ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បានស្លាប់បាត់បង់អាយុជីវិត ខណៈធ្លាក់ពីលើអគារ ពីជាន់ទី២៩ ដែលមានឈ្មោះថា Sky line

ចែករំលែក៖

ភ្នំពេញ ៖ បុរសជនជាតិបរទេសម្នាក់បានធ្លាក់ពីលើអគារមួយកន្លែង មានឈ្មោះថា Sky line ពីជាន់ទី២៩មក រហូតបណ្តាលឱ្យស្លាប់បាត់បង់អាយុជីវិតភ្លាមៗ ដោយមិនទាន់ដឹងថា ជាករណីឃាតកម្ម ឬ ជាករណីធ្វើអត្តឃាតនោះទេ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧ និង ០០នាទីព្រឹក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវលេខ១៣៤ ត្រង់ចំណុច សណ្ឋាគារ Sky line ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សពជនរងគ្រោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយនោះទេ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសជនជាតិបរទេសម្នាក់ បានធ្លាក់ពីសណ្ឋាគារមួយកន្លែង ដែលមានឈ្មោះថា Sky line ពីកម្ពស់២៩ ជាន់មក រហូតមកដល់ដីស្លាប់ភ្លាមៗតែម្តង ដោយមិនទាន់ដឹងថាជា ករណីឃាតកម្ម ឬ ជាករណីធ្វើអត្តឃាត នោះទេ រហូតបង្កភាពភ្ញាក់ផ្អើលដល់សន្តិសុខសណ្ឋាគារ និង ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងកើតហេតុយ៉ាងខ្លាំង។

ប្រភពព័ត៌មានបន្តទៀតថា បន្ទាប់ពីបុរសជនជាតិនោះបានធ្លាក់មកដល់ដីស្លាប់ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមទាំងកម្លាំងជំនាញ ផ្នែកពិនិត្យកោសល្យវិច័យ បានចុះមកដល់ទីតាំងកើតហេតុ រួចពិនិត្យទៅលើសាកសព និង ស៊ើបអង្គេត ដើម្បីរកមូលហេតុនៃរឿងរ៉ាវ ដែលធ្វើឱ្យបុរសជនជាតិបរទេសម្នាក់នេះធ្លាក់មកដូច្នេះ។

បច្ចប្បន្នកម្លាំងសមត្ថកិច្ចកំពុង តាមរកមូលហេតុនៃការធ្លាក់របស់ជនរងគ្រោះ ចំណែកសាកសពត្រូវបានយកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យដើម្បីស្វែងរកក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖