ភ្នំពេញ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា អនុលោមតាម អនុស្សារណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក វត្ថុបុរាណខ្មែរដ៏ល្អឯកមួយទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញនាពេលខាងមុខនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈ ការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំសង្កាត់ភាគខាងត្បូងនៃក្រុងញូវយ៉ក និងការិយាល័យស៊ើបអង្កេត សន្តិសុខមាតុភូមិសហរដ្ឋអាមេរិក បានដំណើរការក្តីតុលាការទាក់ទងនឹងរូបចម្លាក់ដ៏មានតម្លៃមួយដែលត្រូវបាន គេស្គាល់ថា “ព្រះស្កន្ទគង់លើក្ងោក ដែលមានប្រភពមកពីប្រទេសកម្ពុជា។ ការិយាល័យស៊ើបអង្កេតសន្តិសុខ មាតុភូមិសហរដ្ឋអាមេរិក សហការជាមួយការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំសង្កាត់ភាគខាងត្បូងនៃក្រុង ញូវយ៉ក បានរឹបអូសយករូបចម្លាក់នេះពីម្ចាស់មុន ដែលស្ម័គ្រចិត្តប្រគល់ជូនដោយបោះបង់សិទ្ធិកាន់កាប់។ វត្ថុ បុរាណដ៏ពិចិត្រនេះត្រូវបានយកចេញពីប្រាសាទក្រចាប់ ដែលជាប្រាសាទមួយក្នុងរមណីយដ្ឋានប្រាសាទកោះកេរ អតីតរាជធានីនៃអាណាចក្រខ្មែរនៅសតវត្សរ៍ទី១០គ.ស. ប្រាសាទកោះកេរធ្លាប់ជាគោលដៅនៃការលួច ទ្រង់ទ្រាយធំអស់ជាច្រើនឆ្នាំក្នុងអំឡុងសម័យសង្គ្រាម និងអសន្តិសុខ។
លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានថ្លែងថា “រូប ចម្លាក់ព្រះស្កន្ទគង់លើក្ងោកនេះគឺជាគំរូនៃភាពច្នៃប្រឌិតដ៏គួរឱ្យស្ញប់ស្ញែងរបស់បុព្វបុរសខ្មែរយើង។ ព្រះស្កន្ទ ទេព នៃសង្គ្រាមរបស់សាសនាហិណ្ឌូ គឺកម្រមានឃើញនៅក្នុងសិល្បៈខ្មែរ ប៉ុន្តែត្រូវបានបង្ហាញរូបរាងយ៉ាងលេចធ្លោ នៅប្រាសាទក្រចាប់។ ការវិលត្រឡប់មកវិញនៃរូបចម្លាក់នេះ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការស្វែងរក និងនាំយកមកវិញនូវព្រលឹងរបស់បុព្វបុរសយើង ដែលបានចាកចេញពីមាតុភូមិកំណើតអស់រយៈពេលច្រើនឆ្នាំ កន្លងមកក្នុងអំឡុងសម័យសង្គ្រាម។ យើងខ្ញុំមានក្តីរំភើបឥតឧបមា នៅពេលដែលយើងអាចទទួលបានមកនូវវិញ សម្បត្តិវប្បធម៌ដ៏មានតម្លៃជាច្រើន ដែលត្រូវបាននាំចេញដោយខុសច្បាប់ពីប្រទេសកម្ពុជា ជាអាទិ៍ រូបចម្លាក់ព្រះ ឥសូរនិងព្រះស្កន្ទ ដែលនឹងបញ្ជូនត្រឡប់មកកម្ពុជាវិញនាពេលឆាប់ៗខាងមុខនេះ ហើយជឿជាក់ថាបានយក ចេញពីកន្លែងតែមួយជាមួយនឹងរូបចម្លាក់ព្រះស្កន្ទគង់លើលោក នៅក្នុងតួប៉មកណ្តាលនៃប្រាសាទក្រចាប់។ ការ ត្រឡប់មកវិញនៃរូបចម្លាក់ទាំងនេះ និងរបកគំហើញថ្មីៗជាបន្តបន្ទាប់ បានផ្ដល់ឱ្យប្រជាជនកម្ពុជា និងពិភពលោក នូវការយល់ដឹងកាន់តែប្រសើរថែមទៀតអំពីវប្បធម៌ និងប្រវត្តិសាស្ត្រខ្មែរបុរាណ។
លោកស្រី ភឿង សកុណា សូមថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដឹកនាំដ៏ឈ្លាសវៃ និងនយោបាយឈ្នះ ឈ្នះរបស់ សម្តេច ដែលបាននាំសន្តិភាពសម្រាប់ប្រទេសកម្ពុជា ដោយផ្ដល់ឱកាសដល់ការវិលត្រឡប់មកវិញនៃព្រលឹង បុព្វបុរសខ្មែរ ដែលបានរសាត់ចាកឆ្ងាយពីមាតុភូមិកំណើតអស់ជាច្រើនឆ្នាំមកហើយនាសម័យសង្គ្រាម។
លោកស្រី រដ្ឋមន្ត្រីក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរដោយស្មោះដល់ ការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំសង្កាត់ភាគខាងត្បូងនៃក្រុងញូវយ៉ក, ការិយាល័យស៊ើបអង្កេតសន្តិសុខ មាតុភូមិសហរដ្ឋអាមេរិក និងស្ថាប័នដែលពាក់ព័ន្ធទាំងឡាយទាំងនៅក្នុងនិងក្រៅប្រទេស ជាពិសេស ស្ថានទូត សហរដ្ឋអាមេរិកនៅភ្នំពេញ ក្រុមការងាររបស់ក្រសួង និងចំពោះលោក សុខ ពុទ្ធិវុធ ដែលបានផ្តល់ការឧបត្ថម្ភ គាំទ្រដល់ការធ្វើកំណាយនៅប្រាសាទក្រចាប់។
លោកស្រី រដ្ឋមន្ត្រីក៏បានសម្តែងនូវការកោតសរសើរជាពិសេសដល់លោក Bradley J. Gordon ជា ស្ថាបនិកនៃក្រុមហ៊ុន Edenbridge Asia និងលោក Steve Heimberg មកពីក្រុមហ៊ុន Heimberg Barr LLP។ លោកទាំងពីរបានចំណាយពេលវេលាដ៏មានតម្លៃអស់រយៈពេលជាច្រើនឆ្នាំ សហការជាមួយមន្ត្រីរបស់យើងក្នុង កិច្ចចរចានាំយកសម្បត្តិវប្បធម៌ខ្មែរត្រឡប់មកវិញ និងបានធ្វើកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារកម្ពុជា រហូតមានការរកឃើញនូវរតនសម្បត្តិខ្មែរជាច្រើន និងកំណត់បាននូវទីតាំងដើមនៃរូបចម្លាក់ព្រះឥសូរនិងព្រះស្កន្ទ និងរូបចម្លាក់ព្រះស្កន្ទគង់លើក្ងោក នៅក្នុងប្រាសាទក្រចាប់នេះ។
ជាចុងក្រោយ លោកស្រី បានបញ្ជាក់ថា “យើងពិតជាមានមោទនភាពចំពោះកិច្ចសហការរវាងរដ្ឋាភិបាល នៃប្រទេសយើងទាំងពីរ ក្នុងការចូលរួមការពារបេតិកភណ្ឌវប្បធម៌ខ្មែរ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់មនុស្ស ជាតិទូទៅ ជាពិសេសដល់កូនខ្មែរជំនាន់ក្រោយ ដែលពួកគេនឹងមានឱកាសក្នុងការសិក្សាស្វែងយល់អំពីគុណតម្ល នៃរតនសម្បត្តិទាំងនេះ ដែលជាអត្តសញ្ញាណវប្បធម៌ដ៏ខ្ពង់ខ្ពស់របស់ជាតិ និងបុព្វបុរសខ្លួន៕
ដោយ៖ សុខ ខេមរា