភាពមួយចំនួនក្នុងកងយោធពលខេមរភូមិន្ទ។ 

តាមសេចក្តីរាយការណ៍របស់គណៈគ្រប់គ្រងសាលា បច្ចុប្បន្ននេះនៅវិទ្យាស្ថានកងទ័ពជើងគោកមានយោធិនកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ ចំនួន ៦៩ នាក់ និងយោធិនចំនួន ៣៦ នាក់ កំពុងធ្វើចត្តាឡីស័ក។ ដោយឡែកនៅសាលានាយទាហានសកម្ម មានយោធិនចំនួន ៣១៧ នាក់ កំពុងសម្រាកព្យាបាល និងយោធិនចំនួន ៤៨៤ នាក់ កំពុងធ្វើចត្តាឡីស័ក។ 

មានប្រសាសន៍ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសំដែងនូវក្តីមោទនៈចំពោះពលិកម្មរបស់កងយោធពលខេមរភូមិន្ទ ដែលបានចូលរួមយុទ្ធនាការជាតិចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក៏ដូចជាលទ្ធភាពនៅក្នុងការរៀបចំកន្លែងព្យាបាលជំងឺកូវី-១៩ កម្រិតស្រាលដោយខ្លួនឯង។

នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការបានក្រើនរំលឹកឲ្យថ្នាក់ដឹកនាំសាលា ​ត្រូវបង្កើន​ការ​​យកចិត្តទុកដាក់គ្រប់គ្រង​កម្លាំងឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩។ 

លោកនាយឧត្តមសេនីយ៍បានបញ្ជាក់ថា ការអនុញ្ញាតច្បាប់ដល់យោធិនគ្រប់រូប ធ្វើបានតែក្នុងករណីមានធុរៈចាំបាច់ប៉ុណ្ណោះ ដែលមេបញ្ជាការកងឯកភាពនីមួយៗ ត្រូវពិនិត្យ និងអនុញ្ញាតក្នុងរយៈពេលសមស្រប ហើយពេលត្រឡប់មកវិញក៏ត្រូវធ្វើ​ចត្តាឡីស័កក្នុងកងឯកភាពរបស់ខ្លួនរយៈពេល២១ថ្ងៃជាកំណត់ផងដែរ។ 

បន្ថែមលើនេះ លោកអគ្គមេបញ្ជាការ ក៏បានដាក់បទបញ្ជាឱ្យកងឯកភាពនីមួយៗ​ ត្រូវត្រួតពិនិត្យរាល់កម្លាំងចេញចូលឱ្យបានច្បាស់លាស់​ ទាំងកម្លាំងចេញបេសកកម្ម ច្បាប់ ទាំងកម្លាំងទៅទិញសម្ភារៈ ម្ហូបអាហារជាដើម ដែលបញ្ហានេះត្រូវចាត់តាំងកម្លាំងនៅខាងក្រៅ​ និងខាងក្នុងឱ្យ​ដាច់​​ពី​គ្នា​ ។

ទន្ទឹមនោះនាយឧត្តមសេនីយ៍ វង្ស ពិសេន បានផ្តាំផ្ញើដល់ថ្នាក់ដឹកសាលា ត្រូវបង្កើនការអបរំ ការណែនាំអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការ ៣កុំ ៣ការពារ​ ហើយ​សូមអនុវត្តចលនានេះឱ្យបានជាប់ជាប្រចាំនៅតាមកងឯកភាពនីមួយៗ។

នៅក្នុងឱកាសចុះត្រួតពិនិត្យនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បាននាំយកសម្ភារ បរិក្ខារពេទ្យ និងថវិកាមួយចំនួនទៅឧបត្ថម្ភដល់នាយទាហាន នាយទាហានរង និងពលទាហាន ដែលកំពុងទទួលការព្យាបាល និងធ្វើចត្តាឡីស័កផងដែរ៕

ដោយ៖ សូរិយា


ចែករំលែក៖