រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Sergei Shoigu នៅថ្ងៃទី១៤ខែកក្កដាបានប្រកាសថា កម្លាំងទាហានរុស្ស៊ី បានសាកល្បងអាវុធរហូតដល់ទៅ៣២០ប្រភេទនៅក្នុងសង្គ្រាមប្រទេសស៊ីរី ។
លោក Sergei Shoigu បានបញ្ជាក់នៅក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនផលិតឧទ្ធម្ភាគចក្ររុស្ស៊ី Rostvertol ថា
«យើងបានសាកល្បងអាវុធ ៣២០ប្រភេទផ្សេងគ្នា ក្នុងនោះមានឧទ្ធម្ភាគចក្ររបស់ក្រុមហ៊ុន Rostvertol និងការវាយប្រហារពីឧទ្ធម្ភាគចក្រ»។
លោក Shoigu បានបញ្ជាក់ថា «ឧទ្ធម្ភាគចក្រដែលយើងបានមើលឃើញនៅថ្ងៃនេះគឺជាលទ្ធផលនៃសង្គ្រាមនៅក្នុងប្រទេសស៊ីរី ។ រដ្ឋមន្ត្រីរូបនេះបានបញ្ជាក់ថា អាវុធបំពាក់នៅលើឧទ្ធម្ភាគចក្រអាចវាយប្រហារទៅលើគោលដៅនៅឆ្ងាយនិងមានប្រសិទ្ធភាព ។ យើងមានអាវុធទំនើបបែបនេះគឺដោយសារតែបានចូលរួមធ្វើសង្គ្រាមក្នុងប្រទេសស៊ីរី ។
នៅថ្ងៃទី១៤ខែកក្កដា ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា «កម្លាំងទាហានរុស្ស៊ីមានអាវុធទំនើបៗជាង៧០% និងមានប្រសិទ្ធភាពវាយប្រហារចំគោលដៅជាង៧១%។ នេះជាចំនួនខ្ពស់បំផុត បើប្រៀបធៀបនឹងបណ្តាប្រទេសជុំវិញពិភពលោក»។
លោក Shoigu បញ្ជាក់ទៀតថា«បើនិយាយពីកម្លាំងបរមាណូយុទ្ធសាស្ត្រ គឺមានអាវុធទំនើបជាង៨០% ក្នុងនោះមានខែលមីស៊ីលការពារនិងមីសីុលបំពាក់ក្បាលគ្រាប់បរមាណូ៕
ដោយ៖ ធីរីណា(រូបថត៖ WIKIPEDIA)