ព័ត៌មានទាន់ហេតុការណ៍៖

រោង​ជាង​កែ​ច្នែ​ឈើ​មួយកន្លែង នៅ​ក្រុង​ច្បារមន​ ត្រូវ​អគ្គិភ័យ​លេបត្របាក់ទាំងកណ្ដាលអធ្រាត្រ

ចែករំលែក៖

ខេត្ត​កំពង់ស្ពឺ៖ ហេតុការណ៍​គ្រោះ​អគ្គីភ័យ​មួយ​ បាន​ឆាបឆេះ​រោង​ជាងកែច្នៃ​ឈើ​មួយកន្លែង ត្រង់ចំណុច​ភូមិ​រកា​ធំ សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ បង្កការភ្ញាក់ផ្អេីលឡេីងនៅវេលា​រំលង អធ្រាត្រឈានចូល​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២១​នេះ។​

បើតាមប្រភពព័ត៍មាន​ពីមន្ត្រីនគរបាល​ក្រុង​ច្បារមន បាន​ឱ្យ​ដឹងថា៖ អគ្គិភ័យ​ឆេះ​រោង​កែច្នៃ​ឈើ​នេះ មាន​ទំហំ​៨​ម៉ែត្រ គុណ​នឹង ៣០ ម៉ែត្រ ធ្វើ​អំពី​ដែក​ប្រក់​ស័ង្កសី ស្ថិតនៅ​ក្នុងភូមិ​រការ​ធំ សង្កាត់រ​ការ​ធំ ក្រុង​ច្បារមន ដែលមាន​ម្ចាស់ ឈ្មោះ យូ ស្រូ​យ ភេទ​ស្រី អាយុ​៥៣​ឆ្នាំ ឆេះ​សម្ភារៈ ម៉ាស៊ីន​តាប ៣ គ្រឿង និង​ឆេះ​សម្ភារ ឈើ​កែច្នៃ​រួច​មួយចំនួនធំ​។​

​មន្រ្តីដដែលបន្តថា​ ករណី​គ្រោះ​អគ្គិភ័យ​នេះ មិន​បណ្តាលឱ្យមាន​គ្រោះថ្នាក់​ដល់​មនុស្ស និង​មិន មាន​ឆេះ​រាលដាល ដល់ផ្ទះ​អ្នកជិតខាង​ទេ​។ នៅពេលនេះ​យើង​មិនទាន់​ដឹង ពី​មូលហេតុ នៃ​ការឆេះ​រោង​ជាង​កែច្នៃ​ឈើ ខាងលើនេះ នៅឡើយ​ទេ​។​

​គួរបញ្ជាក់ថា ក្រោយកិច្ចប្រតិបត្តិការ​កម្លាំង​អធិការដ្ឋាន​នគរបាល ក្រុង​ច្បារមន ចំនួន​១២នាក់ និង​កម្លាំង​ការិយាល័យ​អគ្គិភ័យ ខេត្តកំពង់ស្ពឺ ចំនួន​១៤​នាក់ សរុប​២៦​នាក់ ប្រើប្រាស់​រថយន្ត ពន្លត់​អគ្គិភ័យ របស់​ស្នងការដ្ឋាន​នគរបាលខេត្តកំពង់ស្ពឺ ចំនួន ៣​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន ៩ឡាន នឹងបានរលត់ទៅវិញនៅវេលា​ម៉ោង៣ ទៀបភ្លឺថ្ងៃខែឆ្នាំដដែល៕ដោយ​៖សហការី​


ចែករំលែក៖