ខេត្តបាត់ដំបង៖ សមត្ថកិច្ចកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង ! បានធ្វើការឃាត់ខ្លួនអ្នកកាសែត ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ប្រព្រឹត្តនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ បង្ហោះតាមប្រព័ន្ធបណ្តាញសង្គម (ហ្វេសប៊ុក) ចំនូន៣លើក !
ការឃាត់ខ្លួនធ្វើឡើងនៅវេលាម៉ោង ១២និង០០នាទី ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅចំនុចភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុង/ខេត្តបាត់ដំបង។ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ កៅ ពិសិដ្ឋ ភេទប្រុស អាយុ៣២ ឆ្នាំ មុខរបរ អ្នកសាព័ត៌មាន ទីលំនៅ ភូមិដូចខាងលើ។ ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ប្រព្រឹត្តនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ បង្ហោះតាមប្រព័ន្ធបណ្តាញសង្គម (ហ្វេសប៊ុក) ។
សមត្ថកិច្ចបានបញ្ជាក់ថា, វត្ថុតាងចាប់យករួមមាន ៖
១- ទូរស័ព្ទចំនួន ០៣ គ្រឿង
២-ឡានចំនួន ០១ គ្រឿង
៣-បណ្ណព័ត៌មានចំនួន ០១ សន្លឹក
ជនសង្ស័យនិងវត្ថុតាងកំពុងឃាត់នៅការិយាល័យជំនាញ ដើម្បីបន្តនីតិវិធី។
សូមបញ្ជាក់ថា, យោងលើខ្លឹមសារដែលអ្នកកាសែតឈ្មោះ កៅ ពិសិដ្ឋ បានសរសេរបង្ហោះនៅក្នុងបណ្ដាញសង្គមចំនួន០៣លើក នៅក្នុងអាក់ខោនឈ្មោះ « Kouv Piseth » ដែលសមត្ថកិច្ចតាមដានទទួលបាន គឺ;
-ទី១ នៅក្នុងអំឡុងខែឧសភា កន្លងទៅ ខណៈពេលដែលរាជរដ្ឋាភិបាល ប្រកាសហាមមិនឲ្យផឹកស៊ី ឬថតបង្ហោះតាមបណ្ដាញសង្គម បែរជាជននេះផឹកស៊ីថតបង្ហោះផ្គើននឹងបំរាមនេះ ។ -ទី២ ក្នុងអំឡុងពេលថ្មីៗនេះ អាក់ខោនដដែលបានជួបជុំមិត្តភក្ដិផឹកស៊ីថតបង្ហោះ អមដោយខ្លឹមសារ «ពួកខ្ញុំមិនគាំទ្រទេ ការកាន់អំណាចរបស់បក្សប្រជាជន ចុះចេញទៅ ពួកខ្ញុំក្មេងជំនាន់ក្រោយ ពួកខ្ញុំមិនគាំទ្រទេ ចុះចេញទៅ»
-និងទី៣ អាក់ខោននេះ ក៏បានបង្ហោះរូបភាពផ្ដុំគ្នាផឹកស៊ីបង្ហាញកំប៉ុងស្រាបៀរដូចមុខៗដែរ តែក្លែមខ្លឹមសារហាក់ចាស់ដៃជាងមុន។ ខ្លឹមសារនោះសរសេរយ៉ាងដូច្នេះថា « ពួកខ្ញុំទាំង៣នាក់ សូមសំណូមអោយសហគមន៍អន្តរជាតិ ចាត់ការមកលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយសូមអោយអន្តរជាតិ កាត់ផ្ដាច់ជំនួយទាំងអស់»។
ប្រភពពីមន្ត្រីកងរាជអាវុធហត្ថបានឲ្យដឹងថា ឈ្មោះ កៅ ពិសិដ្ឋ បានបង្ហោះខ្លឹមសារវាយប្រហាររដ្ឋាភិបាលជាបន្តបន្ទាប់ ច្រើនលើកច្រើនសារហើយ តែធ្វើឲ្យប៉ះពាល់ប្រមុខរាជរដ្ឋាភិបាលធ្ងន់ធ្ងរបំផុត ការប្រព្រឹត្តចុងក្រោយនេះ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១។ មិនតែប៉ុណ្ណោះ ជននេះបានបំផុសបំផុល និងព្យាយាមរារាំងមិនឲ្យអ្នកស្រុកទៅចាក់ថ្នាំវ៉ាក់សាំង បង្ការកូវីដ-១៩ទៀតផង។ ដែលប្រជាពលរដ្ឋស័គ្រ្មចិត្តចាក់ក្នុងក្របខ័ណ្ឌទូទាំងប្រទេសនោះ។
ជាមួយនឹងការឃាត់ខ្លួនអ្នកកាសែត ដែលសំបូររឿងអាស្រូវរូបនេះ សមត្ថកិច្ចបានដកហូតនូវវត្ថុតាងមួយចំនួនដូចជា ទូរស័ព្ទដៃដែលប្រើប្រាស់អាខោនហ្វេសប៊ុកបង្ហោះខ្លឹមសារវាយប្រហារថ្នាក់ដឹកនាំ រថយន្តម៉ាកកាមរី ស៊េរីឆ្នាំ៨៩ ពណ៌ស០១គ្រឿង និងប័ណ្ណសារព័ត៌មាន០១សន្លឹក។ ទោះយ៉ាងណា ជនសង្ស័យឈ្មោះ កៅ ពិសិដ្ឋ និងវត្ថុតាង ត្រូវបានមន្ត្រីការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី។
សូមបញ្ជាក់ផងដែរថា, ក្នុងនាមជាអ្នកកាសែត ត្រូវសរសេរតែការពិត មិនត្រូវដើរតួនាទី បំផុសបំផុលបង្កើតព័ត៌មានគ្មានការពិត បំផ្លើសក្នុងសង្គម ធ្វើឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំនោះឡើយ។ ការប្រព្រឹត្តរបស់ជនសង្ស័យខាងលើ ជាចេតនាទុច្ចរិត អាចបម្រើឲ្យនិន្នាការនយោបាយ អោយក្រុមពួកប្រឆាំង ក៏ដូចជាបម្រើឱ្យក្រុមបរទេសប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា៕
ដោយ៖ សុខ ខេមរា