ភ្នំពេញ៖ នាថ្ងៃព្រហស្បតិ៍ ៦ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងារអន្តរក្រសួងអនុវត្តប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស (ក.ប.អ.) បានរៀបចំដាក់ឱ្យដំណើរការប្រើប្រាស់ប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស (Global Travel Assessment System – GTAS) ជាជំហានដំបូង ដើម្បីទទួលនូវព័ត៌មានអ្នកដំណើរជាមុន (Advance Passenger Information – API) ពីក្រុមហ៊ុនអាកាសរណ៍អន្តរជាតិ Singapore Airline មកកាន់ប្រព័ន្ធ GTAS ឆ្លងកាត់តាមថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (Cambodia Data Exchange- CamDX) និងឈានទៅរៀបចំដាក់ឱ្យដំណើរការការទទួលព័ត៌មានកំណត់ត្រាឈ្មោះអ្នកដំណើរ (Passenger Name Record – PNR) នៅជំហានបន្ទាប់។
ការដាក់ឱ្យដំណើរការប្រើប្រាស់ប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស (GTAS) ជាសមិទ្ធផល ដ៏ថ្លៃថ្លាថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមគោរពតាមនិយាម និងការណែនាំរបស់អង្គការអាកាសចរស៊ីវិលអន្តរជាតិ (International Civil Aviation Organization – ICAO) និង អង្គការគយពិភពលោក (World Custom Organization – WCO) នៃអង្គការសហប្រជាជាតិ ដែលបានស្នើសុំដល់បណ្តារដ្ឋជាសមាជិក ត្រូវសហការនិងពង្រឹងលើដំណើរការគ្រប់គ្រងសន្តិសុខអ្នកដំណើរតាមផ្លូវអាកាស នៅក្នុងប្រទេស តំបន់ និងពិភពលោក។
ប្រព័ន្ធ GTAS នេះ មានភាពស៊ីចង្វាក់ទៅនឹងឧត្តមានុវត្តន៍អន្តរជាតិ ដែលមានសមត្ថភាពដូចខាងក្រោម៖
១. ទទួលយកទិន្នន័យអ្នកដំណើរជាមុនតាមផ្លូវអាកាស ពីក្រុមហ៊ុនអាកាសចរណ៍
២. ផ្ដល់ព័ត៌មានអ្នកដំណើរទៅអាជ្ញាធរមានសមត្ថកិច្ចជាមុន មុនពេលហោះហើរ ផ្អែកតាមទិន្នន័យសំបុត្រយន្តហោះ និងការផ្ដល់ព័ត៌មានអ្នកដំណើរនៅពេល Check-In
៣. ធ្វើសន្ធានកម្មទិន្នន័យ (Interface) ជាមួយប្រព័ន្ធដទៃទៀត
៤. អភិវឌ្ឍមុខងារបន្ថែមតាមតម្រូវការប្រើប្រាស់ជាក់ស្ដែង (Open Source)
៥. តាមដានរំហូរព័ត៌មានអ្នកដំណើរ និងទំនិញរបស់អ្នកដំណើរ (Passenger Luggage)
៦. ផ្ដល់ព័ត៌មានជាមុនដើម្បីវិភាគលើហានិភ័យការងារសំខាន់ៗមួយចំនួនដូចជា បទល្មើសរត់គេចពន្ធ ការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម បទល្មើសគ្រឿងញឿន និងបទល្មើសឆ្លងដែននានា។
គួរកត់សម្គាល់ថា អនុលោមតាមការសម្រេចដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រុមការងារអន្តរក្រសួងអនុវត្តប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស ត្រូវបានបង្កើតឡើង តាមរយៈសេចក្ដីសម្រេចលេខ ០៥៩ សហវ ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ដែលមានភារកិច្ចរៀបចំផែនការសកម្មភាពការងារដាក់ឱ្យ អនុវត្តប្រព័ន្ធ GTAS, រៀបចំសេចក្ដីណែនាំអនុវត្ត, ធ្វើការផ្សព្វផ្សាយនិងពិគ្រោះយោបល់ និងសហការសម្របសម្រួលជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធជាដើម។ ក្រុមការងារ ក.ប.អ. បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ និងពិគ្រោះយោបល់ស្តីពីការត្រៀមដាក់អនុវត្តប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស នៅ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ដើម្បីផ្សព្វផ្សាយបទប្បញ្ញត្តិ ពាក់ព័ន្ធនឹងដំណើរការប្រើប្រាស់ប្រព័ន្ធ GTAS ដល់ក្រុមហ៊ុនអាកាសចរណ៍ជាតិនិងអន្តរជាតិ និងភាគីពាក់ព័ន្ធ។ បន្ទាប់មក ក្រុមការងារ ក.ប.អ. បានជួបប្រជុំពិភាក្សាជាមួយក្រុមហ៊ុនគ្រប់គ្រងអាកាសយានដ្ឋាន អន្តរជាតិ (CAMS), ក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air, និងក្រុមហ៊ុនអាកាសចរណ៍ Singapore Airline ជាបន្តបន្ទាប់ ដើម្បីរៀបចំការតភ្ជាប់និងបញ្ជូនទិន្នន័យអ្នកដំណើរតាមផ្លូវអាកាស រហូតសម្រេចបានដាក់ឱ្យដំណើរការប្រើប្រាស់ប្រព័ន្ធ GTAS ដើម្បីទទួលព័ត៌មានអ្នកដំណើរជាមុន (API) ជាជំហានដំបូង នាថ្ងៃនេះ៕
ដោយ ៖ សិលា